ក្រុមហ៊ុជប៉ុនគ្រោងវិនិយោគលើការបង្កើតរោងចក្រអេតាណុលនៅកម្ពុជា
ភ្នំពេញ ៖ ក្រុមហ៊ុន KOJIMAHOLDINGS Co.,Ltd ដែលមានមូលដ្ឋាននៅជប៉ុន បានបង្ហាញពីបំណងចង់វិនិយោគលើការបង្កើតរោងចក្រអេតាណុល( Ethanol) នៅកម្ពុជា ដែលជាការចូលរួមចំណែកដ៏សំខាន់មួយក្នុងការកាត់បន្ថយឧស្ម័នកាបូនិច ជួយដល់បរិស្ថាន និងលើកកម្ពស់ជីវភាពប្រជាជន។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពីថ្មីៗនេះ បានចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយលោក KOJIMA Masanobu អគ្គនាយកក្រុមហ៊ុន KOJIMAHOLDINGS Co.,Ltd នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បើតាមគោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាការងារលើសំណើគម្រោង “Cassava Based-Bio Ethanol Production Plant in Cambodia” ដោយក្រុមហ៊ុនមានបំណងវិនិយោគលើការផលិតសារធាតុអេតាណុល ចេញពីដំឡូងមី តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ទំនើប។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រចំពោះក្រុមហ៊ុនដែលចង់វិនិយោគលើការបង្កើតរោងចក្រអេតាណុល( Ethanol) នៅកម្ពុជា ដែលជាការចូលរួមចំណែកដ៏សំខាន់មួយក្នុងការកាត់បន្ថយឧស្ម័នកាបូនិច ជួយដល់បរិស្ថាន និងលើកកម្ពស់ជីវភាពប្រជាជន។
ឯកឧត្តមបានជំរុញឱ្យគម្រោងនេះ លេចចេញជារូបរាងឡើង ដោយក្រសួងនឹងជួយសម្រួលឱ្យមានការចាប់ដៃសហការក៏ដូចជារកដៃគូវិនិយោគនានា ពោលគឺទាំងទិដ្ឋភាពផ្លូវច្បាប់ បច្ចេកទេស និងនយោបាយ ព្រមទាំងជួយជំរុញឱ្យមានការចូលរួមពីកសិករ អ្នកផលិតដើម្បីផ្គត់ផ្គង់ ឱ្យស្របទៅតាមតម្រូវការរបស់ជប៉ុន។
ដើម្បីឱ្យដំណើរការប្រព្រឹត្តទៅបានរលូន ឯកឧត្តម បានណែនាំថា ក្រុមហ៊ុនត្រូវសិក្សាឱ្យបានច្បាស់លាស់ពីខ្សែច្រវាក់តម្លៃដំឡូងមីនៅកម្ពុជា រួមទាំងថ្លៃដើម ទីតាំងរោងចក្រ និងការដឹកជញ្ជូនជាដើម ដើម្បីមើលឱ្យឃើញពីភាពជោគជ័យ និងមាននិរន្តរភាព។
ឯកឧត្តមបានថ្លែងបន្តថា ចំពោះការដឹកជញ្ជូន ផ្លូវទឹកគឺជាជម្រើសដ៏ល្អបំផុត និងជួយកាត់បន្ថយថ្លៃដើមបានច្រើន។ បន្ថែមលើនេះទៀត ចំណុចសំខាន់ក្នុងការសហការធ្វើការងារជាមួយគ្នា ក្រុមហ៊ុនត្រូវគិតគូរក្នុងការអនុវត្តកសិកម្មតាមកិច្ចសន្យា (Contract Farming) ដើម្បីធានានូវទំនុកចិត្ត ការផលិត ការផ្គត់ផ្គង់ និងតម្លៃ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានបង្ហាញថា សម្រាប់ឆ្នាំ២០២៣ គិតត្រឹមថ្ងៃទី១៤ ខែមីនានេះ កម្ពុជាបាននាំចេញដំឡូងមីស្រស់ចំនួន ១៤៨.៣១០តោន ទៅប្រទេសវៀតណាមនិងថៃ កាកសំណល់ដំឡូងមី ៣៤.៦៦៤តោន និងចំណិតដំឡូងមីក្រៀម ៧៧៨.៥២៨តោន នាំចេញទៅវៀតណាម ថៃ និងចិន និងម្សៅដំឡូងមី ១៣.៤៦៧,៣០តោន នាំចេញទៅប្រទេសចិន ជប៉ុន និងឥណ្ឌា៕