Close

មុខរបរដាំជីរណា ងាយស្រួលថែទាំ និងមានតម្រូវការទីផ្សារខ្ពស់

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ សង្គម
មុខរបរដាំជីរណា ងាយស្រួលថែទាំ និងមានតម្រូវការទីផ្សារខ្ពស់ មុខរបរដាំជីរណា ងាយស្រួលថែទាំ និងមានតម្រូវការទីផ្សារខ្ពស់

ជីរណាជាប្រភេទបន្លែសម្រាប់ធ្វើជាគ្រឿងទេស ដែលគេនិយមប្រើប្រាស់កាត់ក្លិនឆ្អាបនៅលើមុខម្ហូបដូចជា ស៊ុប បរបរ និងសម្លជាដើម។ ប៉ុន្តែមិនសូវជាមានមនុស្សច្រើនទេ ដែលដឹងថា ជីរណាមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព។ មិនត្រឹមតែប៉ុណ្ណោះ ជីរណាក្នុងពេលបច្ចុប្បន្នក៏មានទីផ្សារល្អ ហើយការដាំដុះ និងថែទាំវិញក៏មានភាពងាយស្រួលទៀតផង។ នេះបើតាមការបញ្ជាក់របស់លោក ថាវ សុផាត ដែលជាកសិករដាំដុះជីរណា​នៅ​ក្នុងសហគមន៍តាសី​សាមគ្គី ស្ថិតក្នុងខេត្តបាត់ដំបង។

ក្រៅពីការងារដាំដុះ លោក ថាវ សុផាត គឺជាគ្រូបង្រៀនមួយរូប ហើយពេលទំនេរពីការងា រ​លោកចូលរួមដាំដុះលើផ្ទៃដីសហគមន៍ ដើម្បីបង្កើនចំណូលឱ្យសហគមន៍ជារួម។ ដោយឡែក ក្នុងចំណោមដំណាំជាច្រើនប្រភេទ ជីរណាគឺជាដំណាំអាទិភាពមួយ ដែលសហគមន៍របស់លោកផ្ដោតជាសំខាន់។

លោក ថាវ សុផាត បានរៀបរាប់ថា ការដាំដុះគឺងាយស្រួលណាស់ ដោយកសិករគ្រាន់តែយកដីស្រែ ដែលសម្អាតស្មៅរួចរាល់ និងបំបែកឱ្យម៉ដ្ឋទៅលាយជាមួយនឹងជីសរីរាង្គ ហើយយកដីទាំងនោះ​ទៅចាក់ឱ្យក្លាយជាទួលមួយដើម្បីដាំដុះចៀសវាងការលិចទឹក។ សម្រាប់ដំណាំប្រភេទនេះដែរ កសិករត្រូវធ្វើរោងសំណាញ់ប្រក់ពីលើ ដោយហេតុថាវាក៏មិនទាមទារពន្លឺថ្ងៃ១០០%ដែរ។

ក្រោយរៀបចំដីរួចរាល់ហើយ កសិករគ្រាន់តែរៀបចំប្រព័ន្ធស្រោចស្រព និងព្រោះគ្រាប់ពូជជាការ​ស្រេច។ ប៉ុន្តែក្នុងករណីដែលកសិករធ្លាប់ដាំដុះដំណាំនេះពីមុនមក ពួកគេអាចរក្សាទុកដើមដើម្បីធ្វើពូជតែម្ដង ដែលអាចកាត់បន្ថយការចំណាយលើថ្លៃគ្រាប់ពូជ។

សម្រាប់ការថែទាំវិញ លោកបានឱ្យដឹងថា កសិករមិនសូវជាចុះទឹកច្រើននោះទេ ដោយមួយថ្ងៃទៅ ២ថ្ងៃទើបស្រោចទឹកម្ដង។ ម្យ៉ាងទៀត ជីរណាក៏មិនសូវមានសត្វល្អិត ឬជំងឺដែលយាយីការលូតលាស់ របស់វាដែរ។

យ៉ាងណាមិញ សម្រាប់ការដាំដុះរបស់លោកនៅក្នុងសហគមន៍គឺអាចប្រមូលផលបានបន្ទាប់ពីដាំដុះបាន៣ខែ ហើយក្នុងមួយថ្ងៃអាចកាត់បានដល់ទៅ ៣០០គីឡូក្រាមឯណោះ។

លោកបានរៀបរាប់យ៉ាងដូច្នេះថា ៖ «ក្នុងមួយថ្ងៃ យើងអាចកាត់បាន ៣០០គីឡូ ដោយអាចប្រមូល​១សប្ដាហ៍ជាប់គ្នាទៅ ពេលអស់យើង រង់ចាំ១កន្លះអី យើងអាចប្រមូលផលបានជាលើកទី២ និយាយរួមគឺសាបព្រោះគ្រាប់ពូជត្រឹមតែម្ដង អាចប្រមូលផល បានពី ១០ ទៅ១២ដងទើបអស់»។

សម្រាប់ការលក់ចេញវិញគឺមានតម្លៃពី ២,៥០០ ទៅ ៣,០០០រៀលក្នុងមួយគីឡូក្រាម ដែលសហគមន៍របស់លោកលក់ចេញទៅកាន់ទីរួមខេត្តបាត់ដំបងផង និងបណ្ដាខេត្តជិតៗនោះផង។ តាមរយៈបទពិសោធន៍របស់លោកបែបនេះ លោកលើកទឹកចិត្តឱ្យកសិករផ្សេងទៀតដែលមានដីនៅទំនេរ ហើយមិនដឹងថាដាំដំណាំអ្វី អាចសាកល្បងដាំជីរណានេះបាន។

យ៉ាងណាមិញ ជីរណានេះក៏មានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពផងដែរ ដោយវាមានក្លិនឈ្ងុយ និងអាចជួយដោះស្រាយបញ្ហាដែលមាននៅក្នុងខ្យល់ដង្ហើម។ ការបរិភោគជីរណានេះ អាចជួយកាត់ បន្ថយក្លិនមាត់ទៀតផង មិនត្រឹមតែប៉ុណ្ណោះ វាក៏មានលទ្ធភាពជួយកាត់បន្ថយកម្រិតជាតិស្កនៅក្នុងឈាមផងដែរ៕

អត្ថបទទាក់ទង