ពហុកីឡដ្ឋាន និងកីឡដ្ឋានចំនួន៥ ត្រៀមធ្វើជាកន្លែងប្រកួតកីឡាបាល់ទាត់ស៊ីហ្គេម២០២៣ នៅកម្ពុជា
នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងចាប់ផ្ដើមប្រារព្ធឡើងក្នុងប្រទេសកម្ពុជា ដោយមានប្រទេសចំនួន១១ ចូលរួមធ្វើការប្រកួតប្រជែងលើកីឡា ៣៨ប្រភេទ និង ៦០៨វិញ្ញាសា ដែលនេះជាវិញ្ញាសាប្រកួតច្រើនជាងគេបំផុត នៅស៊ីហ្គេម។
បាល់ទាត់ គឺជាកីឡាមួយដែលមានប្រជាប្រិយបំផុតក្នុងចំណោមកីឡាទាំង៣៨ប្រភេទ។ ក្នុងនាមជាម្ចាស់ផ្ទះ ក្នុងព្រឹត្តការណ៍ដ៏មហាអស្ចារ្យនេះ កម្ពុជា បានត្រៀមខ្លួនយ៉ាងល្អ និងត្រៀមកីឡដ្ឋានចំនួន៥ ដើម្បីដំណើរការប្រកួតកីឡាបាល់ទាត់ឲ្យរលូន និងទទួលបានជោគជ័យ។
កីឡដ្ឋានទាំង៥នោះរួមមាន៖
១- ពហុកីឡដ្ឋានជាតិមរតកតេជោ
ពហុកីឡដ្ឋាននេះ នឹងប្រើសម្រាប់ការប្រកួតជាច្រើនប្រភេទកីឡា ប៉ុន្តែសម្រាប់កីឡាបាល់ទាត់វិញ នឹងលេងក្នុងកីឡដ្ឋាននេះ ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៅតែប៉ុណ្ណោះ មានន័យថាការប្រកួតក្នុងវគ្គសន្សំពិន្ទុក្នុងពូល មិនលេងនៅទីនេះទេ។ កីឡដ្ឋាននេះ អាចផ្ទុកអ្នកទស្សនាបាន ៦០,០០០នាក់
២- ពហុកីឡដ្ឋានជាតិអូឡាំពិក
ពហុកីឡដ្ឋានជាតិអូឡាំពិក ទើបតែត្រូវបានជួសជុល និងកែលំអរ។ ដើមឡើយកីឡដ្ឋាននេះ អាចផ្ទុកអ្នកទស្សនាបាន ៥០,០០០នាក់ តែពេលនេះ បន្ទាប់ពីជួសជុលហើយ អាចផ្ទុកអ្នកទស្សនាបានតែ ៣០,០០០នាក់ប៉ុណ្ណោះ។ ហើយកីឡដ្ឋាននេះ នឹងប្រើប្រាស់សម្រាប់ការប្រកួតសន្សំពិន្ទុ ក្នុងពូល A។
៣- កីឡដ្ឋាន ព្រីនស៍-Prince Stadium
កីឡដ្ឋាននេះ គឺជាផ្ទះរបស់ក្លិបបាល់ទាត់វិសាខា វាត្រូវបានសហព័ន្ធសម្រេចជ្រើសរើសសម្រាប់ធ្វើការប្រកួតជម្រុះស៊ីហ្គេម ក្នុងពូល B។ កីឡដ្ឋាននេះ អាចផ្ទុកអ្នកទស្សនាបាន ១៥,០០០នាក់
៤- កីឡដ្ឋាន ស្តាតចាស់
កីឡដ្ឋាន ឬ Old Stadium គឺជាកីឡដ្ឋានមួយដែលត្រូវបានជួសជុល និងកែលំអរវិញដូចគ្នាទៅនឹងពហុកីឡដ្ឋានជាតិអូឡាំពិក។ កីឡដ្ឋាននេះ អាចផ្ទុកអ្នកទស្សនាផ្ទាល់បានប្រហែល ៨ពាន់នាក់។ ក្នុងស៊ីហ្គេម ២០២៣នេះ វាត្រូវបានជ្រើសរើសឲ្យប្រើសប្រាស់ក្នុងការប្រកួតបាល់ទាត់នារី។
៥- កីឡដ្ឋាន Smart RSN Stadium
កីឡដ្ឋាន Smart RSN ដែលជាផ្ទះរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន មានសមត្ថភាពផ្ទុកអ្នកទស្សនាបាន ៥០០០នាក់។ កីឡដ្ឋាននេះ ត្រូវបានជ្រើសរើសឲ្យប្រើសប្រាស់ក្នុងការប្រកួតបាល់ទាត់នារី ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣នេះ៕