Close

ក្រសួងការងារនឹងបញ្ចូលជំនាញដូរតន្ត្រីទៅក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញដោយឥតគិតប្រាក់

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣ សង្គម
ក្រសួងការងារនឹងបញ្ចូលជំនាញដូរតន្ត្រីទៅក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញដោយឥតគិតប្រាក់ ក្រសួងការងារនឹងបញ្ចូលជំនាញដូរតន្ត្រីទៅក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញដោយឥតគិតប្រាក់

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីពេលថ្មីៗនេះ បានទទួលជួបសម្ដែងការគួរសមជាមួយប្រតិភូសមាគមអ្នកភ្លេងខ្មែរ។

នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារបានលើកឡើងពីគម្រោងក្នុងការដាក់បញ្ចូលជំនាញដូរតន្ត្រីទៅក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញដែលផ្ដល់​ដោយ​រាជរដ្ឋាភិបាលកម្ពុជា។

ស្របពេលជាមួយគ្នាដែលបច្ចេកវិទ្យាកាន់តែទំនើប ការហូរចូលនៃទម្រង់សិល្បៈ វប្បធម៌បរទេស កាន់តែមានភាពងាយស្រួល ដូច្នេះហើយត្រូវទាមទារឱ្យមានការថែរក្សាអត្តសញ្ញាណទ្វេដង។

ក្នុងបរិបថនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារបានសង្កត់ធ្ងន់ថា នេះមិនមែនជាការបង្អាក់ដំណើរ ឬក៏ហាមឃាត់នូវចំណូល ចិត្តបែបយុវជនសម័យថ្មីទេ ប៉ុន្តែជាការក្រើនរំលឹកពួកគេក្នុងការចូលរួម​ថែរក្សាអ្វីដែលរបស់ខ្មែរ។

បើតាមឯកឧត្តម អ៊ិត សំហេង បានចាត់ទុកថា សិល្បៈគឺជាការបញ្ជ្រាបចំណេះដឹង​ ស្មារតី​ស្រឡាញ់ជាតិ ស្រឡាញ់សមិទ្ធិផលដែលជាតិមាន បណ្ដុះបណ្ដាល ហើយសមាគមជាផ្នែកមួយ​ដ៏សំខាន់ក្នុងការចូលរួម​បញ្ជ្រាបនូវគំនិតនេះទៅដល់កូនខ្មែរជំនាន់ក្រោយ។ ម្យ៉ាងទៀត សេវាកម្មដូរតន្ត្រីក៏មានទីផ្សារការងារខ្ពស់ដែរ ខណៈនៅតាមសណ្ឋាគា ភោជនីយដ្ឋាន​ក៏ត្រូវការសេវា កម្មដូរតន្ត្រី ដែលជាមុខរបរសម្រាប់ជួយជីវភាពផង និងចូលរួមលើកស្ទួយ​ដល់វប្បធម៌ជាតិផង។

ដោយឡែក សមាគមអ្នកភ្លេងដែលទើបត្រូវបានបង្កើតឡើងកាលពីខែមេសា ឆ្នាំ២០២៣កន្លង​ទៅនេះ គឺជាការ​ប្រមូលផ្ដុំធនធានមនុស្សជំនាន់មុន ដែលឆ្លងកាត់ការបណ្ដុះបណ្ដាល និងមាន​សមត្ថភាពពិត​ប្រាកដ។

តួនាទីរបស់សមាគម គឺយកធនធានជំនាញដែលខ្លួនបានប្រមូលផ្ដុំទៅបណ្ដុះបណ្ដាលធនធានជំនាន់ក្រោយ ដើម្បីជាការរក្សា និងអភិរក្សជំនាញដូរតន្រ្តីខ្មែរឱ្យនៅគង់វង្សបានយូរតទៅ​ទៀត។

គួរបញ្ជាក់ថា ដំណើរការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនទាំង​១លាន៥​សែននាក់នេះ នឹងអនុវត្ត​ចាប់ពីខែសីហា ឆ្នាំ២០២៣តទៅ។ ការបណ្តុះ​បណ្តាលវិជ្ជាជីវៈនេះគឺមិនតម្រូវឱ្យយុវជនបង់ថ្លៃសិក្សាឡើយ ហើយផ្ទុយ​មកវិញរដ្ឋនឹងផ្តល់ប្រាក់​ឧបត្ថម្ភដល់យុវជនជារៀងរាល់ខែថែមទៀត។ ដោយសារតែបែប​នេះហើយ ទើបក្រសួងការងារ ត្រូវការដៃគូបន្ថែមដើម្បីត្រៀមសហការផ្ដល់ការបណ្ដុះបណ្ដាល​ដល់យុវជន​ក្នុងចំណោម១,៥​លាននាក់នោះ។

យ៉ាងណាមិញ កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ២០២៣ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ថា រដ្ឋាភិបាល​នឹង​ផ្ដល់​ការបណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​ក្រីក្រ​ ដែល​គ្មាន​លទ្ធភាព​រៀន​នៅ​មហាវិទ្យាល័យ​ប្រមាណ​១,៥​លាន​នាក់ ​ដោយ​ឥតគិតថ្លៃ​។ ក្នុងឱកាសនោះដែរ សម្ដេចតេជោ​ក៏បាន​ណែនាំ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​សិក្សា​អំពី​លទ្ធភាព​ក្នុងការ​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​យុវជន​ក្រីក្រ​ទាំងនោះ​ជា​ប្រចាំខែ ​បន្ថែម​ពី​ការទទួលបាន​ឱកាស​សិក្សា​ដើម្បី​បង្កលក្ខណៈ​ងាយ​ស្រួល​ដល់​យុវជន​ក្រី​ក្រទាំង​​នោះ​ឱ្យ​ទទួលបាន​ជោគជ័យ​ផងដែរ​៕

អត្ថបទទាក់ទង