ប៉ាគីស្ថានបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងលើ អាហ្វហ្គានីស្ថាន
ទីក្រុង អ៊ីស្លាម៉ាបាដ ៖ ប៉ាគីស្ថានបានបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងលើប្រទេស អាហ្វហ្គានីស្ថាន ពេញមួយយប់ ខណៈក្រុមតាលីបង់អះអាងថា មានមនុស្សយ៉ាងហោចណាស់ ១៨នាក់ត្រូវបានសម្លាប់ រួមមានស្ត្រី និងកុមារផងដែរ។
ទីក្រុង អ៊ីស្លាម៉ាបាដ បានបញ្ជាក់ថា ការវាយប្រហារនេះបានកំណត់គោលដៅលើជំរុំ និងកន្លែងលាក់ខ្លួនចំនួន ៧ កន្លែងនៅជិតព្រំដែនរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន។ មន្ត្រីប៉ាគីស្ថានអះអាងថា ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកអត្តឃាតថ្មីៗនៅក្នុងប្រទេសរបស់ខ្លួន។
ភាគីអាហ្វហ្គានីស្ថានបានថ្កោលទោសការវាយប្រហារនេះ ដោយអះអាងថា គោលដៅជាច្រើនជាផ្ទះប្រជាពលរដ្ឋ និងសាលាសាសនា។ ក្រសួងការពារជាតិតាលីបង់បញ្ជាក់ថា តំបន់ស៊ីវិលក្នុងខេត្ត Nangarhar និង Paktika ត្រូវបានវាយប្រហារ បណ្តាលឲ្យមានអ្នកស្លាប់រាប់សិបនាក់។

នៅភូមិ Girdi Kas ក្នុងស្រុក Bihsud ខេត្ត Nangarhar បុរសម្នាក់ឈ្មោះ Shahabuddin បានប្រាប់អ្នកសារព័ត៌មានថា ក្នុងចំណោមសមាជិកគ្រួសាររបស់គាត់ ២៣នាក់ មានតែ ៥នាក់ប៉ុណ្ណោះដែលរស់រានមានជីវិត បន្ទាប់ពីផ្ទះរបស់ពួកគេត្រូវបានបំផ្លាញ។ អ្នកនាំពាក្យតាលីបង់ លោក Sayed Taib Hamd អះអាងថា សមាជិកគ្រួសារ ១៨នាក់បានស្លាប់ ខណៈសារព័ត៌មាន BBC រាយការណ៍ថា ចំនួនអ្នកស្លាប់អាចមានប្រហែល ២០នាក់។
ប៉ុន្តែមន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋបានប្រាប់ BBC ថា ផ្ទះសំណាក់មួយ និងសាលាសាសនាមួយក្នុងស្រុក Bermal និង Urgun ខេត្ត Paktika ត្រូវបានកំណត់ជាគោលដៅ ប៉ុន្តែគ្មានមនុស្សនៅ ទីនោះទេ។
ក្រសួងព័ត៌មាន និងសោតទស្សន៍ប៉ាគីស្ថានបានឲ្យដឹងថា ប្រតិបត្តិការនេះផ្អែកលើ “ព័ត៌មានសម្ងាត់ច្បាស់លាស់” ដើម្បីកំណត់គោលដៅជំរុំភេរវករ។ នៅក្នុងសេចក្តីថ្លែងការណ៍លើបណ្តាញសង្គម X រដ្ឋាភិបាលបានបញ្ជាក់ថា គោលដៅរួមមានសមាជិកក្រុម Tehreek-i-Taliban Pakistan (TTP) ដែលត្រូវបានហាមឃាត់ ហៅថា “Fitna al Khawarij” ព្រមទាំងសាខារបស់ពួកគេ និងក្រុម Islamic State-Khorasan។
ប៉ាគីស្ថានបានពណ៌នាការវាយប្រហារនេះថា ជា “ការឆ្លើយតប” ចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតថ្មីៗ ដែលខ្លួនអះអាងថា ត្រូវបានរៀបចំដោយក្រុមសកម្មប្រយុទ្ធមានមូលដ្ឋាននៅអាហ្វហ្គានីស្ថាន។ ការវាយប្រហារក្នុងប៉ាគីស្ថានថ្មីៗនេះ រួមមានការវាយប្រហារលើវិហារអ៊ីស្លាម Shia ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ និងការវាយប្រហារផ្សេងៗទៀតនៅខេត្ត Khyber Pakhtunkhwa ចាប់តាំងពីខែរ៉ាម៉ាដានចាប់ផ្តើម។

ជាឆ្លើយតប ក្រសួងការពារជាតិតាលីបង់បានថ្កោលទោសការវាយប្រហារនេះថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីអាហ្វហ្គានីស្ថាន ហើយជាការបំពានច្បាប់អន្តរជាតិយ៉ាងច្បាស់។ ពួកគេបានព្រមានថា នឹងមាន “ការឆ្លើយតបសមស្រប” នៅពេលសមគួរ។
ហេតុការណ៍នេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពី អារ៉ាប៊ីសាអូឌីត បានជួយសម្របសម្រួលការដោះលែងទាហានប៉ាគីស្ថាន ៣នាក់ ដែលត្រូវបានចាប់ខ្លួននៅទីក្រុងកាប៊ុល អំឡុងពេលប៉ះទង្គិចព្រំដែនកាលពីខែតុលា។
គួរបញ្ជាក់ថា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន មានព្រំដែនភ្នំប្រវែងប្រមាណ ១,៦០០ ម៉ាយល៍ (២,៥៧៤ គីឡូម៉ែត្រ) ដែលជាតំបន់មានភាពតានតឹងជាបន្តបន្ទាប់ ចាប់តាំងពីក្រុមតាលីបង់វិលត្រឡប់មកកាន់អំណាចវិញនៅឆ្នាំ២០២១៕