Close

ក្រសួងបរិស្ថាន  ចុះ MOU ជាមួយស្ថានជំនាញរបស់រាជរដ្ឋាភិបាលចំនួន ៣ ដើម្បីលើកកម្ពស់ការពារបរិស្ថាន

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងបរិស្ថាន  ចុះ MOU ជាមួយស្ថានជំនាញរបស់រាជរដ្ឋាភិបាលចំនួន ៣ ដើម្បីលើកកម្ពស់ការពារបរិស្ថាន ក្រសួងបរិស្ថាន  ចុះ MOU ជាមួយស្ថានជំនាញរបស់រាជរដ្ឋាភិបាលចំនួន ៣ ដើម្បីលើកកម្ពស់ការពារបរិស្ថាន

ភ្នំពេញ ៖ សហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង (ស.ទ.ស.) នៃក្រសួងបរិស្ថានបានចុះ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយនឹងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ  (ក.ប.ប.)  នៃក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ(អ ស ផ ស) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក.)  នៃក្រសួងមហាផ្ទៃ  ដើម្បីលើកកម្ពស់ការពារបរិស្ថាន ។

ពិធីចុះហត្ថលេខាបានប្រព្រឹត្តទៅក្រោមអធិតបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក. ឯកឧត្តម ផាន អូន  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ក.ប.ប. ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក អ ស ផ ស ព្រមទាំង ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងបរិស្ថានជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន។

អនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖

១) ស.ទ.ស. សហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ក្នុងការប្រមូល ទំនិញក្លែងក្លាយ ផុតរយៈពេលប្រើប្រាស់ ទំនិញខូចគុណភាព និងទំនិញបង្កគ្រោះថ្នាក់ដល់សុខភាពគ្រប់ប្រភេទ ដែលរឹបអូសបានយកទៅទុកដាក់នៅទីលានទុកដាក់សំរាម សំណល់រឹង ដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ មិនបង្កផលប៉ះពាល់ ដល់សុខភាពសាធារណៈ និងអនាម័យបរិស្ថាន។

២)ស.ទ.ស. សហប្រតិបត្តិការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) ស្ដីពីការដឹកជញ្ជូនទំនិញក្លែងក្លាយ និងទំនិញផុតរយៈពេលប្រើប្រាស់ ដែលរឹបអូសបាន យកទៅទុកដាក់នៅទីលានទុកដាក់ សំរាម សំណល់រឹង។

៣)ស.ទ.ស. សហប្រតិបត្តិការជាមួយ  អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (អ ស ផ ស) ស្ដីពីការដឹកជញ្ជូនសាកសពសត្វ សំណល់សាច់សត្វ និងផលិតផលសាច់សត្វគ្រប់ប្រភេទ ដែលរឹបអូសបាន ដើម្បីយកទៅទុកដាក់នៅទីលានទុកដាក់សំរាម សំណល់រឹង។

គួរបញ្ជាក់ឱ្យដឹងថា កន្លងមកសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង បានពិនិត្យឃើញថា  ស្ថាប័ន និងអង្គភាពពាក់ព័ន្ធបានចាប់ និងរឹបអូសបានទំនិញក្លែងក្លាយ ទំនិញខូចគុណភាព ទំនិញបង្កគ្រោះថ្នាក់ដល់សុខភាពគ្រប់ប្រភេទ ទំនិញផុតរយៈពេលប្រើប្រាស់ និងសំណល់សាច់សត្វ ផលិតផលសាច់សត្វខូចគុណភាពគ្រប់ប្រភេទយកទៅរក្សាទុកនៅទីកន្លែងពុំមានសុវត្ថិភាព ឬដុតចោល ដែលជាហេតុបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងប៉ះពាល់ដល់បរិស្ថាន។

ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានជាសេនាធិការ បានចាប់ផ្ដើមសាងសង់ទីលានទុកដាក់សំរាម សំណល់រឹងខ្នាតតំបន់មួយដែលមានបទដ្ឋានលក្ខណៈបច្ចេកទេសត្រឹមត្រូវស្ថិតនៅផ្លូវជាតិលេខ៥១ នៃស្ថានីយស្តារ និងផ្សព្វផ្សាយព្រៃឈើទួលព្រេច ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលជាទីលានបម្រើឱ្យក្រុងភ្នំពេញ និងតាមបណ្ដាក្រុង ស្រុក មួយចំនួន នៃខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល  ព្រមទាំងទីលានដែលបានសាងសង់រួចហើយមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ នៅតាមបណ្ដាខេត្ត ក្រុង មួយចំនួន ដូចជា ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង  ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង  ខេត្តកំពង់ធំ ខេត្តស្វាយរៀង….។ល។

ជាមួយគ្នានេះ ក្រសួងបរិស្ថានបានអនុញ្ញាតឱ្យសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ ទីលានទុកដាក់សំរាម សំណល់រឹង រៀបចំចុះអនុស្សរណៈយោគយល់គ្នាជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដែលចាប់និងរឹបអូសទំនិញខូចគុណភាព ហើយយកទៅទុកដាក់នៅទីលាន ដោយសហការជាមួយមន្ទីរបរិស្ថាន ឬអាជ្ញាធរមូលដ្ឋាន នៅតាមបណ្ដាខេត្ត ក្រុង៕

អត្ថបទទាក់ទង