អាកាសយានដ្ឋានអន្តរជាតិតេជោ ជ្រើសរើស VINCI Airports ជាអ្នកគ្រប់គ្រងប្រតិបត្តិការ
ភ្នំពេញ៖ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) បានសម្រេចជ្រើសរើស ក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ VINCI Airports ដើម្បីគ្រប់គ្រងប្រតិបត្តិការនៅ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដែលជាច្រកទ្វារអាកាសថ្មីសម្រាប់រាជធានីភ្នំពេញ។
កិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានចុះហត្ថលេខារវាង អ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល CAIC និង លោក Nicolas Notebaert ប្រធានក្រុមហ៊ុន VINCI Airports។
CAIC គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ និងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។ គម្រោងនេះគ្របដណ្ដប់លើផ្ទៃដី ២,៦០០ ហិកតា ស្ថិតនៅចម្ងាយ ១៩ គីឡូម៉ែត្រ ពីតំបន់រាជធានីភ្នំពេញ។ TIA ត្រូវបានចាត់ថ្នាក់ជាអាកាសយានដ្ឋាន 4F ដែលមានសមត្ថភាពទទួលយន្តហោះធុនយក្សដូចជា Airbus A380-800 និង Boeing 747-800។
បច្ចុប្បន្ន ការសាងសង់បានសម្រេចជាង ៩៦% ហើយគ្រោងនឹងចាប់ផ្ដើមប្រតិបត្តិការនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥។ ពិធីសម្ពោធជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ គម្រោងនេះក៏រួមបញ្ចូលការសាងសង់ “ភូមិវប្បធម៌” ដើម្បីបង្ហាញពីអត្តសញ្ញាណខ្មែរដល់ភ្ញៀវទេសចរផងដែរ។
ចំណែកឯ Cambodia Airports ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ VINCI Airports ដែលជាប្រតិបត្តិករអាកាសយានដ្ឋានឯកជនឈានមុខគេលើពិភពលោក។ Cambodia Airports មានបទពិសោធន៍គ្រប់គ្រងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាំងពីឆ្នាំ១៩៩៥។
ក្រុមហ៊ុននេះនឹងនាំមកនូវជំនាញ និងបទពិសោធន៍ដ៏ទូលំទូលាយរបស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ TIA លើផ្នែក សុវត្ថិភាព សន្តិសុខ ប្រសិទ្ធភាព បទពិសោធន៍ និងផាសុកភាពរបស់អ្នកដំណើរ។ លើសពីនេះ ក្រុមហ៊ុននឹងជំរុញការអភិវឌ្ឍសេវាអាកាស ដើម្បីបង្កើនការតភ្ជាប់របស់កម្ពុជា តាមរយៈការទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ និងការបើកផ្លូវហោះហើរថ្មីៗ។
ការជ្រើសរើស VINCI Airports នេះ បង្ហាញពីការប្ដេជ្ញាចិត្តរបស់ CAIC ក្នុងការអភិវឌ្ឍ TIA ឱ្យស្របតាមស្តង់ដារអន្តរជាតិ ជាច្រកទ្វារអាកាសប្រកបដោយនិរន្តរភាព ដើម្បីលើកកម្ពស់ការតភ្ជាប់របស់កម្ពុជា សម្រួលការធ្វើដំណើរ ពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង។ បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ជាង ៨០% បានភ្ជាប់ប្រព័ន្ធហោះហើររបស់ខ្លួនរួចរាល់ជាមួយ TIA ហើយកំពុងធ្វើតេស្តបណ្ដើរៗ៕