សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រនៅខេត្តព្រះសីហនុ
ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរខួបអនុស្សាវរីយ៍ទិវាពលកម្មអន្តរជាតិ១ឧសភា ,ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន។
នៅព្រឹកថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្អន្តរជាតិ១ឧសភា ,ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ
និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ។
ថ្ងៃទី១ឧសភា គឺជាថ្ងៃនៃទិវាពលកម្មអន្តរជាតិ ដែលជាទិវាប្រវត្តិសាស្រ្តរបស់ពិភពលោក ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានកំណត់ និងប្រារព្ធទិវាពលកម្មអន្តរជាតិនេះជារៀងរាល់ឆ្នាំផងដែរ ចាប់តាំងពីកម្ពុជាបានរស់រានឡើងវិញពីរបបប្រល័យពូជសាសន៍ក្រោយថ្ងៃរំដោះ ៧-មករា-១៩៧៩។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលតែងតែគិតគូរក្នុងការបន្តលើកកម្ពស់ការការពារសិទ្ធិ សេរីភាពអង្គការវិជ្ជាជីវៈ ថែរក្សាសុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ ផ្ដល់អត្ថប្រយោជន៍នានា និងកិច្ចគាំពារសង្គម ជូនបងប្អូនកម្មករនិយោជិត ស្របតាមគោលនយោបាយ ច្បាប់ស្ដីពីការងារ និងអនុសញ្ញាអន្តរជាតិខាងការងារ។ ទាំងអស់នេះ សបញ្ជាក់ឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះកម្មករ និយោជិត និងអង្គការសហជីពទាំងអស់ដែលមានវត្តមាននៅកម្ពុជា។
ពិធីប្រកាសបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មី
គឺជាការអភិវឌ្ឍបន្ថែមទៀត ដើម្បីពង្រីកសមត្ថភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងឆ្លើយតប ទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនាពេលបច្ចុប្បន្ន និងពេលអនាគត ដែលរួមមានចំណតផែច្រាំងទំនិញទូទៅ៖ មានប្រវែង ២៥៣ម៉ែត្រ នឹងត្រូវសាងសង់កែសម្រួលជាចំណតផែថ្មី ដោយនឹងបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើបរួមមាន គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែ ប្រភេទQC (០២គ្រឿង) និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលាន ប្រភេទRTG (០៦គ្រឿង) ដែលនឹងជួយបង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមប្រមាណ ៣៥% (២៥០.០០០TEUs/១ឆ្នាំ)។ គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៨ខែ ហើយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៤។
-ចំណតផែកុងតឺន័រថ្មី-ជំហានទី១៖ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤,៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ៦០.០០០DWT(ឬស្មើនឹង៤.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៤៥០.០០០TEUs/១ឆ្នាំ។ គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦។
-ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២៖ មានប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក ១៦,៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ១២០.០០០DWT (ឬស្មើនឹង១០.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់សមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៥៧០.០០០TEUs/១ឆ្នាំ។ គម្រោងនេះនឹងប្រើប្រាស់រយៈពេល សាងសង់ចំនួន ៣៦ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨។
-ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី៣៖ មានប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក ១៧,៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ១៦០.០០០ DWT (ឬស្មើនឹង១៥.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប និងអាមេរិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៦១៧.០០០ TEUs/១ឆ្នាំ។ គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៩។
គម្រោងកែសម្រួលចំណតផែកុងតឺន័រពីផែច្រាំងទំនិញទូទៅ និងគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី ជំហានទី១ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន TOA Corporation និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនNippon Koei & Original Consultant Global JV។ ចំពោះចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ និងជំហានទី៣ គឺកំពុងស្ថិតនៅក្នុងដំណើរការនៃនីតិវិធីលទ្ធកម្មជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស។
គម្រោងទាំងនេះនឹងប្រើប្រាស់ថវិកាសរុបប្រមាណ ៩៧៣លានដុល្លារអាមេរិក ក្នុងនោះ ឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុនចំនួនប្រមាណ ៧៦០លានដុល្លារអាមេរិក, ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ពន្ធអាករផ្សេងៗចំនួនប្រមាណ ១៩២លានដុល្លារអាមេរិក, និងថវិកាផ្ទាល់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនប្រមាណ ២១លានដុល្លារអាមេរិក ដោយត្រូវបានបែងចែកសម្រាប់គម្រោងសាងសង់រួមមាន៖ ចំណតផែច្រាំងទំនិញទូទៅ ចំណាយថវិកាប្រមាណ ៣២លានដុល្លារអាមេរិក, ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ចំណាយថវិកាប្រមាណ ២៤៣លានដុល្លារអាមេរិក, និងចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២ និងជំហានទី៣ ចំណាយថវិកាប្រមាណ ៦៩៨លានដុល្លារអាមេរិក។
ទាក់ទងទៅនឹងទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន អបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន (១៩៥៣-២០២៣)” ដែលតាមរយៈទំនាក់ទំនងការទូត និងមិត្តភាពដ៏រឹងមាំនេះ បានជំរុញ និងប្រែក្លាយចំណងការទូតរវាងប្រទេសទាំងពីរទៅជា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” នៅក្នុងឆ្នាំ២០២៣នេះ ដែលនឹងផ្តល់នូវផ្លែផ្កាដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងច្រើនដល់ ប្រជាជននៃប្រទេសទាំងពីរ។
ការអភិវឌ្ឍរីកចម្រើនទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តពាសពេញផ្ទៃប្រទេស រួមទាំងការរីកចម្រើន របស់វិស័យកំពង់ផែផងដែរ គឺកើតឡើងដោយសារកម្ពុជាមានសុខសន្តិភាពពេញលេញ និងស្ថិរភាព នយោបាយដ៏ពិតប្រាកដ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែង និងលះបង់អស់កម្លាំងកាយកម្លាំងចិត្ត និងបញ្ញាញាណ ក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពជា។