ខេត្តនៅភូមិភាគឦសានកំពុងទាក់ទាញគម្រោងវិនិយោគកសិកម្ម និងកសិឧសិ-ឧស្សាហកម្មក្នុងទំហំទឹកប្រាក់ ៤០០ លានដុល្លារ
ភ្នំពេញ៖ ខេត្តនៅភូមិភាគឦសាន រួមមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង ខេត្តមណ្ឌលគិរី បាននឹងកំពុងទាក់ទញគម្រោងវិនិយោគចំនួន ២២ ក្រោមទុនវិនិយោគសរុបប្រមាណ ៤០០ លានដុល្លារ និង អាចបង្កើតការងារបានប្រមាណ ៤ ១៦០ កន្លែង។ នេះ បើតាមកិច្ចប្រជុំពិនិត្យសម្រេចលើការផ្តល់គោលការណ៍ លើកទឹកចិត្តពិសេស ជាលើកទី ៣នៅថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៦ ។
កិច្ចប្រជុំខាងលើនេះ រៀបចំធ្វើនៅនៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន)។

បើតាមកិច្ចប្រជុំ ក្នុងចំណោមគម្រោងទាំង ២២ មានគម្រោងចំនួន ៥ នៅខេត្តក្រចេះ, ១០ នៅខេត្តស្ទឹងត្រែង, ២ នៅខេត្តរតនគិរី និង ៥ នៅខេត្តមណ្ឌលគិរី ដែលមានសកម្មភាពចម្រុះ មានជាអាទិ៍ គម្រោងវិនិយោគបណ្ដុំសហគ្រាសធុនតូច និង មធ្យម, គ្រឹះស្ថានឧត្តមសិក្សា, មន្ទីរពហុព្យាបាល, សណ្ឋាគារ និង រីសតភូមិទេសចរណ៍វប្បធម៌, កសិដ្ឋានចិញ្ចឹមសត្វ, កសិដ្ឋានដាំដំណាំកសិកម្ម និង កសិ-ឧស្សាហកម្ម, រោងចក្រកែច្នៃកសិផល ដូចជា កៅស៊ូ គ្រាប់ស្វាយចន្ទី ដំឡូងមី ទុរេន ឈើដាំ និង កាហ្វេ ។
បន្ថែមលើការស្នើសុំការលើកទឹកចិត្ត, ក្រុមការងារ ក៏ទទួលបានការស្នើសុំសម្របសម្រួលនីតិវិធី និង គាំទ្រការអនុវត្តគម្រោងវិនិយោគផងដែរ ដូចជា ការធ្វើបច្ចុប្បន្នភាពកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ច, ការវាយតម្លៃផលប៉ះពាល់បរិស្ថាន, ការសម្របសម្រួលសាងសង់ផ្លូវ ជាដើម ដែលជាកម្មវត្ថុនៃកម្មវិធីពិសេសភូមិភាគឦសាន ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ និង ធុរកិច្ច ព្រមទាំងជំរុញការវិនិយោគ នៅដំណាក់កាលអនុវត្ត ឱ្យបានរលូន និង ឆាប់រហ័ស សំដៅចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ, ពិសេស នៅតំបន់ភូមិភាគឦសាន ដែលនៅឆ្ងាយពីមជ្ឈមណ្ឌលនៃកំណើន ។

ថ្លែងក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសង្កត់ធ្ងន់ថា ក.វ.ឦសាន នឹងនៅបន្តគាំទ្រ សម្របសម្រួល និង ស្វែងរកដំណោះស្រាយ ពាក់ព័ន្ធការអនុវត្តគម្រោងវិនិយោគជាប្រចាំ ហើយវិនិយោគិនឯកជន ដែលទទួលបានគោលការណ៍វិនិយោគ ត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងជាក់ស្តែង តាមផែនការដែលបានស្នើសុំ, ជាពិសេស ត្រូវសង្កត់ធ្ងន់លើការបង្កើតការងារ, ការផ្ទេរជំនាញ, ការខិតខំកែច្នៃ និង ការប្រើប្រាស់បច្ចេកទេសថ្មីៗ ក្នុងខ្សែច្រវាក់ផលិតកម្ម, និង ការជំរុញបរិវត្តកម្មពីការផ្តោតតែលើការផលិត ឈានទៅរកការកែច្នៃ ដែលមានតម្លៃបន្ថែមកាន់តែប្រសើរ សម្រាប់សង្គម-សេដ្ឋកិច្ចជាតិ ។
គួរបញ្ជាក់ជូនផងដែរថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥, ហើយកាលពីឆ្នាំ ២០២៥ កន្លងទៅ, ក.វ.ឦសាន បានអនុម័តគម្រោងវិនិយោគចំនួន ១៣ ដែលមាន ៦ គម្រោងនៅខេត្តក្រចេះ, ៤ គម្រោង នៅខេត្តមណ្ឌលគិរី, និង ៣ គម្រោង ខេត្តរតនគិរី ជាមួយនឹងទុនវិនិយោគសរុប ៦៦៨,៧ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារថ្មីប្រមាណ ១២ ៧៧៧ កន្លែង ។ គម្រោងទាំង ១៣ នេះនឹងចាប់ផ្តើមអនវុត្តនៅដើមឆ្នាំ ២០២៦ នេះ ដែលគ្របដណ្តប់លើវិស័យមួយចំនួន ដូចជា ការដាំដុះ និង ការកែច្នៃដំណាំកសិ-ឧស្សាហកម្ម, ការសាងសង់សណ្ឋាគារ-រីសត, ការបង្កើតគ្រឹះស្ថានអប់រំ, គ្រឹះស្ថានថែទាំសុខភាពឯកជន និង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន មានជាអាទិ៍ គម្រោងសាងសង់កំពង់ផែពហុបំណង និង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ជាដើម ។

ជាស្ថិតិសរុប ចាប់តាំងពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅខែ មេសា ឆ្នាំ ២០២៥ មកទល់ខែ មករា ឆ្នាំ ២០២៦ នេះ, ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានពិនិត្យវាយតម្លៃ និង សម្របសម្រួលនីតិវិធីជូនគម្រោងវិនិយោគចំនួន ៣៥ ក្រោមទុនវិនិយោគសរុបប្រមាណ ១,០៦៣ ប៊ីលានដុល្លារអាម៉េរិក ដែលរំពឹងថានឹងបង្កើតការងារបានចំនួនជិត ១៧.០០០ កន្លែង ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំឱ្យក្រុមការងារខិតខំបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមរយៈយន្តការ “ច្រកចេញចូលតែមួយ” និង អភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ព្រមទាំងគោរពគោលការណ៍ចូលរួមសម្រេចចិត្តរួមគ្នា ប្រកបដោយប្រសិទ្ធភាព និង តម្លាភាព និង ត្រូវខិតខំធ្វើយ៉ាងណាជួយសម្របសម្រួលដល់វិនិយោគិន នៅពេលដែលវិនិយោគិនជួបបញ្ហា និង ផ្តល់ការគាំទ្រចាំបាច់នានា តាមដែនសមត្ថកិច្ចរៀងៗខ្លួន ដើម្បីឱ្យវិនិយោគិនអាចដំណើរការអាជីវកម្ម តាមផែនការវិនិយោគរបស់ខ្លួន ក្នុងគោលដៅរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច បង្កើនការងារ និង បង្កើនជំនាញ សម្រាប់តំបន់ភូមិភាគឦសានទាំងមូល សមស្របតាមគោលបំណង និង បេសកកម្មរបស់ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ៕
