សម្តេចតេជោ ហ៊ុន សែន ៖ ចក្ខុវិស័យវិនិយោគ ៤យ៉ាង ដែលរាជរដ្ឋាភិបាលប្រកាសឱ្យប្រើនៅឆ្នាំ១៩៨៧ បច្ចុប្បន្ននៅតែជាអាទិភាពដដែល
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា រាជរដ្ឋាភិបាលបានប្រកាសចេញនូវចក្ខុវិស័យ ៤យ៉ាង ដើម្បីវិនិយោគ រួមមាន ១.ទឹក ២.ផ្លូវ ៣.ភ្លើង ៤.មនុស្សដែលបានប្រកាសចេញនៅឆ្នាំ១៩៨៧ មកដល់ពេលនេះ មានរយៈពេលជាង ៣៨ឆ្នាំ នៅតែត្រឹមត្រូវដដែល។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២
សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ឥឡូវគ្រាន់តែដូរមុំតែប៉ុណ្ណោះ គឺមនុស្ស ផ្លូវ ទឹក ភ្លើង នៅតែជាអាទិភាពវិនិយោគដដែលទាំងផ្នែករឹង និងផ្នែកទន់ បើនិយាយពីមនុស្សសំដៅការអភិវឌ្ឍផ្នែកទន់តាមរយៈការបណ្តុះបណ្តាលចំណេះដឹង រីឯផ្នែករឹង វិញគឺអភិវឌ្ឍន៍ ផ្លូវ ទឹក ភ្លើង ពីព្រោះកំណើនប្រជាជនមានតម្រូវប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលក្រោមការដឹកនាំដោយរាជរដ្ឋាភិបាលត្រូវតែខិតខំអភិវឌ្ឍន៍លើគ្រប់វិស័យ៕