កសិករ ៤ រូប នៅឧត្តរមានជ័យអនុវត្តដាំស្រូវពូជចំប៉ីស ៧០ កំពុងទទួលបានទិន្នផលខ្ពស់
ឧត្តមមានជ័យ ៖ កសិករ ៤ រូបនៅខេត្តឧត្តរមានជ័យ បាន និងកំពុងអនុវត្តដាំស្រូវពូវចំប៉ីស ៧០ ដែលជាពូជស្រូវក្រអូបប្រើពេលត្រឹមតែ ៣ខែក្នុងការដាំដុះកំពុងទទួលបាននូវទិន្នផលខ្ពស់គួរជាទីឲ្យកត់សម្គាល់។
កសិករ ម៉ុន ហៃ រស់ នៅភូមិក្រសាំង ឃុំបុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បាន និងកំពុងអនុវត្តដាំពូជពូជចំប៉ីស៧០ ដោយទទួលទិន្នផលស្រូវក្នុងដី ១ហិកតា ស្រូវសើមស្មើនឹង ៤,២៣០គីឡូក្រាម គិតជាស្រូវស្ងួតទទួលបានទិន្នផល ស្មើនិង ៣,៨៤៩គីឡូក្រាម។
ចំពោះស្រូវពូជចំប៉ីស៧០ តាមការចុះពិនិត្យរបស់មន្ត្រីជំនាញបានបង្ហាញថាស្រូវពូវចំប៉ីស ៧០ របស់គាត់មានកំពស់ដើម ពី ១០៥-១១៥ សង់ទីម៉ែត្រ និង ចំនួនដើមបែកអោយផលចន្លោះពី០៩-១៥ដើម។ រីឯប្រវែងកួរ ចន្លោះពី ២៦-៣០ សង់ទីម៉ែត្រ និងចំនួនគ្រាប់ ចន្លោះពី ១០០-១៦៤គ្រាប់។
កសិករ ម៉ុន ហៃ បានចាប់ផ្តើមច្រូតជាបណ្តើរៗនៅកន្លែងដែលទុំអាចច្រូតបាន ខណៈដែលកសិករ រឿន សារៀម រស់នៅភូមិបុស្បូវ សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបាន និងកំពុងអនុវត្តដាំស្រូវពូវចំប៉ីស ៧០ដែរនោះ ត្រូវបានមន្រ្តីជំនាញពិនិត្យឃើញថា ស្រូវរបស់គាត់កំពុងស្ថិតនៅដំណាកកាលដាក់ម្ស៉ៅ និងទុំ ហើយចំនួនដើមបែកអោយផល ចន្លោះពី ១២-១៩ដើម ដែលប្រហែល ១សប្តាហ៍ទៀត អាចច្រូតប្រមូលបាន។
ជាមួយគ្នានេះ កសិករ សក់ យូន នៅភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោងដែរនោះគឺ ស្រូវរបស់គាត់ក៏កំពុងស្ថិតនៅដំណាកកាលផើម និងលូតលាស់ល្អ ខណៈចំនួនដើមបែកអោយផល ចន្លោះពី ០៩-១៧ដើម។ បើមិនមានអ្វីប្រែប្រួលទេ ប្រហែល ១សប្តាហ៍ទៀត ស្រូវចេញកួរ ។
ដោយឡែក កសិករ លួ ស៊ី រស់នៅភូមិបន្ទាយជ័រ ឃុំពង្រ ស្រុកចុងកាល់ដែលបាននឹងកំពុងអនុវត្តដាំស្រូវពូជចំប៉ីស ៧០ នេះ លើផ្ទៃដី០.៥ហិកតា។ តាមរយៈការស្ទង់របស់មន្ត្រីជំនាញ ទិន្នផលស្រូវសើមទទួលបាន ៣,១០០ គីឡូក្រាម/ហិកតា ខណៈ ទិន្នផលស្រូវស្ងួតទទួលបាន ២,៨៥០ គីឡូក្រាម/ហិកតា។
ចំពោះ ចំនួនដើមបែកគុម្ព ចន្លោះពី៨ទៅ១២ដើម និងកំពស់ដើមស្រូវ ចន្លោះ១០០-១១៥សង់ទីម៉ែត្រ
