ចំណេះដឹងកសិកម្ម៖ ការលាយល្បាយដីសម្រាប់រោយលើដំណាំ
ក្នុងការដាំដំណាំ ដើម្បីឲ្យទទួលផលបានច្រើន និងចំណេញច្រើន កសិករគួរចេះរកវិធីក្នុងការកាត់បន្ថយថ្លៃដើម។ ថ្លៃដើមមួយ ដែលដើតួនាទីយ៉ាងចាំបាច់សម្រាប់កសិករគឺជីគីមី ដោយកន្លងមកកសិករភាគច្រើននិយមប្រើប្រាស់តែជីគីមីនាំចូលដែលមានតម្លៃខ្ពស់។
ដូច្នេះប្រសិនបើចង់ចំណេញច្រើន ប្រជាកសិកអាចសិក្សា ក៏ដូចជាអនុវត្តនូវបច្ចេកទេសលាយជី កំប៉ុស្តិ៍ងាយៗដោយខ្លួនឯង។ ម្យ៉ាងទៀត បើសិនជាការដាំដុះនោះធ្វើឡើងជាលក្ខណៈគ្រួសារ កសិករនឹងអាចទទួលបានដំណាំសុវត្ថិភាពសម្រាប់បរិភោគទៀតផង។
ការលាយល្បាយដី ជាវិធីមួយក្នុងចំណោមវិធីជាច្រើនទៀត ដែលកសិករអាចជ្រើសរើសសម្រាប់ បង្កបង្កើនផល។ ខាងក្រោមនេះជាវិធីលាយល្បាយដីដែលកសិករអាចអនុវត្តលើការដាំដុះបាន៖
គ្រឿងផ្សំសំខាន់ៗសម្រាប់លាយល្បាយដីនេះរួមមាន ដីខ្មៅ (ដីស្រទាប់លើ ដែលស្ថិតនៅក្រោមម្លប់ឈើធំៗ) ជីកំប៉ុស្តិ៍ ធ្យូងអង្គាម និងស្រកីដូងម៉ដ្ឋ។ រីឯវិធីធ្វើមានដូចជា៖ យកដីខ្មៅ ដែលជាប្រភេទដីផុសទៅរែង ចម្រាញ់យកតែដីដែលម៉ដ្ឋល្អប្រមាណជា ៤០% ទៅលាយបញ្ចូលគ្នាជាមួយ ជីកំប៉ុស្តិ៍ប្រហែល ២០% ធ្យូងអង្កាមប្រហែល ២០% និងស្រកីដូងម៉ដ្ឋពី ២០ទៅ ៣០%។ នេះបើតាមការរៀបរាប់របស់លោក នី ប៊ុនថា កសិករដាំដុះផ្ទាល់ និងជាអ្នកចែករំលែកបច្ចេកទេស ដាំដុះតាមបណ្ដាញសង្គម។
លោក នី ប៊ុនថា បានបន្តថា កសិករអាចប្រើប្រាស់ប៉ែលសម្រាប់ចូកល្បាយទាំង៤ប្រភេទនេះឱ្យចូលគ្នាសព្វល្អ ២ ទៅ ៣ត្រឡប់។ រីឯដីដែលដុំៗ ដែលសល់ពីការរែងនោះ កសិករក៏អាចប្រើ ដើម្បីទ្រាប់ផើងផ្កា ឬដំណាំតូចៗផងដែរ ព្រោះប្រភេទដីនេះមានជីវជាតិស្រាប់។
បើតាមការរៀបរាប់របស់លោក នី ប៊ុនថា គេអាចយកល្បាយដីដែលលាយរួចទៅដាក់គ្របពីលើ គល់ដំណាំ ដូចជាដំាណាំប្រភេទស្លឹក ដំណាំប៉េងបោះ ស្ពៃ ម្ទេសជាដើម។ ហើយល្បាយដីនេះ ផងដែរមានលទ្ធភាពអាចធ្វើឱ្យដីនោះធូរល្អ ពេលដែលដាំដំណាំទៅចាប់ឬសបានល្អ ហើយមិនហាប់ណែន ងាយស្រួលច្រោះទឹក ពោលគឺជួយឲ្យដំណាំដុះ និងលូតលាស់បានល្អ។
មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលស្លឹកដំណាំមានពណ៍លឿង គេក៏អាចដាក់ល្បាយដីនេះគ្រប បន្ថែមពីលើគល់ដំណាំនោះ ហើយរយៈពេល៣ ទៅ៤ខែក្រោយមក ដំណាំនឹងប្រែពណ៍ទៅជា បៃតងវិញ។
ជាចុងក្រោយ ក្នុងនាមលោកជាកសិករដែលដាំដុះដំណាំចម្រុះជាលក្ខណៈគ្រួសារដែរនោះ លោកបានផ្ដល់ជាដំបូន្មានដល់កសិករទូទៅឱ្យយកចិត្តទុកដាក់លើការកាត់បន្ថយថ្លៃដើម ជាជាងការទិញជីគីមីគេស្រាប់ៗមកប្រើប្រាស់៕