ក្រុមបាល់បោះជិះរទេះបុរសកម្ពុជា ដាក់គោលដៅប្រជែងយកមេដាយជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះ
ក្រុមកីឡាបាល់បោះជិះរទេះជនពិការបុរសរបស់កម្ពុជា បានដាក់ក្តីសង្ឃឹម ក្នុងការប្រជែងយកមេដាយជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលនឹងធ្វើឡើងពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ។ នេះបើតាមការចេញផ្សាយរបស់ Cambodia 2023។
មែនទែនទៅ ការបង្ហាញក្តីសង្ឃឹម ថាអាចបង្កើតនូវកំណត់ត្រាឈ្នះបានមេដាយជូនជាតិ របស់ក្រុមបាល់បោះជិះរទេះបុរស នេះដែរ គឺត្រូវបានធ្វើឡើងពីសំណាក់គ្រូបង្វឹកបាល់បោះជិះរទេះក្រុមជម្រើសជាតិកម្ពុជា លោក មុយ ស៊ឺ នៅក្នុងអំឡុងពេលហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
លោក មុយ ស៊ឺ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖«សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នេះ ក្រុមបាល់បោះជិះរទេះបុរស បានត្រៀមខ្លួនរួចរាល់ ទាំងបច្ចេកទេស សម្ភារៈ កម្លាំងកាយ និងកម្លាំងស្មារតី ដើម្បីត្រៀមប្រកួតប្រជែងលើគោលដៅបង្កើនមេដាយឱ្យបានបន្ថែម លើផ្នែកបាល់បោះបុរស ដែលមិនធ្លាប់ទទួលបានក្នុងអាស៊ានប៉ារ៉ាហ្គេម កន្លងមក»។
គួររម្លឹកថា សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅឥណ្ឌូនេស៊ី លើប្រភេទកីឡាបាល់បោះជិះរទេះនេះ ក្រុមបាល់បោះបុរសរបស់កម្ពុជា មិនទទួលបានមេដាយឡើយ ខណៈក្រុមកីឡាការិនីបាល់បោះជនពិការកម្ពុជា ដណ្តើមបានមេដាយមាស លើវិញ្ញាសា ៣នាក់ទល់៣នាក់ និងមេដាយប្រាក់ លើវិញ្ញាសា ៥នាក់ ទល់ ៥នាក់។
គ្រូបង្វឹករូបនេះ បានអះអាងថា ក្រុមកម្ពុជា ទទួលបានការកោតសរសើរពីបណ្តាប្រទេសចូលរួមនានា ដោយគោរពបាននូវវិន័យ និងសីលធម៌ល្អ កាលពីអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២។ លោក មុយ ស៊ឺ បញ្ជា្ក់ថា «ក្រុមបុរសថ្មីមែន ប៉ុន្តែពួកគាត់បានយល់ច្បាស់អំពីគោលការណ៍ប្រកួត។ ក្នុងនាមជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ ខ្ញុំក៏សង្ឃឹមថា ក្រុមបុរស នឹងធ្វើបានល្អ ដែលអាចឈានដល់មេដាយប្រាក់ ឬមាស ដូចក្រុមនារីដែរ»។
ជាចុងក្រោយ លោក មុយ ស៊ឺ ក៏បានបង្ហាញក្តីរីករាយយ៉ាងក្រៃលែង ដែលប្រជាពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំផ្តល់ការគាំទ្រដល់ជនពិការ ដែលធ្វើឱ្យបងប្អូនមានពិការភាព មានក្តីសង្ឃឹមយ៉ាងធំធេង៕