Close

កម្ពុជា – កូរ៉េ ពិភាក្សាគ្នាលើគម្រោងបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣ សង្គម
កម្ពុជា – កូរ៉េ ពិភាក្សាគ្នាលើគម្រោងបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី កម្ពុជា – កូរ៉េ ពិភាក្សាគ្នាលើគម្រោងបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី

កម្ពុជា – កូរ៉េ បានជួបពិភាក្សាគ្នាដើម្បីឈានទៅដល់ការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជាកម្រិតស្នង់ដារ ក្នុងគោលដៅធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

នាថ្ងៃទី ៣សីហា កន្លងទៅថ្មីៗនេះ ក្រសួងពាណិជ្ជកម្មតំណាងដោយ ឯកឧត្តម រាជ រ៉ា ដែលជារដ្ឋ លេខាធិការ បានជួបពិភាក្សាការងារជាមួយ ប្រតិភូវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទកូរ៉េ និងតំណាង​សមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេស លើគម្រោងសិក្សាលទ្ធភាពក្នុងការបង្កើតរោង​ចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសនោះ លោកបណ្ឌិត Heo Jang ដែលជាប្រធានគម្រោង​បានជម្រាបអំពីបំណង​ក្នុងការចូលរួម​លើកកម្ពស់វិស័យ​ស្វា​​យចន្ទីកម្ពុជា ដោយពិនិត្យឃើញថាកន្លងមកស្វាយចន្ទីភាគច្រើន​ត្រូវបាននាំ​ចេញទៅក្រៅ​ប្រទេសដោយមិនទាន់បានកែច្នៃ ដែលនាំឱ្យបាត់បង់នូវតម្លៃបន្ថែម។

ហេតុដូចនេះ សមាគមធន​ធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេសរបស់កូរ៉េមានគោលបំណង​ក្នុងការចុះមកសិក្សា​និងពិនិត្យលទ្ធភាព ក្នុងការបង្កើតរោងចក្រកែច្នៃចន្ទី តាមរយៈគម្រោងអភិវឌ្ឍន៍​ផ្លូវការរបស់រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង(ODA) ដែលអាចនឹងជួយបង្កើនតម្លៃបន្ថែមលើចន្ទីកម្ពុជាក្នុងការ​នាំចេញទៅទីផ្សារ​ពិភពលោក។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជាសង្ខេបអំពីខ្លឹមសារនៃគោលនយោបាយជាតិ
ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដែលទើបទទួលបានការអនុម័តពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ និងប្រកាសផ្សព្វផ្សាយឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ។ ក្រៅពីនោះ ឯកឧត្តមក៏បានលើកឡើងពីទំនាក់ទំនងរវាង​ប្រទេសទាំងពីរ ជាពិសេសកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ដែលទើបតែចូលជាធរ​មានកាលពីចុងឆ្នាំ២០២២ កន្លងទៅ។

ជាកិច្ចឆ្លើយតប កម្ពុជាបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះដែល​ស្របតាមការដាក់​ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ និងបានថ្លែងអំណរ​គុណចំពោះ​រដ្ឋាភិបាលកូរ៉េ ដែលតែងតែផ្តល់ការគាំទ្រ និងសហការជិតស្និទ្ធក្នុងពេលកន្លងមក។

បន្ថែមពីលើនេះ ឯកឧត្តមក៏បានស្នើសុំឱ្យប្រតិភូកូរ៉េ ជួយផ្សព្វផ្សាយនិងទាក់ទាញវិនិយោគិនកូរ៉េបន្ថែ​ម​មកវិនិយោគលើការកែច្នៃស្វាយចន្ទីក្នុងប្រទេសកម្ពុជា ក៏ដូចជាទិញទំនិញពីកម្ពុជាឱ្យបានកាន់តែច្រើន​ដោយសារប្រទេសទាំងពីរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)រវាងគ្នា ដែលមានមុខទំនិញជាច្រើន​មាន​អត្រាពន្ធ០% ក្នុងនោះក៏មានគ្រាប់ស្វាយចន្ទីផងដែរ ដើម្បីបង្កើននូវទំហំពាណិជ្ជកម្មរវាង​ប្រទេស​ទាំងពីរ។

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅសម្ដេចតេជោក៏ធ្លាប់បានលើកទឹកចិត្ត ក៏ដូចជាជំរុញដល់វិស័យ​ឯកជនឱ្យចូលមកកែច្នៃស្វាយចន្ទីនៅកម្ពុជា បន្ថែមពីគម្រោងក្នុងការក្លាយជាអធិរាជស្វាយចន្ទី។

ជាក់ស្ដែង កាលពីខែមិថុនាកន្លងទៅនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោកបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ​អេមីរ៉ាត​អា​រ៉ាប់​រួមចូលជួប​សម្ដែងការគួរសម សម្តេច​តេជោ​បានស្នើឱ្យរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ​អេមីរ៉ាត​អា​រ៉ាប់​រួម ជំរុញការវិ​និយោគលើវិស័យ​កសិកម្ម​របស់​កម្ពុជា ដោយលើវិស័យស្រូវអង្ករ ការកែច្នៃស្វាយចន្ទី និងដំឡូមី ដោយសារកម្ពុជាអាច​ផលិតបានរាប់លានតោនក្នុង១ឆ្នាំៗ៕

អត្ថបទទាក់ទង