ខណៈ ប្រវែងកួ ចន្លោះពី ២២ ទៅ២៦ សង់ទីម៉ែត្រ ដែលមាន ចំនួនគ្រាប់ស្រូវក្នុងមួយគួរ ចន្លោះពី ១០៥ទៅ ១៦០គ្រាប់។
ពូជចំប៉ីស៧០ គឺជាពូជស្រូវក្រអូបដែលប្រើពេលត្រឹមតែ ៣ខែក្នុងការដាំដុះនិងប្រមូលផល។ ស្រូវនេះ គឺជាប្រភេទពូជស្រូវមិនប្រកាន់រដូវ ព្រមទាំងធន់នឹងការប្រែប្រួលអាកាសធាតុ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។ កសិករអាចដាំដុះពូជចំប៉ីស៧០ បានពី២ ទៅ៣ដងក្នុង១ឆ្នាំ ដែលនាំឱ្យមានកំណើនផលិតកម្ម និងបរិមាណផល។
ពូជស្រូវប្រភេទថ្មីនេះ ក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយបន្ទុកដើមទុនសម្រាប់ការដាំដុះ ការចំណាយលើការទុកដាក់ស្រូវ និងការបាត់បង់ក្រោយពេលប្រមូលផល។
កាលពីអំឡុងខែមេសា ឆ្នាំ២០២៣ លោក ចាស្ទីន វ៉ាយអេត (Justin Whyatt) ឯកអគ្គរាជទូត អូស្ត្រាលីប្រចាំប្រទេសកម្ពុជា និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរួមគ្នាច្រូតស្រូវ និងដាក់ឱ្យប្រើប្រាស់នូវពូជស្រូវចំប៉ីស៧០ ក្នុងទិវាច្រូតស្រូវ ចំប៉ីស៧០ នៅ CARDI។
លោក ឌិត ទីណា បានឱ្យដឹងថា ពូជស្រូវ ចំប៉ីស៧០ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការពិពិធកម្មផលិកម្មអង្ករក្រអូប និងការនាំចេញអង្ករក្រអូបទៅកាន់ទីផ្សារអន្តរជាតិ ដែលធ្វើឱ្យជីវភាពរបស់ប្រជាកសិករកម្ពុជាកាន់តែប្រសើរឡើង។
ជាមួយគ្នានេះ លោក ចាស្ទីន វ៉ាយអេត (Justin Whyatt) បានបង្ហាញមោទកភាព ដែលបានគាំទ្រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិទ្យាស្ថានស្រាជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ក្នុងការបង្កើតពូជស្រូវចំប៉ីស៧០នេះ។
លោកសង្ឃឹមថា កសិករទូទាំងប្រទេសកម្ពុជា នឹងដាំដុះពូជស្រូវចំប៉ីស៧០នេះ ដើម្បីផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក និងអន្តរជាតិ រួមទាំងទីផ្សារប្រទេសអូស្ត្រាលីផងដែរ។
ចំណែក លោក ឡោ ប៊ុណ្ណា នាយក CARDI បានលើកឡើងថា ពូជស្រូវមួយនេះ ពិតជាមានគុណប្រយោជន៍ខ្លាំងណាស់សម្រាប់កសិករ និងពាណិជ្ជករ។ វាអាចជួយកសិករក្នុងការកាត់បន្ថយការចំណាយ និងកម្លាំងក្នុងការថែទាំស្រែរបស់ពួកគេ។ ដោយសារតែវាជាប្រភេទពូជស្រូវមិនប្រកាន់រដូវ ពាណិជ្ជករអាចទិញស្រូវចំប៉ីស៧០ បានពេញមួយឆ្នាំតែម្តង»៕