Close

ក្រុមការងារអភិរក្សបានរកឃើញសំបុកក្រពើភ្នំមួយកន្លែងស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ សង្គម
ក្រុមការងារអភិរក្សបានរកឃើញសំបុកក្រពើភ្នំមួយកន្លែងស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ក្រុមការងារអភិរក្សបានរកឃើញសំបុកក្រពើភ្នំមួយកន្លែងស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង

កោះកុង ៖ ក្រុមការងារអភិរក្សក្រពើភ្នំនៃអង្គការ Fauna & Flora ក្នុងកិច្ចសហការជាមួយមន្ទីរបរិស្ថានខេត្តកោះកុង រដ្ឋបាលព្រៃឈើ និងសហគមន៍មូលដ្ឋាន បានរកឃើញសំបុកក្រពើភ្នំមួយកន្លែងក្នុងជម្រកដីសើមនៃត្រពាំងពាង ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ខេត្តកោះកុង ក្នុងខែមិថុនា ឆ្នាំ២០២៣នេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន។

សំបុកនោះមានពងចំនួន ២១គ្រាប់ ដែល១៧គ្រាប់បានបង្កកំណើតនោះ ត្រូវបានផ្លាស់ទីទៅកន្លែងមានសុវត្ថិភាព និងកំពុងត្រូវបានភ្ញាស់នៅក្នុងសំបុកសិប្បនិម្មិត ដើម្បីធានាសុវត្ថិភាព ខណៈដែលពងមិនបង្កកំណើតចំនួន ៤គ្រាប់ ត្រូវបានទុកនៅក្នុងសំបុកដើម។

សំបុកសិប្បនិម្មិតនោះ ត្រូវបានហ៊ុមព័ទ្ធ និងយាមពេញមួយថ្ងៃដោយសហគមន៍អភិរក្សក្រពើរបស់យើង ដើម្បីការពារពងពីគ្រោះថ្នាក់ផ្សេងៗ។ យើងរំពឹងថាពងនឹងញាស់នៅពាក់កណ្តាលខែសីហាខាងមុខនេះ ហើយកូនក្រពើនឹងត្រូវលែងចូលទៅក្នុងធម្មជាតិវិញ ដើម្បីធានាថាពួកគេមានឱកាសរស់រានមានជីវិតខ្ពស់បំផុត។

ក្រពើភ្នំ (Crocodylus siamensis) ជាប្រភេទសត្វជិតផុតពូជបំផុត និងគំរាមកំហែងដល់ការផុតពូជពីធម្មជាតិ។ ក្រពើភ្នំ ត្រូវបានរកឃើញមានវត្តមាន នៅប្រទេសកម្ពុជា ដោយការអង្កេតរបស់អង្គការ Fauna & Flora និងរដ្ឋបាលព្រៃឈើនៅតំបន់ជួរភ្នំក្រវាញក្នុងឆ្នាំ២០០០ ដែលជាទីជម្រកដ៏សំខាន់បំផុតសម្រាប់ប្រភេទនេះ។

ចំនួនក្រពើភ្នំសរុបទូទាំងពិភពលោក តាមការសិក្សាបានវាយតម្លៃថា មានចំនួនប្រហែល ១ពាន់ ក្បាល ក្នុងនោះ ប្រទេសកម្ពុជាមានវត្តមានក្រពើភ្នំជិត ៤០០ក្បាល ដូច្នេះការរកឃើញសំបុកក្នុងធម្មជាតិនេះ គឺជាព័ត៌មានដ៏គួរឱ្យរំភើបរីករាយ៕

អត្ថបទទាក់ទង