Close

លោក Luis Enrique និយាយថា PSG មិនផ្ដោតលើការឈ្នះ Champions League ពេកនោះទេ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ កីឡា
លោក Luis Enrique និយាយថា PSG មិនផ្ដោតលើការឈ្នះ Champions League ពេកនោះទេ លោក Luis Enrique និយាយថា PSG មិនផ្ដោតលើការឈ្នះ Champions League ពេកនោះទេ

(បាល់ទាត់)៖ អ្នកចាត់ការទូទៅក្រុម PSG លោក Luis Enrique បាននិយាយនៅមុនថ្ងៃនៃការប្រកួតវគ្គចែកពូលក្របខ័ណ្ឌ UCL ជាមួយក្រុម Borussia Dortmund ថា ការស្រមើស្រមៃចង់ឈ្នះពាន Champions League នឹងធ្វើឱ្យ Paris St Germain ឈឺចាប់។

ជាការពិតណាស់ PSG គឺជាក្លឹបដែលជោគជ័យបំផុតនៅក្នុងប្រទេសបារាំង ចាប់តាំងពីក្រុមហ៊ុន Qatar Sports Investments ចូលគ្រប់គ្រងក្នុងឆ្នាំ ២០១១ ដោយបានឈ្នះពានរង្វាន់លីកចំនួន ៩ដង។ មិនតែប៉ុណ្ណោះ ពួកគេក៏បានទទួលជោគជ័យក្នុងការប្រកួតពានរង្វាន់ក្នុងស្រុកផ្សេងទៀតផងដែរ ប៉ុន្តែនៅតែបរាជ័យក្នុងការឈ្នះពានរង្វាន់ Champions League ទោះបីជាពួកគេមាន Messi, Neymar និង Mbappe ក៏ដោយ។

នៅយប់នេះ PSG នឹងចាប់ផ្តើមដំណើរស្វែងរកពានរង្វាន់ដ៏លំបាករបស់ពួកគេឡើងវិញ ដោយទទួលក្រុមខ្លាំងមកពីអាល្លឺម៉ង់ Dortmund ក្នុងការប្រកួតបើកឆាក មុនប៉ះជាមួយ Newcastle United និង AC Milan នៅប្រកួតបន្ទាប់។

លោក Luis Enrique បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃច័ន្ទ មុនការប្រកួតនៅ Parc des Princes យ៉ាងដូច្នេះថា ៖« នៅពេលដែលក្លឹបមួយកំពុងឈ្លក់វង្វេងនឹងអ្វីមួយ វាមិនមែនជាសញ្ញាល្អនោះទេ។ អ្នកត្រូវតែមានមហិច្ឆតា ប៉ុន្តែអ្នកត្រូវរង់ចាំមើលថាតើ ការប្រកួតនឹងទៅជាយ៉ាងណា បាល់ទាត់គឺជាកីឡាដ៏អស្ចារ្យ លទ្ធផលបែបណាក៏អាចកើតឡើងបានដែរ»។

អតីតអ្នកចាត់ការរបស់ Barcelona រូបនេះ បានបន្តថា៖« ពេលខ្លះ ក្រុមរបស់អ្នកលេងបានយ៉ាងល្អ ប៉ុន្តចាញ់ ហើយពេលខ្លះទៀត ក្រុមរបស់អ្នកលេងមិនសូវបានល្អនោះទេ ប៉ុន្តែបែរជាឈ្នះ។ ក្នុងនាមក្លឹបមួយ យើងលេងការប្រកួតទាំងអស់ ដើម្បីឈ្នះ នោះហើយទើបជាគោលបំណង»។

គួរបញ្ជាក់ថា PSG ក្រោមការដឹកនាំរបស់លោក Luis Enrique កំពុងឈរនៅលេខរៀងទី៥ ក្នុងតារាង Ligue 1 មាន ៨ពិន្ទុ បន្ទាប់ពីការប្រកួតចំនួន៥ ឈ្នះ២ ស្មើ ២ និងចាញ់ ១ប្រកួត៕

 

អត្ថបទទាក់ទង