Close

១៣ខែនៃការចេញដំណើររបស់យុទ្ធនាការអន្ទាក់សូន្យ នាំឱ្យមនុស្ស១៤លាន​នាក់បានយល់ដឹងពី​បញ្ហាសត្វព្រៃច្រើនជាងមុន

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣ សង្គម
១៣ខែនៃការចេញដំណើររបស់យុទ្ធនាការអន្ទាក់សូន្យ នាំឱ្យមនុស្ស១៤លាន​នាក់បានយល់ដឹងពី​បញ្ហាសត្វព្រៃច្រើនជាងមុន ១៣ខែនៃការចេញដំណើររបស់យុទ្ធនាការអន្ទាក់សូន្យ នាំឱ្យមនុស្ស១៤លាន​នាក់បានយល់ដឹងពី​បញ្ហាសត្វព្រៃច្រើនជាងមុន

យុទ្ធនាការអន្ទាក់សូន្យ គឺជាយុទ្ធនាការដែលបង្កើតឡើងដោយក្រសួងបរិស្ថាន កាលពីឆ្នាំ២០២២ កន្លងទៅនេះ។ យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងដោះអន្ទាក់ចេញពីក្នុងព្រៃធម្មជាតិ សំដៅកសាងជម្រកសត្វព្រៃដែលមានសុវត្ថិភាព។

ក្នុងរយៈ១៣ខែនៃការអនុវត្តយុទ្ធនាការនេះ ក្រសួងបិរស្ថាន តំណាងដោយឯកឧត្តម នេត្រ ភក្ក្រា បានធ្វើការជាមួយអង្គការពាក់ព័ន្ធ ដើម្បីចុះទៅតាមខេត្តដែលស្ថិតនៅជាប់តំបន់ការពារធម្មជាតិ ក្នុងគោលបំណងផ្សាយចេញនូវសារដ៏សំខាន់នានា ឱ្យដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ មូលដ្ឋានតែម្ដង។

ក្នុងរយៈពេលនេះដែរ សរុបជារួមក្រសួងបរិស្ថានបានចុះទៅកាន់ខេត្តគោលដៅចំនួន១២គឺ ខេត្តស្ទឹង​ត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ រតនៈគិរី ពោធិ៍សាត់ វាលវែង កំពង់ស្ពឺ កោះកុង សៀមរាម បាត់ដំបង និងប៉ៃលិន។

ជាលទ្ធផល យុទ្ធនាការអន្ទាក់សូន្យបានបំផុសការយល់ដឹងដល់មនុស្សជាង១៤លាននាក់ ដោយរាប់បញ្ចូលការទទួលបាននូវព័ត៌មាន និងចំណេះដឹងពីយុទ្ធនាការ ទាំងតាមរយៈការចូលរួម ក្នុងសកម្មភាពយុទ្ធនាការនេះដោយផ្ទាល់ និងតាមរយៈប្រព័ន្ធសារព័ត៌មានក្នុងស្រុក ក្នុងតំបន់ និងតាមបណ្តាញសង្គមរបស់ក្រសួងបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូ និងភាគី អនុវត្តយុទ្ធនាការទាំងអស់។

បើតាមរបាយការណ៍ស្តីពីលទ្ធផលជាផ្នែកៗនៃការអនុវត្តយុទ្ធនាការទាំងមូល បានបង្ហាញថា៖ មានមនុស្ស​ចំនួនប្រមាណជា១ម៉ឺននាក់បានចូលរួមដោយផ្ទាល់ក្នុងសកម្មភាពផ្សេងៗនៃយុទ្ធនាការ និងមាន​អត្ថបទ​ព័ត៌មានសរុបប្រមាណជា មួយពាន់ ចំណងជើង ត្រូវបានផ្សព្វផ្សាយដល់មនុស្ស ចំនួន​ប្រមាណជា ៥លាននាក់ ខណៈមនុស្សចំនួន ៧លាននាក់ ទៀតបានអានសារអប់រំ តាមទូរស័ព្ទ ដៃដែលបានអំពាវនាវឲ្យចូលរួមការពារសត្វព្រៃ ដោយបញ្ឈប់ការដាក់អន្ទាក់ និងកុំពាក់ព័ន្ធនឹង ការជួញដូរសត្វព្រៃ។

