ក្លិប ‘Al-Ittifaq របស់អារ៉ាប៊ីសាអូឌីត ដាក់សំណើ ៦០លានផោន ទិញ Mohamed Salah ពី Liverpool
(បាល់ទាត់)៖ របាយការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានលេចឡើង ដែលបញ្ជាក់ថា ក្លិបហង្សក្រហម Liverpool នឹងទទួលបានការផ្តល់ជូន ៦០លានផោន សម្រាប់កំពូលតារាឆ្នើមរបស់ខ្លួន Mohamed Salah ពីក្លិបអារ៉ាប៊ីសាអូឌីត Al-Ittihad សមាជិក Saudi Pro League ។
មែនទែនទៅ ម្ចាស់ជើងឯកនៃប្រទេសមជ្ឈិមបូព៌ា បានទិញយក Karim Benzema, N’Golo Kante និង Jota រួចហើយ នៅរដូវក្ដៅនេះ។ ឥឡូវនេះ ស្ថានីយ៍ទូរទស្សន៍អារ៉ាប៊ីសាអូឌីត Al-Riyadiah កំពុងអះអាងថា ក្លិប Al-Ittihad ឥឡូវនេះ កំពុងពិភាក្សាជាមួយអ្នកតំណាងរបស់ Salah ជុំវិញការផ្លាស់ប្តូរដ៏មានសក្តានុពលមួយ។
ពួកគេបញ្ជាក់ថា ពួកគេមានឆន្ទៈផ្តល់ជូនកីឡាករអេហ្ស៊ីប នូវប្រាក់ឈ្នួលដ៏អស្ចារ្យចំនួន ១៥៥ លានផោន ក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំ ដែលស្មើនឹងជិត ៨០លានផោនក្នុងមួយឆ្នាំ។ ហើយពួកគេបានបន្ថែមថា ការដេញថ្លៃ ៦០លានផោន នឹងត្រូវដាក់ជូន Liverpool ឆាប់ៗនេះ សម្រាប់ខ្សែប្រយុទ្ធរូបនេះ។
ប្រភពស្និទ្ធនឹងកីឡាករ បានប្រាប់ Al-Riyadiah ថា៖ “វាជាការពិត។ មានការចរចាររវាង Mohamed Salah និងក្លឹបអារ៉ាប៊ីសាអូឌីត Al-Ittihad ។ ការផ្តល់ជូនត្រូវតែមានភាពទាក់ទាញ សម្រាប់តារាអេហ្ស៊ីប ដើម្បីមកលេងនៅអារ៉ាប៊ីសាអូឌីត”។
Salah ទទួលបានឋានៈជា Legend ម្នាក់នៅ Anfield ចាប់តាំងពីផ្ទេរពី Roma ក្នុងឆ្នាំ ២០១៧។ កីឡាករវ័យ ៣១ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី ១៣៧គ្រាប់ នៅ Premier League ក្នុងការបង្ហាញខ្លួន ២១៨ដង និងបានជួយក្លឹបយក្សនៅ Merseyside មួយនេះ លើកពានជាច្រើនដូចជា Champions League, FA Cup, League Cup និង FIFA Club World Cup ផងដែរ។
គួររម្លឹកថា គ្រូបង្វឹកហង្សក្រហម លោក Jurgen Klopp បានបាត់បង់កីឡាករសំខាន់ពីរនាក់ ទៅប្រទេសអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ។ ទីមួយ គឺប្រធានក្រុម Jordan Henderson បានបញ្ចប់ការផ្លាស់ប្តូរដ៏ចម្រូងចម្រាសរបស់គាត់ ទៅកាន់ Al-Ettifaq របស់ Steven Gerrard ខណៈដែលខ្សែបម្រើ Fabinho បានចូលរួមជាមួយ Al-Ittihad ។ ដើមឡើយ Klopp សង្ឃឹមថា គាត់អាចរក្សា Salah នៅជាមួយក្លិប នៅពេលដែលរូបគេចុះហត្ថលេខាលើកិច្ចសន្យាថ្មី ៤00,000 ផោនក្នុងមួយសប្តាហ៍ កាលពីរដូវក្តៅមុន។ ឥឡូវនេះ គាត់ប្រឈមមុខនឹងការព្រួយបារម្ភថ្មី មុនពេលការប្រកួតបើកឆាក Prem របស់ពួកគេនៅ Chelsea ចុងសប្តាហ៍នេះ៕