Close

ចិញ្ចឹមសត្វដោយប្រើប្រាស់គម្រោងបញ្ចុះថ្លៃអគ្គិសនីរបស់ក្រសួងកសិកម្ម កសិករអាចកាត់បន្ថយថ្លៃចំណាយបានជាងពាក់កណ្ដាល

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ សង្គម
ចិញ្ចឹមសត្វដោយប្រើប្រាស់គម្រោងបញ្ចុះថ្លៃអគ្គិសនីរបស់ក្រសួងកសិកម្ម កសិករអាចកាត់បន្ថយថ្លៃចំណាយបានជាងពាក់កណ្ដាល ចិញ្ចឹមសត្វដោយប្រើប្រាស់គម្រោងបញ្ចុះថ្លៃអគ្គិសនីរបស់ក្រសួងកសិកម្ម កសិករអាចកាត់បន្ថយថ្លៃចំណាយបានជាងពាក់កណ្ដាល

(ក្រចេះ)៖ គម្រោងបញ្ចុះថ្លៃអគ្គិសនីសម្រាប់វិស័យកសិកម្ម ជាការអនុគ្រោះថ្លៃដើមរបស់កសិករដែលជាគោលគម្រោងមួយរបស់ក្រសួងកសិកម្ម។ គម្រោងនេះនឹងកាត់បន្ថយថ្លៃអគ្គិសនី ដោយក្នុង​មួយគីឡូត្រឹមតែ ៤៨០រៀល ប៉ុណ្ណោះ ខណៈដែលតម្លៃអគ្គិសនីទូទៅគិតក្នុងតម្លៃ ៧៥០រៀល។

គម្រោងនេះ នឹងផ្ដល់ជូនសម្រាប់តែការប្រើប្រាស់ក្នុងវិស័យកសិកម្មប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលនូវការប្រើប្រាស់ផ្ទាល់ខ្លួននោះទេ។ ម្យ៉ាងទៀត គម្រោងនេះអនុវត្តសម្រាប់តែចន្លោះម៉ោង ៩យប់ ដល់ម៉ោង ៧ព្រឹក ជាពេលវេលាដែលសម្ទុះនៃការប្រើប្រាស់ថាមពលអគ្គិសនីនៅទូទាំងប្រទេសមានការថយចុះ។

នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះឯណោះ កសិករមួយរូបដែលប្រើប្រាស់គម្រោងបញ្ចុះតម្លៃអគ្គិសនីនេះ អាចកាត់បន្ថយថ្លៃដើមអស់ជាងពាក់កណ្ដាល បើធៀបទៅនឹងកាលដែលមិនទាន់ប្រើប្រាស់គម្រោងនេះ។

លោក សាំង ហ៊ុយទៀង ជាកសិករចិញ្ចឹមមាន់កសិកម្មរបស់ក្រុមហ៊ុន CP បានឲ្យដឹងថា រូបលោកបានចាប់ផ្ដើមការចិញ្ចឹមមាន់តាំងពីចុងឆ្នាំ២០២១មកម្ល៉េះ ប៉ុន្តែទើបតែបានចូលក្នុងគម្រោងបញ្ចុះថ្លៃអគ្គិសនីកសិកម្មនៅដើមឆ្នាំ ២០២៣នេះប៉ុណ្ណោះ។

លោក សាំង ហ៊ុយទៀង បន្តរៀបរាប់ថា៖ «ខ្ញុំចាប់ផ្ដើមឆ្នាំ ២០២១ ប៉ុន្តែមិនបានប្រើប្រាស់គម្រោង​អគ្គិសនីកសិកម្មទេ គឺប្រើប្រាស់ភ្លើង​រដ្ឋធម្មតា កាលណោះយើងមានរោងមាន់តែ២រោងទេ តែយើងចំណាយលើភ្លើងមួយខែអស់ពី ៤០ម៉ឺន ទៅ៥០ម៉ឺនរៀល ព្រោះភ្លើងរដ្ឋធម្មតា១គីឡូ ៧៥០រៀល។»

រហូតមកដល់អំឡុងខែមករា ឆ្នាំ២០២៣នេះ លោកបានដឹង និងបានឮអំពីគម្រោងខាងលើតាមរយៈ​ការផ្សព្វផ្សាយរបស់មន្ទីរកសិកម្មខេត្តក្រចេះ។ បន្ទាប់ពីបានទាក់ទងទៅកាន់មន្ទីរជំនាញហើយនោះ លោកបនឲ្យដឹងថា ក្រុមការងារជំនាញបានចុះទៅពិនិត្យលើទីតាំងរបស់លោកផ្ទាល់ដើម្បីវាយតម្លៃ អំពីទំហំនៃប្រើប្រាស់ថាមពលអគ្គិសនីរបស់លោក។

ក្រោយពីបានពិនិត្យរួចរាល់ និងបានឃើញថាកសិកររូបនេះពិតជាប្រើប្រាស់ភ្លើងអគ្គិសនីសម្រាប់បម្រើ ឲ្យការចិញ្ចឹមសត្វ លោកក៏ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់គម្រោងដោយជោគជ័យ។

កសិកររូបនេះបន្តឲ្យដឹងទៀតថា៖ «កាលមុនតែ២រោងទេ ចំណាយអស់៤០ ទៅ៥០ម៉ឺនរៀល តែឥឡូវ៤រោងចំណាយអស់ត្រឹមតែ ៣០ ទៅ៤០ម៉ឺនរៀលទេ។ ក្រៅពីចិញ្ចឹមមាន់នេះទៅ ខ្ញុំក៏មានដាំដំណាំ​ផ្សេងទៀតដែរដូចជា ដាំដំណាំកសិកម្ម ដំណាំឈើហូបផ្លែ ហើយដែលដំណាំទាំង អស់នេះក៏អស់ថ្លៃដើមតិចដែរ ព្រោះភ្លើងដែលខ្ញុំប្រើសម្រាប់បូមទឹក វាមានតម្លៃធូរថ្លៃ។»

យ៉ាងណាមិញ លោក សាំង ហ៊ុយទៀង អះអាងថាការប្រើប្រាស់គម្រោងបញ្ចុះថ្លៃអគ្គិសនីរបស់ក្រសួង កសិកម្មនេះមានភាពងាយស្រួល និងចំណេញច្រើន ហើយលោកក៏ណែនាំឲ្យកសិករដទៃទៀតងាកទៅ ប្រើប្រាស់គម្រោងនេះដែរ ដើម្បីចំណេញកាន់តែច្រើនពីរបរធ្វើកសិកម្ម៕

អត្ថបទទាក់ទង