Close

ក្រសួងពាណិជ្ជកម្ម ជំរុញការធ្វើកសិកម្មខ្នាតតូច ផ្ដោតសំខាន់លើកសិករជាស្ត្រី ដើម្បីពង្រឹងអំណាចសេដ្ឋកិច្ចពួកគេ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣ សង្គម
ក្រសួងពាណិជ្ជកម្ម ជំរុញការធ្វើកសិកម្មខ្នាតតូច ផ្ដោតសំខាន់លើកសិករជាស្ត្រី ដើម្បីពង្រឹងអំណាចសេដ្ឋកិច្ចពួកគេ ក្រសួងពាណិជ្ជកម្ម ជំរុញការធ្វើកសិកម្មខ្នាតតូច ផ្ដោតសំខាន់លើកសិករជាស្ត្រី ដើម្បីពង្រឹងអំណាចសេដ្ឋកិច្ចពួកគេ

តាមរយៈវគ្គបណ្ដុះបណ្ដាលយេនឌ័រ និងការផ្សព្វផ្សាយផែនការសកម្មភាពយេនឌ័ររបស់គម្រោង ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្មបាន ជំរុញបន្ថែមទៅលើការធ្វើកសិកម្មខ្នាតតូច សំដៅជាពិសេសដល់កសិករជាស្ត្រី ដើម្បីពង្រឹងអំណាចសេដ្ឋកិច្ចដល់ស្ត្រី។

លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជានាយករងគម្រោង ជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច បានមានគូសបញ្ជាក់អំពីគោលដៅអភិវឌ្ឍន៍របស់គម្រោងអេមស៍ថា ការបង្កើងគម្រោងនេះឡើង គឺដើម្បីបង្កើនប្រាក់ចំណូល និងលើកស្ទួយវិបុលភាពលើខ្សែច្រវាក់តម្លៃ ផលិតផលកសិកម្មសម្រាប់កសិករខ្នាតតូច រួមទាំងកសិករក្រីក្រ ស្រ្តី និងយុវជនតាមរយៈការតភា្ជប់ផលចំណេញ និងការផ្សារភ្ជាប់ទីផ្សារជូនពួកគេឱ្យបានកាន់តែទូលំទូលាយ ដោយកៀរគរ កសិករខ្នាតតូចរួមមានកសិករក្រីក្រចំនួន ៧៥.០០០គ្រួសារ។

យ៉ាងណាមិញ ដើម្បីសម្រេចគោលដៅរបស់គោលដៅទាំងនេះ គម្រោងអេមស៍បានរៀបចំផែនការសកម្មភាពយេនឌ័រសម្រាប់ឆ្នាំ២០២៣ ដែលមានគោលដៅ៖ ទី១ គឺធ្វើយ៉ាងណាឱ្យ ៥០% នៃកសិករគោលដៅគឺជាស្ត្រី ដែលអាចទទួលបានសេវាកម្ម គាំទ្រដោយគម្រោង ទី២គឺ យ៉ាងហោចណាស់ ៥០% នៃសមាជិក PO គឺជាស្ត្រី និង៥០%នៃសមាជិកគ្រួសាររបស់ ក្រុមផលិតគឺជាស្រ្តី។
ទី៣គឺ បន្តជំរុញការយល់ដឹងអំពីយេនឌ័រ និងការពង្រឹងអំណាច សេដ្ឋកិច្ចរបស់ស្ត្រី និងចុងក្រោយគឺ បន្តផ្តល់ឱកាស និងអត្ថប្រយោជន៍ដោយតម្លាភាព និងសមធម៌។

ក្នុងឱកាសដដែលនេះ លោកជំទាវ តឹករ៉េក កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានយល់ស្រប និងបង្ហាញពីគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចាត់ទុកស្រ្តីជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញសេដ្ឋកិច្ច ហើយបានសង្កេតឃើញស្ត្រីបានចូលរួម អភិវឌ្ឍសេដ្ឋកិច្ចគ្រប់វិស័យនៅពេលនេះ ចាប់ពីកម្រិតគ្រួសារ នៅកន្លែងធ្វើការ និងសហគមន៍ទាំងមូល។

សកម្មភាពទាំងនេះ ក៏ជាចំណែកមួយក្នុងការចូលរួមសម្រេចបាននូវគោលដៅនៃ ផែនការសកម្មភាពយេនឌ័រឆ្នាំ២០២៣ ពិសេសអនុវត្តនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤  ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងផែនការយុទ្ធសាស្ត្រនារីរតនៈទី៥។

ជាការចូលរួមជំរុញគម្រោងឱ្យកាន់តែជំរុញ លោកជំទាវ បានផ្ដល់នូវអនុសាសន៍សំខាន់ៗរួមមាន៖បង្កើតជាយន្តការអន្តរាគមន៍ និងការគាំទ្រ ដើម្បីអនុញ្ញាតឱ្យស្រ្តីចូលរួមក្នុងផលិតកម្ម និងធ្វើអាជីវកម្ម ឱ្យកាន់តែសកម្ម បង្កើនជំនាញរបស់ស្រ្តីទៅជាកសិ-ពាណិជ្ជករ កំណត់ទិសដៅសកម្មភាពជាយុទ្ធសាស្រ្ត ដើម្បីធានាការអនវុត្តបញ្ជ្រាបសកម្មភាពយេនឌ័ររបស់គម្រោង បន្តអភិវឌ្ឍនិងផ្តល់សិទ្ធិអំណាចដល់ស្រ្តី មិនបោះបង់ចោលនរណាម្នាក់ គោរព និងការពារស្វ័យភាពរបស់ស្ត្រី ផ្តល់ឱកាស និងយកចិត្តទុកដាក់មិនឱ្យគេមើលរំលងការចូលរួម ក៏ដូចជាពលកម្មរបស់ស្ត្រីនោះទេ៕

អត្ថបទទាក់ទង