Close

កិច្ចសម្ភាស៖ តើពិព័រណ៍ពាណិជ្ជកម្ម រួមចំណែកអ្វីខ្លះដល់កំណើនសេដ្ឋកិច្ចជាតិ?

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ ព័ត៌មានជាតិ
កិច្ចសម្ភាស៖ តើពិព័រណ៍ពាណិជ្ជកម្ម រួមចំណែកអ្វីខ្លះដល់កំណើនសេដ្ឋកិច្ចជាតិ? កិច្ចសម្ភាស៖ តើពិព័រណ៍ពាណិជ្ជកម្ម រួមចំណែកអ្វីខ្លះដល់កំណើនសេដ្ឋកិច្ចជាតិ?

ភ្នំពេញ៖ ពិព័រណ៍ពាណិជ្ជកម្មត្រូវបានគេរៀបចំស្តង់តាំងបង្ហាញផលិតផល និងសេវាកម្មជាច្រើនប្រភេទ រួមមាន៖ ផលិតផលសក្តានុពលកម្ពុជា ផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ ផលិតផលឧស្សាហកម្ម សេវាកម្ម ធនាគារ និងវិនិយោគ ជាដើម។

មិនត្រឹមតែប៉ុណ្ណោះ ពិព័រណ៍ពាណិជ្ជកម្មនេះ នឹងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យកម្ពុជាក្លាយជា ប្រទេសដែលមានភាពប្រកួតប្រជែងខ្ពស់ នៅក្នុងទីផ្សារអន្តរជាតិ។

អង្គភាពសារព័ត៌មាន ENN បានធ្វើកិច្ចសម្ភាសន៍ជាមួយលោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម តទៅ៖

តើពិព័រណ៍ពាណិជ្ជកម្មអាចជួយដល់កំណើនសេដ្ឋកិច្ចជាតិ និងផលិតផលដោយរបៀបណា?

ព័រណ៍ពាណិជ្ជកម្មនេះអាចចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ មិនត្រឹមតែតាមរយៈពិព័រណ៍ពាណិជ្ជកម្ម សកម្មភាពទិញលក់ ការជំរុញការនាំចេញផលិតផល ការផ្តល់សេវាកម្ម ប៉ុណ្ណោះទេ ប៉ុន្តែក៏បាន ចូលរួមផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីវប្បធម៌ អរិយធម៌ខ្មែរ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ ជូនអ្នកចូលរួមទស្សនាពិព័រណ៍ផងដែរ។ ការណ៍នេះ ក៏បានទាក់ ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជាផងដែរ។

តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ ក៏បានជំរុញចលនាឱ្យពាណិជ្ជករ និងផលិតករកម្ពុជា ខិតខំ ផលិតទំនិញប្រកបដោយគុណភាព សុវត្ថិភាព និងសោភ័ណ្ឌភាពវេចខ្ចប់បានល្អត្រឹមត្រូវតាម ស្ដង់ដារ ដើម្បីបម្រើទីផ្សារ និងចូលរួម ប្រកួតប្រជែងក្នុងកម្រិតទីផ្សារអន្តរជាតិ។ បន្ថែមលើនេះ តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ ក៏បានចូលរួមបង្កើតឱកាសធុរកិច្ច និងវិនិយោគ ដល់អាជីវករ ពាណិជ្ជករ និងវិនិយោគិន ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ តាមរយៈ ព្រឹត្តការណ៍អមរួមមាន វេទិកាធុរកិច្ចពាណិជ្ជកម្មនិងវិនិយោគ ការផ្គូផ្គង់ធុរកិច្ច (អ្នកលក់និង អ្នកទិញ) សកម្មភាព តភ្ជាប់បណ្តាញធុរកិច្ច ទស្សនកិច្ចសិក្សា បេសសកម្មពាណិជ្ជកម្ម ជាដើម។

ជាក់ស្ដែង ក្រសួងពាណិជ្ជកម្ម បានចូលរួមរៀបចំ ពិព័រណ៍ចិន-អាស៊ាន នៅទីក្រុងណាននីង និង ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន ទៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ជារៀង រាល់ឆ្នាំ។ ក្នុងនោះយើងសង្កេតឃើញ ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន មានកំណើនជាលំដាប់ ដោយក្នុងរយៈពេល១០ខែឆ្នាំ២០២៤ កម្ពុជា-ចិន សម្រេចបានទំហំពាណិជ្ជកម្ម ប្រមាណ ១២ ប៊ីលានដុល្លារ កើនឡើង ២២,៩៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ហើយ កម្ពុជានាំចេញទៅចិន មានកំណើន ២១,១២ភាគរយ ដែលមានតម្លៃ ១,៤ ប៊ីលានដុល្លារ។

កិច្ចសម្ភាស៖ តើពិព័រណ៍ពាណិជ្ជកម្ម រួមចំណែកអ្វីខ្លះដល់កំណើនសេដ្ឋកិច្ចជាតិ?

 អ្វីទៅជាបញ្ហាប្រឈមក្នុងការរៀបចំពិព័រណ៍ពាណិជ្ជកម្ម?

