Close

រដ្ឋមន្ត្រីកសិកម្ម ចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងនៃស្ថានភាពស្រូវ អង្ករនៅខេត្តបាត់ដំបង

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ សង្គម
រដ្ឋមន្ត្រីកសិកម្ម ចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងនៃស្ថានភាពស្រូវ អង្ករនៅខេត្តបាត់ដំបង រដ្ឋមន្ត្រីកសិកម្ម ចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងនៃស្ថានភាពស្រូវ អង្ករនៅខេត្តបាត់ដំបង

ក្រោយពីឃើញមានការផ្សព្វផ្សាយ និងចែកចាយព័ត៌មានបែបបំភ្លៃនៅលើបណ្តាញសង្គមពាក់ព័ន្ធនឹងការប្រមូលទិន្នផលស្រូវ ជាពិសេសតម្លៃស្រូវនៅលើទីផ្សារធ្លាក់ចុះនោះ នៅថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឧកញ៉ា ភូ ពុយ ម្ចាស់រោងម៉ាស៊ីនកិនស្រូវប៉ៃតងកម្ពុជាខេត្តបាត់ដំបង ដើម្បីសិក្សាស្វែងយល់ពីស្ថានភាពពិតប្រាកដនៃតម្លៃស្រូវអង្ករ។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យមានការសហការគ្នាល្អ និងកសាងបណ្តាញពូជស្រូវសុទ្ធ ពិសេសពូជស្រូវសែនក្រអូបនិងផ្ការំដួល ដែលមានតម្លៃថ្លៃ មានការចុះបញ្ជី មានវិញ្ញាបនបត្រត្រឹមត្រូវ មានខ្សែច្រវាក់ទីផ្សារល្អ។ លើសពីនេះទៀត ត្រូវជំរុញឱ្យកសិករប្រើប្រាស់ពូជស្រូវសុទ្ធនេះ និងប្រមូលទិញមកវិញ តាមតម្លៃកិច្ចសន្យា។ ជាគោលបំណង គឺដើម្បីជួយដល់កសិករឱ្យមានទីផ្សារ ទទួលបានផលចំណេញទាំងអស់គ្នា និងជួយដល់សេដ្ឋកិច្ចជាតិ។

បន្ទាប់ពីនោះ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ បានបន្តចុះពិនិត្យកសិដ្ឋានផលិតពូជស្រូវទួលសំរោង ស្ថិតក្នុងឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្នុងពេលចុះពិនិត្យឃ្លាំងស្តុកស្រូវ ឡសំងួត គ្រឿងចក្រកសិកម្ម និងសិក្សាពីដំណើរការនៃការផលិតពូជស្រូវរួចមក ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យយកចិត្តទុកដាក់ផលិតពូជស្រូវល្អ សែនក្រអូបនិងផ្ការំដួល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារនិងការប្រើប្រាស់។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ថ្លៃស្រូវនៅបាត់ដំបង ជាក់ស្តែង ធៀបនឹងចលនាបំភ្លៃលើបណ្ដាញសង្គម គឺមានភាពខុសគ្នា។

ឯកឧត្តមបញ្ជាក់ថា ស្រូវបានឡើងថ្លៃខ្ពស់ ហើយក៏បានចុះមកវិញ ប៉ុន្តែនៅតែជាតម្លៃខ្ពស់សម្រាប់ស្រូវស្រងែ និងសមរម្យជូនកសិករមានប្រាក់ចំណេញ។

ទៅថ្ងៃមុខ ស្រូវពូជសែនក្រអូប និងផ្ការំដួលរបស់ខ្មែរ នឹងទទួលការគាំទ្រខ្ពស់ពីគោលនយោបាយពូជសុទ្ធ៕

អត្ថបទទាក់ទង