Beckham ៖ Messi នឹងត្រូវការពេលវេលា ដើម្បីសម្របខ្លួនទៅនឹង MLS
(បាល់ទាត់)៖ លោក David Beckham ជឿជាក់ថា កីឡាករ Lionel Messi នឹងត្រូវការពេលវេលា ដើម្បីសម្របខ្លួនទៅនឹង Major League Soccer ទោះបីជាស្តង់ដារនៃការលេងគឺនៅ “កម្រិតខុសគ្នា” ពីការប្រកួតនៅអឺរ៉ុប ក៏ដោយ។
សហម្ចាស់ក្លឹប Inter Miami លោក Beckham ដែលជាអតីតខ្សែបម្រើ Manchester United និង Real Madrid បានមកមើល Messi ចូលរួមក្នុងការហ្វឹកហាត់ដំបូងរបស់គាត់សម្រាប់ក្លឹប កាលពីថ្ងៃអង្គារ បន្ទាប់ពីចុះកិច្ចសន្យារយៈពេល ២ឆ្នាំកន្លះ។
អតីតវីរៈបុរសអង់គ្លេសរូបនេះ បាននិយាយថា ៖«Leo នៅតែត្រូវការពេលវេលា ទោះបីជាគាត់ល្អយ៉ាងណាក៏ដោយ មិនថាគាត់មានការលេងនៅកម្រិតកម្ពស់បែបណាក៏ដោយ គាត់នឹងត្រូវការពេលវេលា ដើម្បីសម្របខ្លួន»។
លោកបានបន្តថា ៖ «ភាពស្រដៀងគ្នាមួយនឹងកើតឡើងលើ Messi និងរូបខ្ញុំ។ នៅពេលដែលខ្ញុំមកទីនេះភ្លាម មនុស្សគ្រប់គ្នាគិតថា LA Galaxy នឹងឈ្នះគ្រប់ការប្រកួត 7-0, 8-0 និងឈ្នះអ្វីៗគ្រប់យ៉ាង ប៉ុន្តែជាក់ស្ដែងគ្មានទេ»។
ជាការពិត Beckham គឺជាឈ្មោះដ៏ធំបំផុត ដែលបានផ្លាស់ទៅ MLS នៅពេលដែលគាត់បានចុះហត្ថលេខា ជាមួយ LA Galaxy ក្នុងឆ្នាំ ២០០៧ នៅពេលដែលលីគកំពូលអាមេរិក មានក្លឹបត្រឹមតែ ១៣ប៉ុណ្ណោះ ខណៈ បច្ចុប្បន្នមានក្លិបរហូតដល់ ២៩ ក្លិប។ ប៉ុន្តែទោះបីជា Beckham មកដល់ក៏ដោយ Galaxy មិនអាចសូម្បីតែអាចឡើងវគ្គ Playoff ក្នុងពីររដូវកាលដំបូងរបស់គាត់។
LA បានបញ្ចប់នៅជាប់បាតតារាង Western Conference ក្នុងឆ្នាំ ២០០៧ និង ២០០៨ប៉ុន្តែបន្ទាប់មកពួកគេបានឈ្នះពានរង្វាន់ MLS Cup ក្នុងឆ្នាំ ២០១១ និង ២០១២៕