យុវជនថ្នាលនៃសហព័ន្ធខ្មែរកីឡាហែលទឹក២រូប ប្តេជ្ញាពង្រឹងសមត្ថភាពឱ្យខ្លាំងទ្វេរដង ដើម្បីត្រៀមខ្លួនប្រកួតកីឡាស៊ីហ្គេមលើកទី៣៣
កាលពីពេលថ្មីៗនេះ សហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជា បានបញ្ជូនកីឡាករ៤រូប កីឡាការិនី១រូប និងគ្រូបង្វឹក២រូប ទៅហ្វឹកហាត់បំពាក់បំប៉នសមត្ថភាពនៅប្រទេសចិន ចាប់ពីថ្ងៃទី២៣ សីហា រហូតដល់ដំណាច់ឆ្នាំ២០២៣។
ក្នុងនោះ យុវជនថ្នាលនៃសហព័ន្ធខ្មែរកីឡាហែលទឹក២រូប ប្តេជ្ញាប្រឹងប្រែងហ្វឹកហាត់ ពង្រឹងសមត្ថភាពឱ្យបានខ្លាំងទ្វេរដងនៅប្រទេសចិន ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។
ក្នុងកិច្ចសម្ភាន៍នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កុមារា ហែម ថុនពុទ្ធាវង្ស បាននិយាយទាំងអារម្មណ៍ភ័យអរថា ៖ «ខ្ញុំសប្បាយចិត្ត តែក៏មានអារម្មណ៍ថាភ័យតិចៗដែរ តែសប្បាយច្រើនជាងភ័យ ព្រោះខ្ញុំចាញ់ធាតុត្រជាក់»។
កុមារារូបនេះបានប្តេជ្ញាថា នឹងខិតខំស្តាប់គ្រូ និងព្យាយាមហ្វឹកហាត់ឱ្យបានខ្លាំង ដើម្បីប្រកួតកីឡាស៊ីហ្គេម នៅប្រទេសថៃ ឆ្នាំ២០២៥ខាងមុខ។
ចំណែកយុវជនថ្នាលវ័យ១៤ឆ្នាំម្នាក់ទៀត លឹម សុខរក្សា ក៏មិនមានអ្វីខុសឆ្ងាយពី ពុទ្ធាវង្ស ឡើយ ដោយរូបគេប្តេជ្ញាថា ការទៅហ្វឹកហាត់នៅប្រទេសចិន នឹងប្រឹងប្រែងក្រេបជញ្ជក់យកចំណេះដឹងដែលគ្រូបង្វឹកចិនផ្តល់ឱ្យដើម្បីបង្កើនសមត្ថភាពត្រៀមការប្រកួតស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥។
លឹម សុខរក្សា បញ្ជាក់ថា «ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត ហើយដាក់គោលដៅខំប្រឹងហ្វឹកហាត់ ដើម្បីស៊ីហ្គេម២០២៥»។
យុវជនថ្នាលហែលទឹកមាឌមាំសម្បុរសរូបនេះ បញ្ជាក់ពីការតាំងចិត្តរបស់ខ្លួនដូច្នេះមុនបន្ថែមថា ការហ្វឹកហាត់នៅប្រទេសចិន នឹងជួយកែប្រែចំណុចខ្វះខាតរបស់ខ្លួន ហើយនឹងអាចបន្ថែមចំណុចខ្លាំងមកលើរូបគេវិញ៕