រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកទឹកចិត្តដល់ខេត្តក្រចេះឲ្យបង្កើតផ្សារបន្លែសុវត្ថិភាព ដែលមានទីផ្សារខ្ពស់ សំដៅលើកស្ទួយវិស័យកសិកម្ម
(ក្រចេះ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ២៤ឧសភាថ្មីៗនេះ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ខេត្រក្រចេះ ព្រមទាំងបានសំណេះសំណាលលើកទឹកចិត្តដល់ខេត្ត នេះឲ្យបង្កើតផ្សារបន្លែសុវត្ថិភាព ដើម្បីលើកស្ទួយវិស័យកសិកម្មឲ្យកាន់តែមានភាពប្រសើរ។
ក្នុងដំណើរទស្សនកិច្ចពិនិត្យបណ្ដុំអាជីវកម្មបន្លែ និងសំណេះសំណាលជាមួយកសិករជាង ២០គ្រួសារ នៅក្នុងខេត្តក្រចេះ ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ឲ្យ រដ្ឋបាលខេត្តក្រចេះត្រូវសហការជាមួយមន្ទីរកសិកម្ម ខេត្ត ជាពិសេសមន្ត្រីជំនាញផ្នែកបច្ចេកទេស និងដៃគូពាក់ព័ន្ធ ដោយស្រង់ស្ថិតិប្រជាកសិករដែលធ្វើ កសិកម្មដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ឲ្យបានជាក់លាក់ ដើម្បីកំណត់ពីទិន្នផលដែលប្រមូលបាន ហើយងាយស្រួលលក់ក្នុងទីផ្សារក្នុងស្រុក។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់អភិបាលខេត្តក្រចេះ ក្នុងការពិនិត្យទីតាំងបង្កើតផ្សារបន្លែសុវត្ថិភាព និងទីតាំងបោះដុំតាមរយៈការសិក្សាពីខ្សែសង្វាក់ផលិតកម្ម តម្លៃ និងប្រសិទ្ធិភាពសេដ្ឋកិច្ចនៃបណ្ដុំអាជីវកម្មបន្លែ រួមទាំងសហការជាមួយឈ្មួញដែលប្រមូល ទិញបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ពីប្រជាកសិករនៅក្នុងសហគមន៍យកទៅលក់នៅក្នុងទីផ្សារនោះ ដើម្បីលើកស្ទួយវិស័យកសិកម្មនៅក្នុងខេត្តនេះឲ្យកាន់តែមានភាពរីកចម្រើន។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់អគ្គនាយកដ្ឋានកសិកម្ម ឲ្យធ្វើការសិក្សាអំពីផ្ទះសំណាញ់ ប្រភពទឹក និងធាតុចូលកសិកម្មឲ្យចេញជាស្តង់ដារមួយ ហើយត្រូវណែនាំកសិករឲ្យប្រើប្រាស់សូឡាបូមទឹកខ្នាតតូច និងស្នើដល់ថ្នាក់ដឹកនាំខេត្តជួយសម្រួលដល់កសិករបានប្រើប្រាស់ភ្លើងរដ្ឋសម្រាប់កសិកម្ម តម្លៃ៤៨០រៀល ក្នុងមួយគីឡូ ដើម្បីបន្ថយចំណាយក្នុងផលិតកម្ម បង្កើនចំណូលជូនកសិករឲ្យកាន់តែមានប្រសិទ្ធិភាព និងនិរន្ដភាពសេដ្ឋកិច្ច។
លោក តុប វែង គឺជាកសិករដាំបន្លែសុវត្ថិភាពមួយរូបនៅក្នុងទីតាំងដែលឯកឧត្តមរដ្ឋមន្ត្រីបានចុះទៅ ធ្វើទស្សនកិច្ច។ បច្ចុប្បន្ននេះ លោកមានដាំដំណាំដូចជា ប៉េងប៉ោះឆឺរី ត្រសក់ ឪឡឹក ននោង ត្រប់ និងស្ពៃ ដោយប្រមូលផលចន្លោះពី ២៥ថ្ងៃទៅ ៦០ថ្ងៃ ទៅតាមប្រភេទនៃបន្លែ។
កសិកររូបនេះ បានឲ្យដឹងថា ខ្លួនគ្រោងនឹងពង្រីកដីដាំបន្ថែមទៀតដោយសារតែការដាំបន្លែក្នុងផ្ទះសំណាញ់នេះ ងាយស្រួលលក់ នៅលើទីផ្សារ និងបានតម្លៃថ្លៃជាងបន្លែនាំចូល ព្រោះបន្លែនោះមានសុវត្ថិភាព និងគុណភាពល្អសម្រាប់អ្នកបរិភោគ។ លោកក៏បានបង្ហាញសេចក្ដីរីករាយ បើសិនជាអាជ្ញាធរខេត្តក្រចេះបង្កើតផ្សារបន្លែសុវត្ថិភាពនៅក្នុងខេត្ត ដើម្បីប្រមូលទិញបន្លែពីកសិករខ្មែរ លើកស្ទួយវិស័យកសិកម្មនៅក្នុងស្រុក។
គួរបញ្ជាក់ថា បណ្ដុំអាជីវកម្មបន្លែនៅក្នុងភូមិថ្មក្រែលលើ ឃុំថ្មក្រែល ស្រុកជិតបុរី ខេត្តក្រចេះ បង្កើតឡើងកាលពីឆ្នាំ ២០១៩ ដែលមានសមាជិកសរុប ១៦នាក់។ បណ្ដុំអាជីវកម្មនេះមានការគាំទ្រនូវព័ត៌មានទីផ្សារ ការស្វែងរកទីផ្សារ និងការចងក្រងបណ្ដាញទីផ្សារ ការបណ្ដុះបណ្ដាលបច្ចេកទេសផលិតកម្មបន្លែ ទុនសហវិនិយោគដែលជាធាតុចូលកសិកម្ម ប្រព័ន្ធតំណក់ទឹក ផ្ទះសំណាញ់ អគារប្រមូលផ្ដុំកសិផល សូឡាបូមទឹក។
បច្ចុប្បន្ននេះផងដែរ កសិករកំពុងដាំដុះបន្លែដើម្បីផ្គត់ផ្គង់ទីផ្សារ បន្លែស្ពៃក្រញាញ់ ត្រសក់ត្រើង ឪឡឹក ត្រឡាច និងពោត ដែលអាចផ្គត់ផ្គត់បានចំនួន ៦ពាន់គីឡូក្រាមក្នុងមួយខែ សង់ផ្ទះសំណាញ់បានចំនួន ៤ខ្នង និងពង្រីកផ្ទៃដីបន្លែចំនួន ១ពាន់ម៉ែត្រការ៉េ៕