កីឡាករបរទេស២រូបនៅលីគកំពូលកម្ពុជា ត្រូវបានក្រុមជម្រើសជាតិខ្លួនកោះហៅ
នៅក្នុងខែកញ្ញា ឆ្នាំ២០២៣នេះ លីគបាល់ទាត់មួយចំនួនធំនៅអាស៊ីត្រូវបានសម្រាក់ ដោយសារប៉ះចំថ្ងៃ FIFA DAY ហើយក្រុមជម្រើសជាតិនីមួយៗ មានការប្រកួតមិត្តភាព និងក្រុមយុវជនអាយុក្រោម២៣ឆ្នាំ ត្រូវជាប់ភារៈកិច្ចលេងវគ្គជម្រុះអាស៊ានខាប់ ២០២៤។
ក្នុងនោះផងដែរ គេសង្កេតឃើញថា មានកីឡាករបរទេសចំនួនពីរនាក់ ដែលកំពុងប្រកបអាជីពនៅលីគកំពូលកម្ពុជា ក៏ត្រូវបានក្រុមជម្រើសជាតិរបស់ខ្លួនកោះហៅទៅជួយក្រុមផងដែរ។ កីឡាករទាំងពីរនាក់នោះគឺ កីឡាករសញ្ជាតិហ្វីលីពីន Pocholo Arellano Bugas និងកីឡាករសញ្ជាតិមីយ៉ាន់ម៉ា Soe Moe Kyaw។
១. Soe Moe Kyaw
កីឡាករ Soe Moe Kyaw មានវ័យ ២៤ឆ្នាំ បច្ចុប្បន្ន កំពុងលេងឲ្យក្លិបបាល់ទាត់ភ្នំពេញក្រោន ក្នុងតំណែងជាខ្សែការពារ។ រូបគេត្រូវបានក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ឈុតធំកោះហៅ ត្រៀមសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃ FIFA Day ទល់នឹងក្រុមជម្រើសជាតិនេប៉ាល់ ចំនួន ២ប្រកួត គឺនៅថ្ងៃទី ៨ កញ្ញា និង១១ កញ្ញា នៅកីឡដ្ឋាន Thuwunna ប្រទេសមីយ៉ាន់ម៉ា។
កីឡាករ Soe Moe Kyaw មានកម្ពស់ ១.៨៦ម៉ែត្រ លេងតំណែងជាខ្សែការពារកណ្តាល ហើយជាកីឡាករជម្រើសជាតិមីយ៉ាន់ម៉ា ចាប់ពីឈុតយុវជន U-17, U20 , U23 និងឈុតធំ ចន្លោះពីឆ្នាំ ២០១៧ រហូតដល់បច្ចុប្បន្ន។
២.Pocholo Arellano Bugas
កីឡាករ Pocholo Arellano Bugas មានវ័យ ២១ឆ្នាំ បច្ចុប្បន្ន កំពុងលេងឲ្យក្លិបបាល់ទាត់ Angkor Tiger FC ដោយលេងក្នុងតួនាទីជាខ្សែការពារស្លាបឆ្វេង។ រូបគេត្រូវបានក្រុមជម្រើសជាតិហ្វីលីពីន អាយុក្រោម ២៣ឆ្នាំ Philippines U23 Men’s National Pool (PHI U23 MNT) កោះហៅ និងចូលរួមក្នុងសហព័ន្ធបាល់ទាត់អាស៊ី (AFC) U23 វគ្គជម្រុះអាស៊ានខាប់ ២០២៤ ដែលនឹងត្រូវចាប់ផ្ដើមពីថ្ងៃទី០៤ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងឈុនបុរី ប្រទេសថៃ។
កីឡាករ Pocholo Arellano Bugas លេងក្នុងតួនាទីជាខ្សែការពារស្លាបឆ្វេង ហើយគឺជាកីឡាករជម្រើសជាតិឈុតធំហ្វីលីពីន នឹង U22 ហ្វីលីពីន ដែលបានមកប្រកួតក្នុងកីឡាស៊ីហ្គេម លើកទី៣២ នៅប្រទេសកម្ពុជា យើងផងដែរ។ មុនផ្លាស់មកកម្ពុជា Pocholo ធ្លាប់ប្រកបអាជីពឲ្យក្រុមនៅក្នុងស្រុកជាច្រើនដូចជា៖ United City ពីឆ្នាំ ២០២០ ដល់ ២០២៣ និងក្លិប Azkals Development Team ក្នុងឆ្នាំ ២០២៣នេះ៕