Neymar ៖ “នៅ PSG ខ្ញុំ និង Messi ដូចរស់នៅក្នុងនរក”
ខ្សែប្រយុទ្ធប្រេស៊ីល កីឡាករ Neymar Jr បានសារភាពថា ខ្លួន និង Lionel Messi បានឆ្លងកាត់ការលំបាកជាច្រើន ក្នុងពីររដូវកាលចុងក្រោយនៅក្លិបយក្សបារាំង PSG។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Globo របស់ប្រេស៊ីល កាលពីខែមិថុនា ប៉ុន្តែទើបតែចាក់ផ្សាយនៅថ្ងៃទី ៣ ខែកញ្ញា។ នៅពេលនោះ ខ្សែប្រយុទ្ធប្រេស៊ីល ត្រូវបានសួរអំពីអារម្មណ៍របស់គាត់ នៅពេលដែលគាត់ ស្នាក់នៅ League 1 ជាមួយ Messi។
Neymar បានឆ្លើយតបថា ៖«ខ្ញុំសប្បាយចិត្ត សម្រាប់ឆ្នាំជោគជ័យសម្រាប់ Messi។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ វាពិតជាសោកសៅខ្លាំងណាស់ ពីព្រោះ Messi រស់នៅដូចភពពីរផ្សេងគ្នា។ គាត់បានរស់នៅឋានសួគ៌ជាមួយ អាហ្សង់ទីន ហើយបានឈ្នះអ្វីគ្រប់យ៉ាង ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ប៉ុន្តែនៅទីក្រុងប៉ារីស Messi រស់នៅដូចនរក។ ពិតណាស់ ទាំងគាត់ និងខ្ញុំបានរស់នៅក្នុងនរក»។
មែនទែនទៅ Messi និង Neymar បានឈ្នះគ្រប់ពានរង្វាន់ជាមួយ Barca ប៉ុន្តែមិនអាចជួយ PSG ឈានទៅលើកពាន Champions League បានទេ។ តារាឆ្នើមរបស់អាមេរិកខាងត្បូងទាំងពីរ ត្រូវបានអ្នកគាំទ្រ PSG សើចចំអកយ៉ាងខ្លាំង បន្ទាប់ពីក្រុមម្ចាស់ផ្ទះ ត្រូវបានធ្លាក់ចេញពី Champions League ក្នុងរយៈពេលពីរឆ្នាំកន្លងទៅ។
ត្រង់ចំណុចនេះ ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះ បានទទូចថា៖ «យើងពិតជាសោកស្តាយណាស់ ព្រោះយើងបានព្យាយាមអស់ពីសមត្ថភាព ដើម្បីក្លាយជាម្ចាស់ជើងឯក និងព្យាយាមបង្កើតប្រវត្តិសាស្ត្រ។ នោះហើយជាមូលហេតុដែលយើងបន្តលេងជាមួយគ្នា ដើម្បីអាចបង្កើតប្រវត្តិសាស្ត្រ។ ជាអកុសល យើងមិនបានធ្វើវាទេ»។
នៅរដូវក្តៅនេះ អ្នកទាំងពីរ បានចែកផ្លូវគ្នាជាមួយ PSG ដោយ Neymar បានផ្លាស់ទៅក្លឹប Al Hilal របស់ Saudi Pro League ជាមួយនឹងប្រាក់ឈ្នួលប្រចាំរដូវកាល ២០០លានដុល្លារ ខណៈ Messi បានផ្លាស់ទៅកាន់ Inter Miami របស់ MSL លីគកំពូលអាមេរិក។
គួរបញ្ជាក់ថា ក្នុងរយៈពេល ៦រដូវកាលជាមួយ PSG ខ្សែប្រយុទ្ធប្រេស៊ីល ស៊ុតបញ្ចូលទីបាន ១១៨គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ៧៧គ្រាប់ ឈ្នះ Ligue 1 ចំនួន ៥ ដង, ពាន French Cup ៣ ដង, French League Cup ២ ដង និង French Super Cup ៣ដង និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងក្របខ័ណ្ឌ Champions League រដូវកាល ២០១៩-២០៕