លោក Biden បង្ហាញការខកចិត្តដែលលោក Xi មិនចូលរួមកិច្ចប្រជុំ G20
បរទេស ៖ ក្រោយទទួលបានដំណឹងថាប្រធានាធិបតីចិន លោក Xi Jinping នឹងមិនមានផែនការចូលរួមកិច្ចប្រជុំ G20 ដែលគ្រោងធ្វើឡើងនៅក្នុងទីក្រុងញូវដេលីប្រទេសឥណ្ឌានោះ លោកប្រធានាធិបតីអាមេរិក Joe Biden បានបង្ហាញនូវការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តនេះ។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅក្នុងទីក្រុង Delaware លោក Biden បានពោលថា លោកពិតជាខកចិត្តខ្លាំងណាស់ ប៉ុន្តែជឿជាក់ថាលោកនឹងអាចជួបជាមួយលោក Xi នៅពេលខាងមុខតែមិនអាចបញ្ជាក់ច្បាស់លាស់អំពីពេលវេលាណា ឬទីកន្លែងណានោះទេ។
កាសែតរ៉យទ័រធ្លាប់បានចេញផ្សាយហើយកាលពីសប្តាហ៍មុនដោយដកស្រង់សម្តីរបស់ក្រុមមន្ត្រីរដ្ឋាភិបាលចិន និងឥណ្ឌាដែលសុំមិនបញ្ចេញអត្តសញ្ញាណថា លោក Xi Jinping ទំនងជាមិនចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នាពេលខាងមុខនៅក្នុងប្រទេសឥណ្ឌាដោយផ្ទាល់នោះទេហើយ គណៈប្រតិភូរបស់រដ្ឋាភិបាលក្រុងប៉េកាំងនឹងត្រូវដឹកនាំដោយនាយករដ្ឋមន្ត្រីចិន Li Qiang ជំនួសវិញ។
ទោះបីជាយ៉ាងណាក្តី រដ្ឋាភិបាលទីក្រុងប៉េកាំងផ្ទាល់នៅមិនទាន់បានធ្វើការបញ្ជាក់ជាផ្លូវការអំពីផែនការធ្វើដំណើររបស់មេដឹកនាំចិននៅឡើយទេដោយក្នុងនោះសូម្បីតែក្រសួងការបរទេសឥណ្ឌា និងចិនក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ នៅពេលត្រូវបានសាកសួរអំពីបញ្ហានេះ។
គួរឲ្យដឹងដែរថា លោក Xi បានធ្វើដំណើរក្រៅប្រទេសចំនួនតែ២លើកប៉ុណ្ណោះ ចាប់តាំងពីការដកចេញនូវច្បាប់រឹតបន្តឹង Covid-19 ដ៏តឹងរឹងរបស់ប្រទេសចិន កាលពីចុងឆ្នាំ២០២២ដោយក្នុងនោះម្តងទៅកាន់ទីក្រុងមូស្គូក្នុងខែមីនា ដើម្បីពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ហើយលើកទី២គឺលោក Xi បានចូលរួមកិច្ចប្រជុំកំពូល BRICS នៅអាហ្វ្រិកខាងត្បូងកាលពីខែមុន។
លើសពីនេះផងដែរ អ្វីដែលគេអាចបញ្ជាក់ច្បាស់បាននៅពេលនេះគឺប្រធានាធិបតី Vladimir Putin ក៏នឹងមិនធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ G20 នេះដែរ ហើយវិមានក្រមឡាំងបានអះអាងថាប្រទេសរុស្ស៊ីនឹងត្រូវបានជំនួស និងតំណាងនៅទីក្រុងញូវដែលីដោយរដ្ឋមន្ត្រីការបរទេស Sergey Lavrov ៕