អវត្តមាន Ronaldo ធ្វើឲ្យ Al Nassr ចាញ់ Al Ettifaq ក្នុងជុំទីមួយលីគ Saudi Pro League
(បាល់ទាត់)៖ អវត្តមានប្រធានក្រុម Cristiano Ronaldo បានធ្វើឲ្យក្រុម Al Nassr ប្រកួតចាញ់ ក្រុម Al Ettifaq របស់គ្រូបង្វឹក Steven Gerrard ក្នុងលទ្ធផល ១-២ ក្នុងជុំទីមួយ នៃពានរង្វាន់ Saudi Pro League កាលពីយប់ថ្ងៃទី ១៤ ខែសីហា។
ត្រឹមរយៈពេលពីរថ្ងៃ បន្ទាប់ពីរបួសក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Arab Champions Cup បានធ្វើឲ្យ Cristiano Ronaldo អវត្តមានក្នុងការប្រកួតបើកឆាក។ Al Nassr ក៏មិនអាចប្រើ Marcelo Brozovic, Seko Fofana, Alex Telles និង Talisca ដែរ ពោលគឺក្រុមរបស់ Ronaldo អាចបញ្ចេញកីឡាករបរទេសតែពីរនាក់ប៉ុណ្ណោះ គឺខ្សែប្រយុទ្ធ Sadio Mane និងខ្សែការពារឆ្វេង Konan។
អតីតខ្សែប្រយុទ្ធហង្សក្រហម Liverpool កីឡាករ Sadio Mane បានបើកការស៊ុតបញ្ចូលទី សម្រាប់ Al Nassr នៅនាទីទី ៤។ ក្នុងតង់ទី១ ក្រុមម្ចាស់ផ្ទះ Al Ettifaq មិនអាចរកគ្រាប់បាល់ ទល់នឹងក្រុម Al Nassr បានទេ។ ដូច្នេះ ចប់តង់ទីមួយ Al Nassr ១-០ Al Ettifaq ។
លុះចូលដល់តង់ទីពីរ ពោលគឺនៅនាទីទី ៤៧ បន្ទាប់ពីកំហុសក្នុងការចាប់បាល់ក្រឡករបស់អ្នកចាំទី Nawaf Al-Aqidi កីឡាករ Robin Quaison បានស៊ុតពីចម្ងាយ ដើម្បីតាមស្មើឱ្យ Al Ettifaq ។ ប្រាំមួយនាទីក្រោយ Moussa Dembele បានស៊ុតគ្រាប់បាល់ជ័យជំនះ បញ្ចប់ការប្រកួត ក្រុមម្ចាស់ផ្ទះ Al Ettifaq ២-១ Al Nassr ។
ការទទួលជ័យជម្នះ ២-១ លើ Al Nassr គឺជាលទ្ធផលដែលមិននឹកស្មានដល់ សម្រាប់ Al Ettifaq។ កាលពីរដូវកាលមុន ក្រុមរបស់ Ronaldo បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខពីរក្នុងក្របខ័ណ្ឌ Saudi Pro League និងនាំមុខក្រុម Al Ettifaq 30 ពិន្ទុ៕