ចាន់ វឌ្ឃនាកា និង គួច សុគុម្ភៈ ស្ថិតក្នុងបញ្ជី ២៦នាក់របស់កម្ពុជា ត្រៀមប៉ះហុងកុង និង ម៉ាកាវ
(បាល់ទាត់)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហានេះបានកោះហៅកីឡាករជម្រើសជាតិកម្ពុជាឈុតធំ សរុបចំនួន ២៦នាក់ ត្រៀមសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅខែក្រោយនេះ។
ក្នុងចំណោមកីឡាករទាំង២៦នាក់នោះ គេសង្កេតឃើញថា មានកីឡាករជើងចាស់ចំនួន២រូប ដែលគួរឲ្យចាប់អារម្មណ៍នោះ គឺកីឡាករ ចាន់ វឌ្ឃនាកា របស់ក្លិបបឹងកេត និង គួច សុគុម្ភៈ របស់ក្រុមបាល់ទាត់ណាហ្គាវើលដ៍។
ស្របពេលជាមួយគ្នានេះដែរ ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ដែលសព្វថ្ងៃកំពុងប្រកួតអាជីពនៅក្លិបបាល់ទាត់ Al Shahaniya SC លីគលំដាប់ទី២ របស់ប្រទេសកាតានោះ ក៏ត្រូវបានលោក Felix Dalmas គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា កោះហៅមកចូលរួមផងដែរ ព្រោះការប្រកួតនោះ ធ្វើឡើងចំថ្ងៃ FIFA Day។
គួរបញ្ជាក់ថា នៅខែកញ្ញាខាងមុខនេះ ក្រុមគោព្រៃកម្ពុជា មានការប្រកួតមិត្តភាពអន្តរជាតិចំនួន២ គឺនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជា ត្រូវប៉ះជាមួយ ហុងកុង វេលាម៉ោង ១៩:០០ នាទីយប់ នៅពហុកីឡដ្ឋានជាតិ។ បន្ទាប់មកនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជា ត្រូវប្រកួតជាមួយ ម៉ាកាវ នៅវេលាម៉ោង ១៩:០០ នាទីយប់នៅពហុកីឡដ្ឋានជាតិ៕