ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ប្រកួតឈ្នះដូចគ្នា ក្នុងការប្រកួតមិត្តភាព ក្នុងប្រទេសថៃ កាលពីម្សិលមិញនេះ
កាលពីម្សិលមិញនេះ ក្លិបខ្លាំងពីររបស់កម្ពុជា គឺក្លិបបាល់បាល់ទាត់ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង បានប្រកួតឈ្នះដូចគ្នា ក្នុងការប្រកួតមិត្តភាពដកស្រង់បច្ចេកទេស Pre-Season នៅប្រទេសថៃ។
ជំនួបដ៏ជក់ចិត្តកាលពីរសៀលម្សិលមិញនេះ គឺក្លិបបាល់ទាត់ភ្នំពេញក្រោន បានយកឈ្នះ SUPHANBURI សមាជិកលីគទីលំដាប់២ថៃ ក្នុងលទ្ធផល ៣ ទល់នឹង ០។ ៣គ្រាប់របស់ក្រុមដែលមានរហស្សនាម សឹងក្រហម រកបានដោយកីឡាករ ពៅ ពុនវុទ្ធី គ្រាប់បាល់ទី១, គ្រាប់បាល់ទី២ រកបានដោយកីឡាករគូឡំបី Andrés Nieto និងគ្រាប់បាល់ទី៣ រកបានដោយកីឡាករជប៉ុន Shintaro Shimizu។
ចំណែកជំនួបរវាង ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និង Police Tero FC សមាជិកលីគកំពូលថៃ ឯណោះវិញ ការប្រកួតបានបញ្ចប់ទៅ ដោយ ស្វាយរៀង បានយកឈ្នះ Police Tero ក្នុងលទ្ធផល ៣ ទល់នឹង ០។ ៣គ្រាប់របស់ព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ Gabriel Silva Costa និងកីឡាករ គួច ដានី ចំណែកមួយគ្រាប់ទៀតជាបាល់ Own Goal របស់អ្នកចាំទី Police Tero។
គួរបញ្ជាក់ថា កាលពីថ្ងៃ អង្គារ ទី៤ ខែកក្កដានេះ ក្លិបបាល់ទាត់សេះមាសវិសាខា ក៏បានប្រកួតឈ្នះក្រុមបាល់ទាត់ Samut Prakan FC សមាជិកលីគលំដាប់ទី២ ថៃ ក្នុងលទ្ធផល ៥ ទល់នឹង ០ ផងដែរ៕