មិនគួរឲ្យជឿ! Bayern Munich លុតក្រុម Rottach-Egern ២៧-០ ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល
បាល់ទាត់ ៖ កាលពីយប់ថ្ងៃអង្គារ ម្សិលមិញនេះ ក្រុមយក្សអាល្លឺម៉ង់ FC Bayern Munich បានប្រកួតមិត្តភាពកម្ដៅសាច់ដុំជាលើកដំបូងរបស់ពួកគេ មុនបើករដូវកាលថ្មី ជាមួយនឹងការទទួលជ័យជម្នះ ២៧-០ លើក្រុម FC Rottach-Egern។
ក្នុងការប្រកួតយប់មិញនេះ កីឡាករបួននាក់ បានស៊ុតបាល់បញ្ចូលទី Hat Trick ក្នុងនោះមានដូចជា Jamal Musiala, Marcel Sabitzer និង Mathys Tel ដោយម្នាក់ៗរកបាន ៥គ្រាប់ ខណៈកីឡាករជើងចាស់ Serge Gnabry រកបាន៣គ្រាប់។
ជាមួយគ្នានេះ កីឡាករចំណូលថ្មី Raphael Guerreiro រកបានគ្រាប់បាល់២គ្រាប់ផងដែរ ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គាត់ ជាមួយ Bayern ចាប់តាំងពីផ្ទេរពី Borussia Dortmund ខណៈដែល Sadio Mane និង Kingsley Coman រកបានម្នាក់មួយគ្រាប់នៅចុងម៉ោង។
មែនទែបនទៅ ការស៊ុតបញ្ចូលទីច្រើនគ្រាប់លើ Rottach-Egern នេះ មិនមែនជារឿងម្លែកអ្វីទេសម្រាប់ Bayern Munich ដោយកាលជួបគ្នាក្នុងឆ្នាំ ២០១៩ Bayern ក៏បានលុត Rottach-Egern ក្នុងលទ្ធផល ២៣-០ ផងដែរ។ នៅមិនទាន់អស់នោះទេ កាលពីឆ្នាំ ២០១៨ ដែលជាការជួបគ្នាលើកដំបូង Bayern បានយកឈ្នះ Rottach-Egern ក្នុងលទ្ធផល ២០-២។ ដូច្នេះសរុបគ្រាប់បាល់ការជួបគ្នាទាំង៣លើក Bayern Munich ស៊ុតបញ្ជូលទីបាន ៧០គ្រាប់ ខណៈ Rottach-Egern ស៊ុតបានតែ ២គ្រាប់ប៉ុណ្ណោះ។
វាជាថ្ងៃដ៏មមាញឹកសម្រាប់ក្លឹបរបស់លោក Thomas Tuchel នៅក្រៅទីលានផងដែរ ដោយ Bayern បានប្រកាសពីការចុះហត្ថលេខាលើ Kim Min-Jae ពី Napoli ភ្លាមៗមុនពេលការប្រកួត និងបានតែងតាំងអតីតប្រធានផ្នែកកីឡា FC Salzburg លោក Christoph Freund ឱ្យកាន់តំណែងដូចគ្នានៅជើងឯក Bundesliga ៕