វិស័យ MSMEs នឹងទទួលបានការគាំទ្រកាន់តែច្រើនពីរដ្ឋាភិបាលថ្មី
សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ នឹងទទួលបានការគាំទ្រកាន់តែច្រើនថែមទៀតពីសំណាក់រាជរដ្ឋាភិបាលថ្មី។ ការជំរុញវិស័យ នេះដែរធ្វើឡើង ដោយស្របទៅនឹងចក្ខុវិស័យរបស់កម្ពុជាក្នុងការប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងមានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។
ក្នុងវេទិកានៃការផ្តល់ឥណទានផ្ទាល់ដល់វិស័យឯកជន «Non-Sovereign Loan» នៅថ្ងៃទី៩ ខែសីហាកន្លងទៅ ឯកឧត្តម ហែម វណ្ឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន ថ្លែងថា លទ្ធភាពនៃការទទួលបានហិរញ្ញវត្ថុនៅក្នុងវិស័យនេះនៅមានកម្រិត ដោយសារបញ្ហាប្រឈមមួយចំនួនជុំវិញការច្របាច់បញ្ចូលគ្នារបស់ពួកគេឱ្យក្លាយជាសហគ្រាសតែមួយ និងកាន់តែជាក់ច្បាស់។
ក្នុងនោះដែរ ឯកឧត្តមបានមានប្រសាសន៍ថា៖ «ការធ្វើពិពិធកម្ម គឺចេញមកពីផ្នែកកណ្ដាលនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើង។ យើងកំពុងតែស្វែងរកឧស្សាហកម្មថ្មី ហើយសំខាន់ជាងនេះទៅទៀតគឺការផ្លាស់ប្តូរ MSMEs របស់យើង ដែលនេះជាស្នូលនៃរបៀបវារៈរបស់នាយករដ្ឋមន្ត្រីថ្មី»។
MSMEs ជាអនុវិស័យដែលដើរតួយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ដូច្នេះហើយ វាជារឿងចាំបាច់ដែលត្រូវកំណត់វិស័យនេះឱ្យបានជាក់លាក់ និងមានភាពរឹងមុំា។ ហើយដើម្បីឱ្យវិស័យនេះមានភាពរឹងមុំា រដ្ឋាភិបាលបានគិតគូលើការផ្ដល់កម្ចីឥណទាន ជាពិសេសសម្រួលលើនិតិវិធីក្នុងការស្នើរសុំឥណទានឱ្យកាន់តែមានភាពងាយស្រួលជាង មុន។
គួរបញ្ចាក់ថា បច្ចុប្បន្ននេះ កម្ពុជាមាន MSMEs ជាង ៥០០ ០០០ នៅទូទាំងប្រទេសដែលពិបាកដល់ដៃគូអភិវឌ្ឍន៍ក្នុងការផ្តល់ប្រាក់កម្ចីដល់ពួកគេទាំងអស់ ខណៈដែលចាំបាច់ត្រូវមានមជ្ឈមណ្ឌលដ៏រឹងមាំមួយផ្តល់ព័ត៌មានជាក់ស្តែងថែមទៀតអំពីអាជីវកម្មពួកគេ៕