រដ្ឋាភិបាលថ្មីត្រៀមថវិកា ១០០លានដុល្លារសម្រាប់អន្តរាគមន៍វិស័យកសិកម្ម
រដ្ឋាភិបាលថ្មីសម្រាប់អាណត្តិទី៧នេះ បានប្រកាសដាក់ចេញនូវគោលនយោបាយអាទិភាពមួយចំនួនសម្រាប់ជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។ ក្នុងនោះផងដែរ ក៏មាននូវគោលនយោបាយមួយដែលគាំទ្រដល់វិស័យកសិកម្ម។
ការប្រកាសនូវគោលនយោបាយដើម្បីពង្រឹងវិស័យកសិកម្មនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចុះសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់ក្នុងរាជធានីភ្នំពេញ ក្នុងតំបន់ព្រៃស្ពែ នាព្រឹកថ្ងៃទី ២៩ ខែសីហាម្សិលមិញនេះ។
ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ចំណុច ចំណុចទី៥ រដ្ឋាភិបាលបានផ្ដោតលើវិស័យកសិកម្មដោយត្រៀមថវិកាសម្រាប់ចំណាយចំនួន ១០០លានដុល្លារអាមេរិក។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតបានមានប្រសាសន៍ថា៖ « គោលដៅអាទិភាពទី៥ គឺដាក់ចេញនូវកញ្ចប់ថវិកាជាក់លាក់សម្រាប់ជួយវិស័យកសិកម្ម ព្រោះប្រជាជនយើងមិនមែនធ្វើការសំខាន់លើឧស្សាហកម្ម ធនាគារ ឬវិស័យផ្សេងៗទេ គឺពលរដ្ឋភាពច្រើនធ្វើការក្នុងវិស័យកសិកម្មនេះឯង»។
ឯកឧត្តមបណ្ឌិតបន្តថា៖ «ដូច្នេះយើងដាក់ចេញនូវកម្មវិធីជាក់លាក់ដោយត្រៀមថវិកា ១០០លានដុល្លារដើម្បីអន្តរាគមន៍កសិកម្ម ដូចជាស្រូវ បន្លែ អង្ករផ្សេងៗ»។
ជាមួយគ្នានោះ គោលការណ៍ដាក់ពង្រាយមន្ត្រីតាមឃុំសង្កាត់ក៏ត្រូវបានរាជរដ្ឋាភិបាលអាណត្តិថ្មីផ្ដោត ការយកចិត្តទុកដាក់ផងដែរ។ យកចិត្តទុកដាក់ព្រោះថា កន្លងមកកសិករតែធ្វើកសិកម្មតាមលទ្ធភាព របស់ខ្លួន ដោយមិនដឹងត្រូវសុំជំនួយដោយរបៀបណា នៅពេលការដាំដុះមានបញ្ហា។
យ៉ាងណាមិញ ឯកឧត្តមបណ្ឌិតក៏បានសង្កត់ធ្ងន់លើការជ្រើសរើសមន្ត្រីឃុំសង្កាត់ ដោយឱ្យក្រសួង កសិកម្មជាក្រសួងទទួលបន្ទុក ពិនិត្យលើសមត្ថិភាព និងចំណេះដឹងរបស់មន្ត្រី។ ជាពិសេស ការរើសមន្ត្រីដោយមានតម្លាភាព និងផ្ដល់អាទិភាពលើនិស្សិតកសិកម្មដែលមានចំណេះដឹងផ្នែកនេះស្រាប់។
ប៉ុន្តែយ៉ាងណា សម្រាប់មន្ត្រីមួយចំនួនដែលមិនទាន់មានមូលដ្ឋានចំណេះដឹងកសិកម្មច្បាស់លាស់ ឯកឧត្តមលើកទឹកចិត្តឱ្យមានការបណ្ដុះបណ្ដាលពួកគេឱ្យច្បាស់ មុននឹងបញ្ជូនពួកគេទៅតាមមូលដ្ឋាន។
ម្យ៉ាងទៀត ឯកឧត្តមបណ្ឌិតក៏បានគូសបញ្ជាក់អំពីការរៀបចំប្រព័ន្ធគ្រប់គ្រងមន្ត្រីទាំងនោះ ដោយធានាថាពួកគេបានបំពេញការងារប្រកបដោយប្រសិទ្ធភាព ពោលគឺត្រូវទទួលខុសត្រូវចំពោះ មូលដ្ឋានរៀងៗខ្លួន និងរក្សាបាននូវវត្តមានពួកគេទៅតាមតួនាទី និងភារកិច្ចដែលបានបែងចែក៕