សិប្បកម្មតម្បាញ ជួយលើកតម្លៃសូត្រខ្មែរ តាមរយៈការបន្ថែមគំនិតក្នុងការច្នៃម៉ូតឱ្យទាន់សម័យ
ផលិតផលសូត្រខ្មែរ ជាផលិតផលដែលមានវត្តមាននៅក្នុងស្រុកជាយូរមកហើយ រីឯអ្នកមានចំណេះ ជំនាញផ្នែកត្បាញទៀតសោត ច្រើនតែជាស្ត្រីចំណាស់ៗដែលចេះតពីម្ដាយ ឬជីដូនរបស់ពួកគេដូចគ្នា។
មកដល់បច្ចុប្បន្ន ការប្រើប្រាស់សូត្រខ្មែរនៅមិនទាន់មានភាពទូលំទូលាយនោះទេ ដោយជារឿយៗ ប្រជាជនតែងមានការភ័ន្ដច្រឡំជាមួយសូត្ររបស់ប្រទេសជិតខាងដូចជា ថៃ និងឡាវជាដើម។ ម្យ៉ាង ដោយសារតែមានតម្លៃធូរថ្លៃផង ទើបសូត្រទាំងនោះចរាចរណ៍ច្រើននៅលើទីផ្សារកម្ពុជា។
ដោយឡែក សូត្រខ្មែរពិតប្រាកដគឺសូត្រដែលមានលក្ខណៈពិសេសខុសប្លែកពីប្រទេសដទៃ។ ដំណាក់កាលនៃការផលិតពីមួយទៅមួយ គឺត្រូវការការផ្ចិតផ្ចង់ ការស្រឡាញ់ បូករួមនឹងចំណេះជំ នាញច្បាស់លាស់។ ហេតុដូច្នេះហើយ ទើបសូត្រខ្មែរត្រូវលក់ក្នុងតម្លៃថ្លៃ។
សួស្ដីគឺជាឈ្មោះរបស់សិប្បកម្មសូត្រមួយ ដែលត្បាញសសៃសូត្រចេញជាផលិតផលផ្សេងៗដូចជា ក្រម៉ា ព្រំ ភួយ កន្សែងបង់ក និងផាហ៊ុមជាដើម។ លក្ខណៈពិសេសរបស់សិប្បកម្មនេះគឺ មិនត្រឹមតែ រក្សាស្នាដៃខ្មែរឱ្យបន្តមានវត្តមានប៉ុណ្ណោះទេ ប៉ុន្តែក៏បន្ថែមនូវការច្នៃប្រឌិត ដោយបូកបញ្ចូលនូវម៉ូតថ្មីៗ និងទាន់សម័យកាលទៅលើផលិតផលទាំងនោះ។
បើតាមអ្នកនាង តាន់ សុធារី ដែលជាសហស្ថាបនិករបស់សិប្បកម្មសួស្ដី បានឱ្យដឹងថាសិប្បកម្មនេះ មានទីតាំងនៅក្នុងខេត្តសៀមរាប ព្រមទាំងបានចាប់ផ្ដើមអាជីវកម្មតាំងតែពីឆ្នាំ ២០១៣មកម្លេះ។
អ្នកនាង តាន់ សុធារី បានបន្តរៀបរាប់ទៀតថា៖ «កាលចាប់ផ្ដើមដំបូងយើងមានតែពីរនាក់គត់ ហើយផលិតផលយើងគឺសុទ្ធសឹងតែផលិតដោយដៃ អីចឹងហើយការងារនេះត្រូវការក្ដីស្រឡាញ់ ទើបអាចធ្វើវាបាន»។
ពីមួយឆ្នាំទៅមួយឆ្នាំ ផលិតកម្មរបស់អ្នកនាងកាន់តែរីកធំធាត់ ហើយអ្នកនាងបានយកការងារទៅ ជួយសង្គមវិញ តាមរយៈការសហការជាមួយសហគមន៍ដើម្បីផ្ដល់ការងារតម្បាញជូនដល់ស្ត្រីមេផ្ទះ ជាច្រើននាក់។
ដើម្បីធានាដល់គុណភាព សិប្បកម្មមួយនេះបានបង្ហាត់បង្រៀនដល់អ្នកតម្បាញតាមសហគមន៍ ដែលមកដល់ពេលនេះមានសហគមន៍ពីខេត្តសៀមរាបផ្ទាល់ ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ ដំបង។
នៅក្នុងការត្បាញឯណោះវិញ អ្នកនាងត្រឹមតែរក្សាបាននូវទ្រង់ទ្រាយដើមរបស់សូត្រខ្មែរប៉ុណ្ណោះទេ ប៉ុន្តែការបានសិក្សាស្រាវជ្រាវបន្ថែមទៀតលើបច្ចេកទេសនៃការជ្រលក់ពណ៍ផងដែរ។ ហើយផលិតផលដែលពេញនិយមមួយ ក្នុងចំណោមផលិតផលផ្សេងៗគឺ Eco Print ជាការព្រីនស្លឹក ឈើទៅលើក្រណាត់សូត្រតែម្ដង។
យ៉ាងណាមិញ សហស្ថាបនិករូបនេះបានឱ្យដឹងទៀតថា ៖ «អតិថិជនយើងផ្ដោតសំខាន់លើភ្ញៀវបរទេស សឹងតែថា ៩០% ជាជនបរទេសហើយ…ចង្វាក់ផលិតកម្មយើងគឺផលិតរហូត អត់ដែលមានការរាំងស្ទះទេ»។
សម្រាប់គោលដៅទៅថ្ងៃខាងមុខ អ្នកនាងចង់បង្កើតសាខាលក់ និងផលិតសូត្រឱ្យបានតាមបណ្ដា រាជធានីខេត្ត ដើម្បីជាការពង្រីកអាជីវកម្មផង និងដើម្បីលើកតម្លៃសូត្រខ្មែរឱ្យមានការទទួលស្គាល់ និងយល់ដឹងកាន់តែច្រើនពីប្រជាពលរដ្ឋក្នុងស្រុក៕