Close

អ្នកចាំទីក្រុមកាំភ្លើងធំ Arsenal ចេញមុខប្រឆាំងនឹងការរើសអើងមនុស្សស្រឡាញ់ភេទដូចគ្នា

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣ កីឡា
អ្នកចាំទីក្រុមកាំភ្លើងធំ Arsenal ចេញមុខប្រឆាំងនឹងការរើសអើងមនុស្សស្រឡាញ់ភេទដូចគ្នា អ្នកចាំទីក្រុមកាំភ្លើងធំ Arsenal ចេញមុខប្រឆាំងនឹងការរើសអើងមនុស្សស្រឡាញ់ភេទដូចគ្នា

(បាល់ទាត់)៖ អ្នកចាំទី Aaron Ramsdale របស់ក្រុមកាំភ្លើងធំ Arsenal បាននិយាយថា ខ្លួននឹងមិននៅស្ងៀមទៀតទេ នៅពេលដែលឮការអត្ថាធិប្បាយមនុស្សភេទដូចគ្នា នៅក្នុងបន្ទប់ស្លៀកពាក់ ឬនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបន្ថែមថា គាត់ចង់ឱ្យបាល់ទាត់ជា “កន្លែងសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា”។

នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយនៅក្នុង The Players Tribune កាលពីថ្ងៃព្រហស្បតិ៍ Ramsdale បាននិយាយថា ការប្តេជ្ញាចិត្តរបស់គាត់ត្រូវបានជំរុញ ដើម្បីធានាថា បងប្រុសរបស់គាត់ដែលជាខ្ទើយអាចចូលរួមទស្សនាការប្រកួតដោយមិនភ័យខ្លាច ប្រឈមនឹងការរំលោភបំពាន ឬការរើសអើង។

កីឡាករវ័យ ២៥ឆ្នាំរូបនេះ បានសរសេរថា ៖ « បាល់ទាត់គឺសម្រាប់មនុស្សគ្រប់គ្នា។ ប្រសិនបើអ្នកមិនយល់ស្រប អ្នកត្រូវបិទមាត់។ ខ្ញុំចង់ឱ្យការប្រកួត ក្លាយជាកន្លែងសុវត្ថិភាព  និងស្វាគមន៍សម្រាប់អ្នករាល់គ្នា។ ខ្ញុំចង់ឱ្យបងប្រុសរបស់ខ្ញុំ Ollie ឬនរណាម្នាក់ ដែលមានភេទ ពូជសាសន៍ ឬសាសនាណាមួយ មកទស្សនាការប្រកួតដោយមិនចាំបាច់ខ្លាចការរំលោភបំពាន»។

ទន្ទឹមនឹងនេះ សមាគមបាល់ទាត់របស់ប្រទេសអង់គ្លេស បានបើកការស៊ើបអង្កេតលើឧប្បត្តិហេតុ ដែលត្រូវបានចោទប្រកាន់ជាច្រើននៃការស្រែកជេរប្រមាថមនុស្សភេទដូចគ្នា កាលពីរដូវកាលមុន។ ថ្មីៗនេះ Wolverhampton Wanderers ត្រូវបានពិន័យជាប្រាក់ចំនួន ១00,000 ផោន សម្រាប់ការស្រែកជេរប្រមាថដោយអ្នកគាំទ្ររបស់ពួកគេ អំឡុងពេលការប្រកួត Premier League ជាមួយ Chelsea ។

គួរបញ្ជាក់ថា Ramsdale ដែលជាកីឡាករជម្រើសជាតិអង់គ្លេស បានលេងការប្រកួត Premier League ទាំង ៣៨ ប្រកួតឱ្យ Arsenal កាលពីរដូវកាលមុន ហើយបានជួយឱ្យពួកគេ បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ តាមពីក្រោយក្រុម Manchester City៕

អត្ថបទទាក់ទង