គ្រូបង្វឹកក្លិបបាល់ទាត់ អង្គរ ថាយហ្គឺរ បង្ហាញចំណាប់អារម្មណ៍មុនលីគគំពូលកម្ពុជាមកដល់
បន្ទាប់ពីបញ្ចប់ការប្រកួតមិត្តភាព Pre-season មុនបើករដូវកាល ពេលនេះ ការប្រកួតលីគកំពូលកម្ពុជា ឬ Cambodian Premier League នឹងចូលមកដល់នៅចុងសប្ដាហ៍នេះហើយ។
យ៉ាងណា មុនលីគកំពូលកម្ពុជាមកដល់ គ្រូបង្វឹកក្លិបបាល់ទាត់អង្គរថាយហ្វឺរ លោក Alistair Heath បានបង្ហាញការយល់ឃើញមួយចំនួនជុំវិញការប្រកួតមុនបើករដូវកាល ដែលក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ បានប្រកួតនាពេលកន្លងមក។
លោក Alistair Heath បានគូសបញ្ជាក់នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោកថា ៖ « យើងបានបញ្ចប់ការប្រកួតមុនរដូវកាលចុងក្រោយរបស់យើង កាលពីចុងសប្តាហ៍មុន ហើយខ្ញុំរីករាយ ដែលបានឃើញពីការលះបង់ និងការខិតខំប្រឹងប្រែងរបស់កីឡាករ ដែលបានធ្វើ ក្នុងអំឡុងពេលនៃការរៀបចំនេះ»។
អតីតគ្រូបង្វឹកយុវជនរបស់ក្រុម Leicester City បានបន្តថា៖«យ៉ាងណាក៏ដោយ ការធ្វើតេស្តពិតប្រាកដ នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ ទល់នឹងក្រុម អាយ អេស អាយ ដង្កោសែនជ័យ។ ក្រុមលីគកំពូលកម្ពុជានីមួយៗបានពង្រឹង បន្ទាប់ពីបញ្ចប់ការប្រកួត League Cup ហើយមេរៀន និងបទពិសោធន៍ដែលយើងទទួលបានអំឡុងពេលមុនបើករដូវកាល នឹងត្រូវយកមក ហើយមិនមានការប្រកួតណាមួយដែលងាយស្រួលនោះទេ»។
គួរបញ្ជាក់ថា កាលពីរដូវកាលមុន ក្លិបបាល់ទាត់ Angkor Tiger FC បានបញ្ចប់នៅចំណាត់ថ្នាក់ទី៧ ក្នុងចំណោមក្រុមទាំង៨ នៅលីគកំពូលកម្ពុជា៕