Close

ក្រសួងការងារ និងអង្គការមួយ ចុះហត្ថលេខាជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ដល់យុវជនកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ២០២៥ ព័ត៌មានជាតិ
ក្រសួងការងារ និងអង្គការមួយ ចុះហត្ថលេខាជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ដល់យុវជនកម្ពុជា ក្រសួងការងារ និងអង្គការមួយ ចុះហត្ថលេខាជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ដល់យុវជនកម្ពុជា

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការបណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជា (ONG Formation Et Progres Cambodge) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង ស្តីពីសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ដើម្បីជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ ជូនដល់យុវជនកម្ពុជា។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាង លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ហ្វ្រាង់ស្វ័រ ស្លូបេលែន នាយកសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល តំណាងអង្គការបណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជា (ONG Formation Et Progres Cambodge) កាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។

ក្រសួងការងារ និងអង្គការមួយចុះហត្ថលេខាជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ដល់យុវជនកម្ពុជា

នៅក្នុងជំនួប មុនពិធីចុះហត្ថលេខា លោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះ អង្គការបណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជា តាមរយៈសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ដល់យុវជនកម្ពុជា។

លោកបន្តថា សិស្សនិសិ្សតដែលបញ្ចប់ការសិក្សាប្រកបដោយជំនាញវិជ្ជាជីវៈច្បាស់លាស់ គឺជាធនធានដ៏សំខាន់ដែលមិនត្រឹមតែងាយស្រួល ក្នុងការរកការងារសមរម្យប៉ុណ្ណោះទេ ថែមទាំងបានចូលរួមលើកកម្ពស់វិស័យទេសចរណ៍ថែមទៀតផង។

បន្ថែមពីលើនេះ លោករដ្ឋមន្រ្តីក៏បានលើកឡើងពីកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបាននិងកំពុងបង្កើនសមត្ថភាពដល់យុវជនកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន។

ជាការឆ្លើយតប លោក ហ្វ្រាង់ស្វ័រ ស្លូបេលែន បានវាយតម្លៃខ្ពស់ និងអរគុណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែបានគាំទ្រ អង្គការនាពេលកន្លងមកលើការងារបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យបដិសណ្ឋារកិច្ច ហើយអង្គការរបស់លោកក៏បានប្តេជ្ញាចិត្តក្នុងការបន្តកម្មវិធីបណ្តុះបណ្តាលជំនាញដល់យុវជនកម្ពុជាឱ្យកាន់តែមានគុណភាពបន្ថែមទៀត៕



ក្រសួងការងារ និងអង្គការមួយចុះហត្ថលេខាជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ដល់យុវជនកម្ពុជា