ហង្សក្រហម Liverpool រកបានប្រធានក្រុមថ្មី ជំនួសតំណែង Jordan Henderson ដែលផ្លាស់ទៅលេងអារ៉ាប់
(បាល់ទាត់)៖ ក្លឹបហង្សក្រហម Liverpool បានតែងតាំងខ្សែការពារ Virgil van Dijk ជាប្រធានក្រុមថ្មីរបស់ក្លឹប ខណៈខ្សែការពារ Trent Alexander-Arnold ទទួលតួនាទីជាអនុប្រធានក្រុម។ នេះបើយោងតាមក្លឹប Premier League បានប្រកាសកាលពីថ្ងៃចន្ទ។
Virgil វ័យ ៣២ឆ្នាំ ដែលជាប្រធានក្រុមជម្រើសជាតិហូឡង់ នឹងជំនួសតំណែង Jordan Henderson បន្ទាប់ពីខ្សែបម្រើអង់គ្លេសរូបនេះ បានទៅចូលរួមជាមួយក្លឹប Al-Ettifaq សមាជិក Saudi Pro League កាលពីសប្តាហ៍មុន ដោយបញ្ចប់ការស្នាក់នៅរយៈពេល ១២ឆ្នាំ នៅ Anfield។
ជាមួយគ្នានេះ Alexander-Arnold ដែលមានវ័យ ២៤ឆ្នាំ នឹងទទួលបន្ទុកពីកីឡាករជើងចាស់ James Milner ជាអនុប្រធានក្រុម បន្ទាប់ពី Milner បានចូលរួមជាមួយ Brighton & Hove Albion។
Van Dijk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ «វាជាថ្ងៃដ៏មោទនភាពមួយសម្រាប់ខ្ញុំ សម្រាប់ភរិយាខ្ញុំ សម្រាប់កូនៗ និងគ្រួសាររបស់ខ្ញុំ។ វាជាអារម្មណ៍ពិសេសមួយ ហើយខ្ញុំពិតជាមិនអាចពិពណ៌នាអំពីវានៅពេលនេះបានទេ។ ប៉ុន្តែវាជាអ្វីដែលខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់។ ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីធ្វើឱ្យមនុស្សគ្រប់គ្នាមានមោទនភាព និងសប្បាយរីករាយជាមួយខ្ញុំ និងក្លឹប»។
គួរបញ្ជាក់ថា Van Dijk បានបង្ហាញខ្លួន ចំនួន ២២២ ប្រកួត ឱ្យក្លឹបដែលមានរហស្សនាម “ហង្សក្រហម” ចាប់តាំងពីផ្ទេរពីក្លឹប Southampton ក្នុងក្របខ័ណ្ឌ Championship ក្នុងឆ្នាំ ២០១៨៕