Close

រដ្ឋមន្ត្រីកសិកម្មចុះសិក្សាពីតំបន់ប៉ូលសេដ្ឋកិច្ចទី៤ សំដៅជំរុញការផលិតឱ្យមានស្តង់ដារ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្មចុះសិក្សាពីតំបន់ប៉ូលសេដ្ឋកិច្ចទី៤ សំដៅជំរុញការផលិតឱ្យមានស្តង់ដារ រដ្ឋមន្ត្រីកសិកម្មចុះសិក្សាពីតំបន់ប៉ូលសេដ្ឋកិច្ចទី៤ សំដៅជំរុញការផលិតឱ្យមានស្តង់ដារ

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីពេលថ្មីៗនេះបានបន្តបេសកកម្ម ចុះពិនិត្យស្ថានភាពកសិកម្ម និងស្វែងយល់ពីតំបន់ប៉ូលសេដ្ឋកិច្ចទី៤ នៅខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានចុះពិនិត្យច្រកព្រំដែនអន្តរជាតិម៉ាឡៃ ដើម្បីសិក្សាស្ថានភាពជាក់​ស្តែងនៃការនាំចេញនាំចូលទំនិញកម្ពុជា-ថៃ ហើយស្ទើរ ៨០% ជាផលិតផលកសិកម្ម ដូចជាដំឡូង ពោត និងមៀនជាដើម។

ដើម្បីធានាឱ្យការផលិត និងនាំចេញកាន់តែមានភាពល្អប្រសើរ ឯកឧត្តម ឌិត ទីណា បានណែនាំ និងលើកទឹកចិត្តឱ្យកសិករធ្វើការនាំចេញផលិតផលកសិកម្មផ្លូវការ ដើម្បីមានការត្រួតពិនិត្យ​ច្បាស់លាស់ ទើបអាចទទួលបានតម្លៃបន្ថែមខ្ពស់។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានចុះទស្សនកិច្ចទៅកាន់កសិដ្ឋានសិរិ ដែលជាកន្លែងផលិត​និងកែច្នៃមៀនខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីស្ថានភាព និងដំណើរការជាក់ស្តែង។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំជំរុញឱ្យមានការផ្សព្វផ្សាយបន្ថែម ហើយការផលិតត្រូវគិត​គូលើ​រសជាតិ គុណភាពនិងសុវត្ថិភាព និងទំនុកចិត្ត ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។

ជាដំណោះស្រាយ ឯកឧត្តមរដ្ឋមន្ត្រីបានជួបជាមួយប្រធានមន្ទីរខេត្ត និងបានជំរុញឱ្យមន្ត្រីកសិកម្ម យកចិត្តទុកដាក់កាន់តែខ្លាំងជាមួយប្រជាពលរដ្ឋ តាមរយពលរដ្ឋ តាមរយៈការចុះមូលដ្ឋានផ្ទាល់។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា តួនាទីនិងភារកិច្ចមន្ត្រីកសិកម្ម គឺជួយកសិករឱ្យចំគោលដៅ ផលិតឆ្លើយតបនឹងតម្រូវការទីផ្សារ ដើម្បីធានាឱ្យបាននូវស្ថិរភាពផ្គត់ផ្គង់និងតម្លៃល្អ នាំឱ្យកសិករ​បានចំណូល មានចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ និងជួយឱ្យកម្ពុជា​ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ទន្ទឹមនឹងនេះដែរ ត្រូវយកចិត្តទុកដាក់ការពារបង្ការ និងទប់ស្កាត់បទល្មើសជលផល ព្រៃឈើ និងការទន្ទ្រានដីព្រៃឈើឱ្យមានប្រសិទ្ធភាព។
បន្ទាប់ពីជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រីបានចុះពិនិត្យព្រំដែនអន្តរជាតិ ដើម្បីស្វែងយល់ពី​ស្ថានភាព និងដំណើរការនាំចេញនាំចូលផលិតផលកសិកម្ម។

មុននឹងបញ្ចប់បេសកកម្មថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រី បានចុះទស្សនកិច្ចមជ្ឈមណ្ឌលផលិតកកម្ម និងកែច្នៃគ្រាប់ពូជស្រូវអាងពោធិ៍ ដើម្បីពិនិត្យឧបករណ៍ ឡសំងួត និងដំណើរការនៃការកែច្នៃ​ផលិតគ្រាប់ពូជស្រូវសុទ្ធ និងមានគុណភាពសម្រាប់បម្រើសេចក្ដីត្រូវការរបស់ប្រជាកសិករ៕

អត្ថបទទាក់ទង