ម្យ៉ាងទៀត ក្នុងឆ្នាំ២០២២ អន្ទាក់សរុបប្រមាណជាង ៣៤.០០០ ត្រូវបានដកចេញពីតំបន់ការពារ ធម្មជាតិក្នុងប្រទេសកម្ពុជា។ នេះជាតួរលេខបង្ហាញពីការថយចុះនៃអត្រាអន្ទាក់ក្នុងព្រៃប្រមាណ ៤៤% បើធៀបនឹងលទ្ធផលនៃការដោះអន្ទាក់ក្នុងឆ្នាំ២០២១ ដែលចំនួនអន្ទាក់ប្រមូលបានសរុបមាន ចំនួនដល់ទៅ ៦១.៦១១ អន្ទាក់។ ទន្ទឹមនឹងនោះ អន្ទាក់ចំនួន ១៤.៣២៥ អន្ទាក់ត្រូវបានដោះចេញ​ពីតំបន់ការពារធម្មជាតិក្នុងឆមាស​ទី១ ឆ្នាំ២០២៣ នេះ។

ប៉ុន្តែបើទោះបីជាយ៉ាងនេះក្ដី ក្រសួងបរិស្ថាន និងអង្គការ​ដៃគូ បានប៉ាន់ប្រមាណថាមានអន្ទាក់ចំនួន​ត្រឹមតែ ២០% ប៉ុណ្ណោះ ដែលត្រូវបានដោះចេញពី​តំបន់​​ការពារធម្មជាតិក្នុងមួយឆ្នាំ។ ម្លោះហើយ បានជាភាគីពាក់ព័ន្ធនៅតែចាំបាច់ក្នុងការធ្វើការរួមគ្នាបន្តទៀត ដើម្បីឈានទៅបញ្ចប់វិបត្តិអន្ទាក់ នៅកម្ពុជា។

បន្ថែមពីនេះទៀត របាយការណ៍នៃការអនុវត្តយុទ្ធនាការបានបង្ហាញថា មានប្រជាជនជាង ៤ពាន់នាក់ បានចូលរួមប្តេជ្ញាចិត្តមិនបរិភោគសាច់សត្វព្រៃ ដែលវាបានជំរុញការផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបថ ឲ្យបោះបង់ចោលការនិយមសាច់សត្វព្រៃ ខណៈភោជនីយដ្ឋានសរុបចំនួន ១០៣កន្លែង ក្នុងខេត្ត គោលដៅទាំង១២ បានប្តេជ្ញាចិត្តមិនលក់មុខម្ហូបពីសាច់សត្វព្រៃក្នុងសេវាអាហារដ្ឋានរបស់ខ្លួន ហើយភោជនីយដ្ឋានទាំងនេះបានទទួលនូវប័ណ្ណសរសើរមេត្រីបរិស្ថានពីក្រសួងបរិស្ថានសម្រាប់ការចូលរួមរបស់ពួកគេក្នុងការទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជាផងដែរ។

យោងតាមសមិទ្ធិផលដ៏ត្រចះត្រចង់ខាងលើនេះ ក្រសួងបរិស្ថាន និងអង្គការដៃគូបានសន្មតថា យុទ្ធនាការដែលបានប្រព្រឹត្តិទៅអស់២ដំណាក់កាលមកនេះ ជាជោគជ័យមួយគួរជាទីមោទនៈ សម្រាប់ប្រជាជាតិកម្ពុជាជារួម។ នេះបើតាមការគូសបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា ក្នុងកិច្ច​ប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តយុទ្ធនាការអន្ទាក់សូន្យ ដែលបាន ប្រព្រឹត្តទៅនាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន៕

អត្ថបទទាក់ទង