ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ខេត្តព្រះសីហនុ ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ គ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់
ភ្នំពេញ ៖ ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី ៣ ខេត្តព្រះសីហនុ មានសមត្ថភាពធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់សរុបបាន ២ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ ដែលដំណើរការប្រកបដោយប្រសិទ្ធភាពខ្ពស់ គ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ។ នេះបើយោងតាមការបញ្ជាក់ក្នុងរបាយការណ៍ដែលបានដាក់ជូនគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា។
គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ា ដោយមានការចូលរួមពីឯកឧត្តមថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទំនើបទី ៣ នៅខេត្តព្រះសីហនុនាព្រឹកថ្ងៃទី ១១ ខែសីហាឆ្នាំ ២០២៣។
តាមរបាយការណ៍បានឱ្យដឹងថា ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី ៣ មានទីតាំងស្ថិតនៅក្បែរស្ពានពយអូរឈើទាល ក្នុងភូមិ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៨ ខែកញ្ញាឆ្នាំ ២០២១ និងត្រូវបានបញ្ចប់ការងារសាងសង់ជាស្ថាពរនាថ្ងៃទី ៨ ខែសីហាឆ្នាំ ២០២៣ ដោយបានប្រើប្រាស់រយៈពេលសាងសង់សរុប ២ ឆ្នាំ ១០ ខែនិង3សប្តាហ៍។ ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី ៣ នេះសាងសង់លើផ្ទៃដីទំហំ ១ ហិចតា មានអគារកម្ពស់បីជាន់ចំនួនមួយខ្នងនិងអាងចំនួន ១៣ អាង។
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី ៣ នេះមានសមត្ថភាពធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់សរុបបាន ២ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ MABR ដែលដំណើរការប្រកបដោយប្រសិទ្ធភាពខ្ពស់គ្មានសំឡេងរំខាន គ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ ចំណេញពេលវេលា សន្សំសំចៃថាមពល និងមានសមត្ថភាពក្នុងការដកយកសមាសធាតុពុល COD BOD TN TP បានលឿនដោយប្រើប្រាស់រយៈពេលត្រឹមតែ ២០ ម៉ោង បើធៀបនឹងបច្ចេកវិទ្យាមុនៗ។
ដំណើរការបច្ចេកវិទ្យា MABR ចែកចេញជា ៩ ដំណាក់កាល។ ក្នុងប្រព្រឹត្តិកម្មMABR មានប្រសិទ្ធភាពក្នុងការដកចេញនូវសមាសធាតុសរីរាង្គ សារធាតុពុលដូចជាBOD COD អាម៉ូញាក់ នីត្រាត ផូស្វ័រ និងសារធាតុពុលផ្សេងៗទៀត។ ដំណើរការMABRមួយឈុតអាចមានសមត្ថភាពក្នុងការចម្រោះទឹកកខ្វក់ក្នុងបរិមាណចាប់ពី ២០០ ទៅ ៣០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ ស្ថានីយ៍នេះជាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ដែលមានលក្ខណៈទំនើបប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ក្នុងការចម្រោះទឹកធ្វើឱ្យគុណភាពទឹកកាន់តែថ្លាល្អប្រសើរត្រៀមក្នុងការបង្ហូរចេញទៅសមុទ្រឬប្រើប្រាស់ឡើងវិញដោយធានាពីសុវត្ថិភាពនៃទឹក។
ក្នុងដំណើរចុះពិនិត្យមើលវឌ្ឍនភាពនៃការស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទំនើបទី ៣ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានថ្លែងថា សមិទ្ធផលដែលសម្រេចបាននាពេលនេះ គឺកើតឡើងចេញពីការគិតគូរយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រឱ្យមានសោភ័ណភាព សុវត្ថិភាពរក្សាគុណភាពទឹកដោយគ្មានការបំពុល ជាពិសេសសមិទ្ធិផលនេះក៏សម្រេចបានអាស្រ័យដោយមានការខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មពីសមាជិកសមាជិកា ក្រុមការងារទាំងអស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ផ្ទៃរងទឹកកខ្វក់នៅក្រុងព្រះសីហនុមានទំហំប្រមាណ ៨ ២៤៩ ហិកតាចែកចេញជា ៨ តំបន់ ក្នុងនោះមានតែបួនតំបន់ប៉ុណ្ណោះដែលមានស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់។ នៅឆ្នាំ ២០១៨ បរិមាណបញ្ចេញទឹកកខ្វក់នៅក្រុងព្រះសីហនុមានប្រមាណជា ២៥ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ហើយត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៤៧ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃនៅឆ្នាំ ២០២៣ និងអាចបន្តកើនរហូតដល់ ៦៤ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃនៅឆ្នាំ ២០៣០។
ដោយឡែកបច្ចុប្បន្នស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទីមួយ និងទី ២ បានស្ថាបនារួចរាល់ ១០០% និងកំពុងដាក់ឲ្យដំណើរការដែលមានសមត្ថភាពធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់សរុប ១២ ៤០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ចំណែកឯស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី ២ មានសមត្ថភាពធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់បាន ២ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ។ ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទាំងបីនេះនឹងមានសមត្ថភាពធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់បានចំនួន ៧២% នៃបរិមាណទឹកកខ្វក់សរុបទូទាំងក្រុងព្រះសីហនុ៕