ពិព័រណ៍ពាណិជ្ជកម្មក្នុងប្រទេស ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម ពុំសូវមានបញ្ហា ប្រឈមនោះទេ ខណៈដែរពិព័រណ៍ក្រៅប្រទេសដែលក្រសួងដឹកនាំចូលរួមរៀបចំកន្លងទៅ មានបញ្ហាប្រឈមមួយចំនួន រួមមាន៖  សោហ៊ុយចំណាយលើថ្លៃធ្វើដំណើរ ដឹកជញ្ជូន និងស្នាក់នៅ របស់អាជីវករ/ក្រុម ហ៊ុនតាំងបង្ហាញ ដែលពួកគាត់ត្រូវរ៉ាប់រងខ្លួនឯង ខណៈដែលស្តង់ពាណិជ្ជកម្មគឺ ផ្តល់ជូនដោយឥតគិតថ្លៃ។

ការណ៍នេះធ្វើឱ្យសហគ្រាសខ្នាតមីក្រូតូច និងមធ្យម និងអាជីវករដែលពុំមានលទ្ធភាព ខកខានពុំបានចូលរួមផ្សព្វផ្សាយផលិតផលសេវាកម្ម នៅក្នុងកម្មវិធីពិព័រណ៍ធំៗនៅក្រៅប្រទេសជាមួយក្រសួងពាណិជ្ជកម្មបញ្ហាភាសា បញ្ហាការសម្របសម្រួលនានា រួមមានការរៀបចំបែបបទនានា សម្រាប់អាជីវករ/ក្រុមហ៊ុនតាំងបង្ហាញ ដឹកជញ្ជូនផលិតផលទៅតាំងបង្ហាញ ដែល មានលក្ខណៈស្មុគស្មាញ ទៅតាមលក្ខខណ្ឌតម្រូវខុសៗគ្នារបស់ប្រទេសអ្នករៀបចំ ជាដើម។ល។

ទោះបីជាយ៉ាងនេះក្តី ក្រសួងពាណិជ្ជកម្មបានខិតខំចរចា និងពិភាក្សាជាមួយប្រទេសជាដៃគូទទួល រៀបចំពិព័រណ៍ ដើម្បីបង្កើនចំនួនស្តង់ដែលផ្តល់ជូនដោយឥតគិតថ្លៃ ជូនដល់ពាណិជ្ជករ អាជីវករ ផលិតករកម្ពុជា ក្នុងគោលដៅបង្កើនការចូលរួមឱ្យបានកាន់តែច្រើនថែមទៀត។

អ្វីទៅជាឱកាសក្នុងការរៀបចំព្រឹត្តិការណ៍បែបនេះ?

ព្រឹត្តិការណ៍បែបនេះ ផ្តល់ឱកាសដល់ អាជីវករ/អ្នកចូលរួមតាំងបង្ហាញ បានដាក់តាំងលក់ និងបង្ហាញអំពីផលិតផល ឬសេវាកម្មរបស់ខ្លួន ទៅកាន់អ្នកចូលរួមជាច្រើន ក្នុងព្រឹត្តិការណ៍ពិព័រណ៍។ លើសពីការទិញ លក់ទំនិញ និងផ្ដល់និងទទួលសេវាកម្ម គឺបានផ្ដល់ឱកាសក្នុងការជជែកពិភាក្សាពាក់ព័ន្ធនឹង ធុរកិច្ច ដែលនឹងឈានទៅរកការព្រមព្រៀងពាណិជ្ជកម្ម ជាមួយដៃគូ ដែលបានចូលរួមទស្សនាក្នុងព្រឹត្តិការណ៍ពិព័រណ៍នោះ។

តើក្រសួងពាណិជ្ជកម្ម និងស្ថាប័នរបស់រដ្ឋាភិបាល រួមជាមួយនិងវិស័យឯកជន ក្នុងមួយឆ្នាំៗបានរៀបចំបានប៉ុន្មានលើក? មានការទាក់ទាញ និងចូលរួមគាំទ្រកម្រិតបែបណាខ្លះ?

ចាប់តាំងពីឆ្នាំ២០២២ និង២០២៣ រៀបចំបានចំនួន ៥២លើក។ គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម ស្ថាប័នរដ្ឋ និងវិស័យឯកជន (ដែល បានស្នើមកក្រសួងពាណិជ្ជកម្ម) បានរៀបចំចំនួន៤១លើក និងមានការទាក់ទាញ និងចូលរួម គាំទ្រយ៉ាងផុសផុល។

ក្នុងនាមក្រសួងពាណិជ្ជកម្ម មានការលើកចិត្តបែបណាដល់ក្រុមហ៊ុនរៀបចំពិព័រណ៍ពាណិជ្ជកម្ម?

ក្រសួងពាណិជ្ជកម្ម បានសម្រួលនីតិវិធី និងសម្របសម្រួលជាក្រុមហ៊ុន/វិស័យឯកជន ក្នុងការ ស្នើសុំលិខិតអនុញ្ញាតរៀបចំពិព័រណ៍ពាណិជ្ជកម្ម ក្នុងរយៈពេល ៧ថ្ងៃ (ក្នុងករណីឯកសារគ្រប់ គ្រាន់ និងត្រឹមត្រូវ) គិតចាប់ពីកាលបរិច្ឆេទទទួលពាក្យស្នើសុំ។

ជាផែនការការងាររបស់ក្រសួងពាណិជ្ជកម្ម យើងនឹងរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងការស្នើសុំ លិខិតអនុញ្ញាតរៀបចំពិព័រណ៍ និងការចុះឈ្មោះចូលរួមពិព័រណ៍នានាដែលក្រសួងពាណិជ្ជកម្ម ជាអ្នកសម្របសម្រួល ឬរៀបចំ។ ការណ៍នេះ នឹងជួយកាត់បន្ថយពេលវេលា និងសម្រួលដល់ ការបង់កម្រៃសេវាសាធារណៈតាមរយៈប្រព័ន្ធធនាគារ និងតាមប្រព័ន្ធអនឡាញ ដែលមានភាព ងាយស្រួល និងឆាប់រហ័ស៕