កម្ពុជារៀបចំវេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ នៅទីក្រុងណាននីង
ក្រុងណាននីង៖ កម្ពុជារៀបចំវេទិកាជំរុញពាណិជ្ជកម្ម, វិនិយោគ និងទេសចរណ៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាជូនសហគមន៍ធុរកិច្ចដែលមានវត្តមាននាឱកាសកម្មវិធីពិព័រណ៍ចិន-អាស៊ានលើកទី២២។
ក្នុងឱកាសធ្វើជាវាគ្មិននៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា សម្តែងនូវសេចក្តីរីករាយឥតឧបមាដែលសង្កេតឃើញការចូលរួមយ៉ាងច្រើនកុះករពីសំណាក់វិនិយោគិន និងធុរជន ដែលតឹកតាងនេះបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងជាក់ច្បាស់អំពីចំណាប់អារម្មណ៍ខ្ពស់របស់វិនិយោគិនចិនលើកាលានុវត្តភាពវិនិយោគរបស់កម្ពុជា។
លោកបានជម្រា0បជូនអង្គវេទិកាអំពីវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដោយផ្តោតសំខាន់លើបច្ចុប្បន្នភាពថ្មីនៃម៉ាក្រូសេដ្ឋកិច្ច, ច្រកចូលទីផ្សារ និងរំហូរនៃគម្រោងវិនិយោគ។
ជាមួយគ្នានេះ លោក ក៏បានពិពណ៌នាអំពីឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា និងភាពអំណោយផលខ្ពស់នៃគោលនយោបាយវិនិយោគដែលរាជរដ្ឋាភិបាលតែងតែផ្តល់ការយកចិត្តទុកដាក់ក្នុងការធ្វើឱ្យប្រសើរឡើងជាប្រចាំ សំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើប្រតិបត្តិការធុរកិច្ចរបស់សហគ្រាសគ្រប់ជាតិសាសន៍ដោយគ្មានការរើសអើង។
ជាមួយគ្នានេះ លោក បានអំពាវនាវឱ្យវិនិយោគចិនមកបំពេញទស្សនកិច្ចការងារ និងសិក្សាសមិទ្ធិលទ្ធភាពបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