Close

កម្ពុជា រំពឹងរកចំណូលពីវិស័យទេសចរណ៍បាន ៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៣

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ សង្គម
កម្ពុជា រំពឹងរកចំណូលពីវិស័យទេសចរណ៍បាន ៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ កម្ពុជា រំពឹងរកចំណូលពីវិស័យទេសចរណ៍បាន ៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៣

ភ្នំពេញ ៖ កម្ពុជាបានរំពឹងទុកថានឹងអាចរកចំណូលពីវិស័យទេសចរណ៍ក្នុងចំនួនទឹកប្រាក់ប្រមាណ៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ដែលក្នុងនោះអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណ ១៥ លាននាក់ក្នុងឆ្នាំនេះ។

ក្រសួងទេសចរណ៍បានចាត់ទុកឆ្នាំ២០២៣ ជាឆ្នាំទស្សនាកម្ពុជា (Visit Cambodia Year 2023) ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់មុខមាត់កម្ពុជានៅតាមព្រឹត្តិការណ៍ថ្នាក់ជាតិនានា ជាពិសេសក្នុងឱកាសដែលកម្ពុជាប្រារព្ធព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣(SEA Games និង ASEAN Para Games 2023)។

កាលពីពេលថ្មីៗនេះ ក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ បានសម្រេចឯកភាពលើផែនការសកម្មភាពសំខាន់៥ចំណុច ដើម្បីបន្តការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងជួយគាំទ្រដល់យុទ្ធនាការ«ឆ្នាំទស្សនាកម្ពុជា២០២៣-Visit Cambodia Year 2023» ក្រោមទិសស្លោក «គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព Every day is a Wonder»។

អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ លោក ណេប សាមុត មានប្រសាសន៍កាលពីពេលថ្មីៗនេះក្នុងកិច្ចប្រជុំរវាងក្រុមការងាររដ្ឋាភិបាល-ឯកជន ដើម្បីស្តារនិងលើកស្ទួយវិស័យ ទេសចរណ៍កម្ពុជាកន្លងមកថា យុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣នេះ បង្កើតឡើងក្នុងគោលដៅ ទាក់ទាញភ្ញៀវទេសចរ ឱ្យបានប្រមាណ១៩លាននាក់។

លោកបានមានប្រសាសន៍ថា ៖ «ឆ្នាំ២០២៣នេះ យើងអាចទាក់ទាញទេសចរអន្តរជាតិត្រឡប់មកវិញឱ្យបានយ៉ាងហោចណាស់៤លាននាក់ និងទេសចរផ្ទៃក្នុង១៥លាននាក់ ដោយអាចទាញនូវផលប្រយោជន៍សេដ្ឋកិច្ចបានក្នុងរង្វង់ ៤ ០០០លានដុល្លារអាមេរិក ពីវិស័យទេសចរណ៍។ នៅក្នុងគោលដៅចម្បងនៃការរៀបចំយុទ្ធនាការ (ឆ្នាំទស្សនាកម្ពុជា២០២៣) គឺដើម្បីលើកកម្ពស់កិត្តិនាមទេសចរណ៍កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ នៅលើទីផ្សារទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា សំដៅក្នុងទាក់ទាញទេសចរអន្តរជាតិឱ្យច្រើនជាអតិបរិមា និងជាការផ្សារភ្ជាប់ រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើទី១២»។

ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់២,២លាននាក់ បើធៀបឆ្នាំ២០២១ គឺមានភ្ញៀវទេសចរអន្តរជាតិត្រឹម២០ម៉ឺននាក់ប៉ុណ្ណោះ។ ចំណែកឯ ភ្ញៀវទេសចរផ្ទៃក្នុងដែលធ្វើដំណើរក្នុងប្រទេសមានក្នុងរង្វង់ពី១៤លាននាក់។ នេះជាកំណើនខ្លាំងដែលលើសពីចំនួនមុនពេលមានវិបត្តិជំងឺកូវីដ-១៩ ទៅទៀត។
វិស័យទេសចរណ៍ ត្រូវបានចាត់ទុកជាសសរស្តម្ភទីបួន ក្នុងការគាំទ្រសេដ្ឋកិច្ចកម្ពុជា ដោយមុនពេលកម្ពុជាទទួលរងការរាតត្បាតពីជំងឺកូវីដ-១៩ កម្ពុជាបានទទួលស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិបាន ៦,៦ លាននាក់ក្នុងឆ្នាំ ២០២៩ ដែលរកចំណូលបាន ៤,៩២ លានដុល្លារផងដែរ។

គេរំពឹងថា ចំនួនភ្ញៀវទេសចរណ៍ចិនមកកាន់កម្ពុជានឹងកើនឡើងក្នុងឆ្នាំនេះ ដោយសារមានការបន្ថូរបន្ថយភាពតឹងរ៉ឹងនៅទីក្រុងប៉េកាំង ។ ក្នុងឆ្នាំ ២០១៩ ភ្ញៀវទេសចរចិនប្រមាណជា ២,៣ លាននាក់មកទស្សនាកម្ពុជា គិតជា ៣៥,៧ ភាគរយនៃភ្ញៀវទេសចរណ៍អន្តរជាតិមកដល់ប្រទេសកម្ពុជា។ ភ្ញៀវចិនចូលរួមចំណែកក្នុងការរកប្រាក់ចំណូលប្រមាណជា ១,៨ ពាន់លានដុល្លារ ក្នុងចំណោមចំណូលសរុប ៥ពាន់លានដុល្លារ។

តាមរបាយការណ៍ស្ថិតិទេសចរណ៍ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍បានបង្ហាញថា កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបចំនួនប្រមាណ ២.២៨ លាននាក់ កើនឡើងចំនួន ១០៥៩% ធៀបនឹងឆ្នាំ២០២១ និងទេសចរផ្ទៃក្នុងរួមមាន៖ ទេសចរជាតិប្រមាណ ១៣.៩៣ លាននាក់ កើនឡើង ១៩៩% ទេសចរបរទេសប្រមាណ ១.៨៨ លាននាក់ កើនឡើង ៥៧២%៕

អត្ថបទទាក់ទង