គម្រោងវិនិយោគថ្មីៗចំនួន ២ សម្រេចបោះទុនវិនិយោគជាង ១០ លានដុល្លារនៅភ្នំពេញ និងខេត្តកណ្តាល
ភ្នំពេញ ៖ រាជរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចគាំទ្រ និងអនុម័តលើគម្រោងថ្មីៗចំនួន ២ ដែលបានបោះទុនវិនិយោគសរុបជាង ១០ លានដុល្លារអាមេរិកមានទីតាំងនៅតំបន់ចោមចៅ រាជធាភ្នំពេញ និងមួយទីតាំងទៀតស្ថិតនៅឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល និងបានបង្កើតការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋ។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន២បន្ថែមទៀតក្នុងខែមេសានេះរួមមាន ៖
១- “FITLY APPAREL CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៣ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១,៨៩១ កន្លែង។
២- “WH PACKAGING CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៦ ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១,០៧៦ កន្លែង។
គូរកត់សម្គាល់ថា កម្ពុជាបានក្លាយជាប្រទេសដែលមានភាពល្អប្រសើរជាងគេនៅក្នុងតំបន់អាស៊ីដែលអាចគេចចេញពីវិបត្តិធំៗដែលកំពុងកើតមាន មានកំណើនសេដ្ឋកិច្ចខ្ពស់ ជាមួយនឹងការទទួលបានទំនុកចិត្តពីសំណាក់បណ្តាវិនិយោគិន ក៏ដូចជាទេសចរអន្តរជាតិផងដែរ៕