កុំភ្លេច ! ភ្នំពេញក្រោន ប្រកួតជាមួយ DH Cebu របស់ហ្វីលីពីន នៅ AFC Cup យប់នេះ
(បាល់ទាត់)៖ នាវេលាម៉ោង ៧យប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមសឹងក្រហមភ្នំពេញក្រោន របស់កម្ពុជា នឹងត្រូវជួបក្រុម Dynamic Herb Cebu FC របស់ ហ្វីលីពីន ក្នុងជំនួបបើកឆាកពូល F នៃពានរង្វាន់ AFC Cup 2023/24 នៅកីឡដ្ឋាន Rizal Memorial ប្រទេសហ្វីលីពីន។
យ៉ាងណាមុនជំនួបមកដល់យប់នេះ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បានបង្ហាញសុទិដ្ឋិនិយមថា កូនក្រុមរបស់ខ្លួន នឹងអាចដណ្ដើមបាន ៣ពិន្ទុត្រឡប់មកផ្ទះវិញ ជាក់ជាមិនខាន។
លោក Oleg ធ្លាប់បានគូសបញ្ជាក់មុនចាកចេញពីកម្ពុជាថា AFC Cup គឺជាពានដ៏សំខាន់ ដូច្នេះលោកបានត្រៀមខ្លួនជាស្រេច សម្រាប់ការប្រកួតបើកឆាកចែកពូលជាមួយក្រុម DF Cebu FC នៅរាត្រីថ្ងៃព្រហស្បត្តិ៍នេះ ដើម្បីស្វែងរកជ័យជម្នះក្នុងការប្រកួតដំបូងរបស់ខ្លួន។
គួរបញ្ជាក់ថា ការប្រកួតវគ្គចែកពូល នៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ ភ្នំពេញក្រោន គឺស្ថិតក្នុងពូល F ជាមួយក្រុម Macarthur FC របស់អូស្ដ្រាលី, ក្រុម Dyanamic Herb Cebu FC របស់ហ្វីលីពីន និងក្រុម Shan United របស់មីយ៉ាន់ម៉ា ។
គួររំលឹកថា មុនឈានដល់ការប្រកួតវគ្គនេះ ភ្នំពេញក្រោន បានឆ្លងកាត់ការប្រកួតជម្រុះ ២ដំណាក់កាល ពោលគឺបានយកឈ្នះ Young Elephants FC របស់ឡាវ ដោយ លទ្ធផល ៣-០ ក្នុងវគ្គជម្រុះបឋម(Preliminary Stage) និងបន្ដយកឈ្នះ Tampines Rover FC របស់សិង្ហបុរី ៣-២ ក្នុងវគ្គ Play-Off ៕