យុទ្ធនាការសម្ភាសន៍ផ្តល់បណ្ណសមធម៌ជូនបុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍
ភ្នំពេញ៖ ក្រោមការសម្របសម្រួលរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម និងដោយមានកិច្ចសហការពីកម្មវិធីសហ ប្រជាជាតិរួមគ្នា ស្ដីពីមេរោគអេដស៍/ជំងឺអេដស៍ (UNAIDS) ប្រចាំកម្ពុជា, ឡាវ, និងម៉ាឡេស៊ី, ក្រុមការងារ អន្តរក្រសួង-ស្ថាប័ន រួមមានក្រសួងផែនការ, អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, និង សាលារាជធានីភ្នំពេញ នឹងរួមគ្នាបើកយុទ្ធនាការសម្ភាសផ្តល់បណ្ណសមធម៌ជូនបុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ដែលមានការលំបាកផ្នែកជីវភាព និង ដែលឆ្លើយតបនឹងលក្ខខណ្ឌ។
សេចក្តីជូនដំណឹងនៅថ្ងៃទី ១០ ខែសីហា នេះ ឱ្យដឹងថា យុទ្ធនាការនេះនឹងចាប់ផ្តើមនៅ ថ្ងៃទី ១១-១២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ក្នុងគោលបំណងផ្តល់ឱកាសជូនបុគ្គលបម្រើការក្នុងសេវា កម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបាននូវការគាំពារផ្នែកថែទាំសុខភាពដោយឥតបង់ថ្លៃ នៅតាម មូលដ្ឋានសុខាភិបាលសាធារណៈ និងអត្ថប្រយោជន៍គាំពារសង្គមផ្សេងៗទៀត ពីរាជរដ្ឋាភិបាល ដោយឈរលើ គោលការណ៍ “ មិនបោះបង់ពលរដ្ឋណាម្នាក់” ។
នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នេះ ថ្នាក់ដឹកនាំក្រសួងចំនួន ៣ បានចុះហត្ថលេខា រួមមានឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្ដម អ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញប្រកាសអន្តរក្រសួងស្តីពីរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលសម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយបានសម្រេចឱ្យអនុវត្តផងដែរចាប់ពីដើមសប្តាហ៍នេះទៅ។
ប្រកាសនេះបានបញ្ជាក់ថា៖ «និយោជកឬម្ចាស់សហគ្រាស គ្រឹះស្ថាន ក្នុងវិស័យសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវរៀបចំបញ្ជីឈ្មោះបុគ្គលបម្រើក្នុងសេវាកម្សាន្តទេសចរណ៍របស់ខ្លួន ហើយបញ្ជូនទៅរដ្ឋបាលរាជធានី ខេត្តឬក្រុង/ស្រុក/ខណ្ឌសម្រាប់ ផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវមុននឹងស្នើទៅបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដើម្បីចុះបញ្ជី»។
ជាមួយគ្នានេះ ប្រកាសអន្តរក្រសួងក៏បានលើកឡើងដែរថា បុគ្គលបម្រើការងារដែលមិនស្ថិតក្រោមកិច្ចសន្យាការងារក្នុងវិស័យសេវាកម្សាន្តនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធមានសិទ្ធិដាក់ពាក្យស្នើសុំបណ្ណមូលនិធិសមធម៌សុខាភិបាលដោយផ្ទាល់ទៅរដ្ឋបាលរាជធានី-ខេត្តឬក្រុង/ស្រុក/ខណ្ឌ សម្រាប់ផ្ទៀងផ្ទាល់ពីភាពត្រឹមត្រូវមុននឹងស្នើទៅប.ស.ស ដើម្បីចុះបញ្ជី។
សូមបញ្ជាក់ថា ប.ស.ស ជាអ្នកទទួលបន្ទុកចុះបញ្ជី និងចេញបណ្ណមូលនិធិសមធម៌សុខាភិបាល (បណ្ណ ម.ស.ស) ដល់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធហើយបណ្ណនោះសុពលភាពរយៈពេល១ឆ្នាំ។
ប្រកាសនេះលើកឡើងដែរថា រាល់ការចំណាយលើការផ្តល់សេវាថែទាំសុខភាពសម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលត្រូវហិរញ្ញប្បទានដោយថវិការដ្ឋ។
ប្រភពដដែលបន្តថា ក្រុមប្រឹក្សាជាតិគាំពារសង្គមមានតួនាទីដឹកនាំការតាមដាន ត្រួតពិនិត្យប្រសិទ្ធភាព និងការវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តមូលនិធិសមធម៌សុខាភិបាល ហើយប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គមមានសិទ្ធិចាត់តាំងមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យនិងសង្កេតជាក់ស្តែងដល់ទីកន្លែង អំពីប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីនេះ។
បើតាមប្រកាសដដែលបុគ្គលបម្រើសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវប្រើសេវាសុខាភិបាលនេះពីថ្នាក់បឋមនៅមូលដ្ឋានសុខាភិបាលថ្នាក់ទាបទៅមូលដ្ឋានសុខាភិបាលថ្នាក់ខ្ពស់ជាង។ ក្នុងករណីសង្គ្រោះបន្ទាន់,ជនរងគ្រោះឬអ្នកជំងឺអាចទៅទទួលសេវានៅមូលដ្ឋានសុខាភិបាលសាធារណៈដែលនៅជិតបំផុតបាន៕