ជប៉ុន និងអេស្ប៉ាញ ជាក្រុមដំបូងគេកក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ព្រឹត្តិការណ៍ Women’s World Cup ២០២៣
ក្រុមជម្រើសជាតិនារីជប៉ុន និងអេស្ប៉ាញ បានក្លាយជាក្រុមដំបូងគេកក់កៅអីវគ្គ១៦ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍ FIFA Women’s World Cup ២០២៣ បន្ទាប់ពីឆ្លងកាត់ការប្រកួតវគ្គជម្រុះពូលចំនួន២ប្រកួត ឈ្នះទាំង២ មាន៦ពិន្ទុពេញដូចគ្នា។
ក្នុងប្រកួតបើកឆាក ក្រុមជម្រើសជាតិនារីជប៉ុន បានលត់ក្រុមជម្រើសជាតិនារីហ្សាំប៊ី យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៥-០ ហើយប្រកួតទី២ ដែលបានធ្វើឡើងកាលពីម្សិលមិញនេះ ជប៉ុន បន្តយកឈ្នះ កូស្តារីកា ក្នុងលទ្ធផល ២-០។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺថាមិនទាន់មានក្រុមណា អាចស៊ុតទម្រុះសំណាញ់ទីរបស់ជប៉ុនបានឡើយ គិតត្រឹមពេលនេះ។
ជាមួយគ្នានេះ ដែលក្រុមជម្រើសជាតិនារីអេស្ប៉ាញ ក៏បានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយដូចគ្នា ក្រោយឆ្លងកាត់២ប្រកួត ឈ្នះទាំង២ មាន៦ពិន្ទុពេញ ឈរកំពូលតារាងជម្រុះពូល C។ ប្រកួតបើកឆាក អេស្ប៉ាញ បានយកឈ្នះ កូស្តារីកា ក្នុងលទ្ធផល ៣-០ ហើយប្រកួតទី២ បានលត់ក្រុមជម្រើសជាតិនារីហ្សាំប៊ី យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៥-០។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA Women’s World Cup ឆ្នាំ២០២៣ ដែលប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ទទួលរៀបចំធ្វើជាសហម្ចាស់ផ្ទះ គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី២០ ខែសីហា៕