ការទស្សនាបាតសមុទ្រ ជារបត់ថ្មីនៃវិស័យទេសចរណ៍កម្ពុជា
ជាទូទៅ គេប្រហែលជាធ្លាប់ឮអំពីទេសចរណ៍បែបផ្សងព្រេង ទេសចរណ៍តាមរមណីយដ្ឋាន ទេសចរណ៍បែបសហគមន៍ជាដើម ប៉ុន្តែសម្រាប់ទេសចរណ៍ក្រោមបាតសមុទ្រគឺជារឿងថ្មីមួយសម្រាប់វិស័យទេសចរណ៍កម្ពុជា។
ទេសចរណ៍ក្រោមបាតសមុទ្រនេះ សំដៅលើការមុជចុះទៅក្រោមបាតសមុទ្រដើម្បីទស្សនាផ្កាថ្ម ក៏ដូចជាជីវៈចម្រុះដែលរស់នៅទីនោះ។ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរ ជម្រៅនៃការមុជនឹងត្រូវបានកំណត់ដោយក្រុមហ៊ុនផ្ដល់សេវាកម្ម ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវ។
ជម្រៅទូទៅដែលអ្នកទេសចរអាចមុជបាននោះគឺចន្លោះពី ១៥ ទៅ១៨ម៉ែត្រ ដោយមានបំពាក់ឧបករណ៍សម្រាប់ផ្គត់ផ្គង់អុកស៊ីសែន។ ការមុជចុះទៀតសោត នឹងធ្វើឡើងជាក្រុមដោយក្នុងនោះ នឹងមានអ្នកជំនាញចូលរួមផងដែរ។
បើតាមក្រុមហ៊ុន Khmer Dive Group ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មជូនភ្ញៀវមុជទឹកទេសចរណ៍ក្រោមបាតសមុទ្រមានភាពខុសគ្នាច្រើនពីទេសចរណ៍ផ្សេងៗ។ ខុសគ្នាត្រង់ថា មុននឹងអាចមុជទឹក សមុទ្របាន អ្នកទេសចរត្រូវមានសញ្ញាបត្រមុជទឹកមូលដ្ឋានជាមុនសិន ពោលគឺពួកគេត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលជាមូលដ្ឋានសិន។
លោក ញ៉ែម ប៊ូថង អ្នកជំនាញមុជទឹករបស់ក្រុមហ៊ុន Khmer Dive Group បានឱ្យដឹងថា តម្លៃសម្រាប់សេវាកម្មមុជទឹកនេះជាមធ្យមគឺ ៤០០ដុល្លារ ដែលតម្លៃនេះរាប់បញ្ចូលទាំងវគ្គបណ្ដុះបណ្ដាលយកសញ្ញាបត្រផងដែរ។
អ្នកជំនាញរូបនេះបានឱ្យដឹងទៀតថា៖ «សម្រាប់រយៈពេលវិញ ទាមទារដល់ទៅ ៤ ថ្ងៃ ដែលថ្ងៃទី១ ជាការបង្រៀនទ្រឹស្ដី ថ្ងៃទី២ ជាការអនុវត្តទឹករាក់ ថ្ងៃទី៣ និងទី៤ ទើបអាចទៅដកស្រង់បទពិសោធន៍ជាក់ស្ដែងបាន ដោយអាចមុជបានត្រឹមជម្រៅជ្រៅបំផុត ១៨ ម៉ែត្រ។»
អ្វីដែលជាចំណុចទាក់ទាញដ៏សំខាន់មួយសម្រាប់ទេសចរណ៍បាតសមុទ្រគឺ ទស្សនីយភាពដ៏ស្រស់ត្រកាលដែលអ្នកទេសចរមិនងាយនឹងបានឃើញ។ ទឹកសមុទ្រថ្លាដូចកញ្ចក់ ដែលអនុញ្ញាតឱ្យអ្នកទេសចរអាចមើលឃើញជីវចម្រុះគ្រប់ប្រភេទហែលខ្វែងខ្វាត់ ផ្កាថ្មដ៏សម្បូរបែប ដែលនៅរាយប៉ាយដុះចេញជារូបរាងខុសៗគ្នា។
សម្រាប់បញ្ហាសុវត្ថិភាព អ្នកជំនាញដដែលបានគូសបញ្ជាក់ថា ខាងក្រុមហ៊ុនមានជាការរៀបចំច្បាស់លាស់ ដើម្បីធានាជូនភ្ញៀវ ដោយនៅពេលមុជទឹក គឺមានការមុជជាក្រុម ក្នុងនោះក៏មានអ្នកជំនាញ ដើម្បីចាំជួយផងដែរ។ ម្យ៉ាងទៀត តំបន់ដែលក្រុមហ៊ុនជ្រើសរើសយកភ្ញៀវទេសចរទៅ សុទ្ធសឹងតែជាតំបន់មានការស្រាវជ្រាវច្បាស់លាស់ និងជាតំបន់ល្បីល្បាញថា មានផ្កាថ្មស្អាតៗ តួយ៉ាងដូចជា កោះរ៉ុង កោះ ២៣ រ៉ុងសន្លឹម និងបណ្ដាកូនកោះផ្សេងទៀតនៅខេត្តព្រះសីហនុ និងកោះកុង។
យ៉ាងណាមិញ ចំពោះភ្ញៀវដែលមកទទួលសេវាកម្មវិញ ភាគច្រើនគឺជាភ្ញៀវបរទេសដែលមានទម្លាប់ទទួលកញ្ចប់សេវាកម្មមុជទឹកពីមុនមក ឬជាអ្នកដែលចង់ដឹង ចង់ស្គាល់អ្វីដែលថ្មី ចំណែកឯភ្ញៀវជាជនជាតិខ្មែរគឺមានភាគតិច។ បើទោះជាយ៉ាងនេះក្ដី លោក ញ៉ែម ប៊ូថង បានកត់សម្គាល់ឃើញថា ប្រជាជនខ្មែរកំពុងមានទំនោរងាកមកយកសេវាកម្មកម្សាន្ដនៅបាតសមុទ្រនេះម្ដងបន្តិចៗហើយ។
យ៉ាងណាមិញ មិនត្រឹមតែផ្ដល់សេវាកម្មជូនភ្ញៀវមុជទឹកប៉ុណ្ណោះទេ ក្រុមហ៊ុន Khmer Dive Group ក៏មានការសហការជាមួយអាជ្ញាធរ ព្រមទាំងក្រសួងពាក់ព័ន្ធក្នុងការកំណត់អត្តសញ្ញាណជីវៈចម្រុះ ក្រោមបាតសមុទ្រប្រភេទថ្មីៗផងដែរ។
ក្រៅពីនេះ ទេសចរណ៍ក្រោមបាតសមុទ្រក៏ជាផ្នែកមួយក្នុងការអភិរក្សជីវៈចម្រុះ និងបណ្ដុះស្មារតី ស្រឡាញ់ ព្រមទាំងចូលរួមថែរក្សាធនធានទាំងលើគោក និងក្រោមទឹក៕