Close

Forbes គណនាឃើញចំណាយសរុបរបស់រុស្សីក្នុងសង្គ្រាមនៅអ៊ុយក្រែន

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
Forbes គណនាឃើញចំណាយសរុបរបស់រុស្សីក្នុងសង្គ្រាមនៅអ៊ុយក្រែន Forbes គណនាឃើញចំណាយសរុបរបស់រុស្សីក្នុងសង្គ្រាមនៅអ៊ុយក្រែន

បរទេស៖ជម្លោះជាមួយនឹងប្រទេសអ៊ុយក្រែនក្នុងរយៈពេលមួយឆ្នាំកន្លះរបស់ប្រទេសរុស្ស៊ីបានចំណាយប្រាក់ប្រហែលសរុបដល់ទៅ ១៦៧,៣ពាន់លានដុល្លារអាមេរិក ហើយដែលក្នុងនោះសព្វាវុធនិងឧបករណ៍យោធាដែលត្រូវបានបំផ្លាញដោយកងកម្លាំងយោធាអ៊ុយក្រែនមានទំហំដល់ទៅ៣៤ពាន់លានដុល្លារ។

ជាតួលេខដែលត្រូវបានរកឃើញដោយ Forbes តាមរយៈការធ្វើការជាមួយនឹងក្រុមមេបញ្ជាការយោធាអ៊ុយក្រែនក្នុងការគណនាហើយក្នុងនោះកាសែតមួយនេះក៏បានរកឃើញដែរថារុស្សីត្រូវចំណាយលុយគិតជាទឹកប្រាក់ប្រមាណជា៣០០លានដុល្លារជារៀងរាល់ថ្ងៃក្នុងសង្គ្រាមប្រឆាំងទៅនឹងប្រទេសអ៊ុយក្រែន។

ការចំណាយលើវិស័យយោធានេះគឺជាការចំណាយដោយផ្ទាល់សម្រាប់តែប្រតិបត្តិការនេះប៉ុណ្ណោះ របស់រុស្ស៊ីក្នុងរយៈពេល ១៨ខែចាប់តាំងតែពីការកកើតសង្រ្គាមពោលគឺចាប់ពីថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០២២ដល់ថ្ងៃទី២៤ខែសីហា ឆ្នាំ២០២៣ប៉ុន្តែទោះបីជាយ៉ាងណាក្តីការប៉ាន់ប្រមាណនេះមិនរាប់បញ្ចូលការចំណាយលើវិស័យការពារជាតិដែលមិនទាក់ទងទៅនឹងប្រតិបត្តិការយោធានៅអ៊ុយក្រែន ក៏ដូចជាការខាតបង់សេដ្ឋកិច្ចរបស់ប្រទេសរុស្សីនោះទេ។

ក្នុងនោះប្រភពដដែលបានសរសេរទៀតថាការចំណាយធំបំផុតរបស់រុស្សីគឺមានដូចជា ការធានាប្រតិបត្តិការយោធា ៥១,៣ ពាន់លានដុល្លារ ប្រាក់បៀវត្សរ៍របស់ទាហាន ៣៥,១ ពាន់លានដុល្លារ សំណងដល់គ្រួសារអ្នកស្លាប់ ២៥,៦ ពាន់លានដុល្លារ របួស ២១ពាន់លានដុល្លារនិងទំហំសព្វាវុធដែលត្រូវបានបំផ្លាញ៣៤ពាន់លានដុល្លារ។

គួរឲ្យដឹងដែរថាដោយសារតែការធ្លាក់ចុះយ៉ាងឆាប់រហ័សនៃប្រាក់រូបិយវត្ថុរុស្សី Ruble វាបានធ្វើឲ្យការចំណាយ របស់ទាហានរុស្ស៊ីសម្រាប់ថវិកាដោយរដ្ឋាភិបាលសហព័ន្ធរុស្ស៊ីបានថយចុះយ៉ាងខ្លាំងដោយកាលពីឆ្នាំ២០២២ការទូទាត់សរុបសម្រាប់ទាហានម្នាក់មានប្រហែល២០០ដុល្លារអាមេរិកក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្នយោធារុស្សីបានទទួលត្រឹមតែ១២០ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ៕
https://www.yahoo.com/news/russia-already-spent-over-us-202239481.html

អត្ថបទទាក់ទង