មន្ត្រីជំនាញត្រួតពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F ដើម្បីត្រៀមបើកដំណើការនៅថ្ងៃទី ៩ ខែកញ្ញា

ភ្នំពេញ៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ ដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យនិងប្រជុំវាយតម្លៃលើវឌ្ឍនភាពគម្រោងសាងសង់ និងផែនការត្រៀមបើកដំណើការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F ដំណាក់កាលទីមួយ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥។
លោក បណ្ឌិត ម៉ៅ ហាវណ្ណាល់ បញ្ជាក់ថា ការចុះត្រួតពិនិត្យលើវឌ្ឍនភាពគម្រោងសាងសង់ នាថ្ងៃនេះជាពេលវេលានៃការបិទបញ្ជប់ដំណាក់កាលសាងសង់ និងប្រជុំវាយតម្លៃទៅលើការបើកប្រតិបត្តិការជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។
ក្នុងនោះលោក ម៉ៅ ហាវណ្ណាស់ បានពិនិត្យមើលវឌ្ឍនភាពគម្រោងសាងសង់ វឌ្ឍនភាពការងារវិញ្ញាបនបត្រអាកាសយានដ្ឋាន វឌ្ឍនភាពការរៀបចំដំណើរការអាកាសយានដ្ឋាន វឌ្ឍនភាពការងារប្រព័ន្ធនាំផ្លូវអាកាស ការងារ ORAT PLAN វឌ្ឍនភាពការរៀបចំត្រៀមផ្ទេរប្រតិបត្តិការពី PNH ទៅ KTI និងវឌ្ឍនភាពការងារច្រកទ្វារអន្តរជាតិ ជាដើម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៍ដូចជាថ្នាក់ដឹកនាំនិងសមាជិកគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយការងាររៀបចំប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោ អភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC)និងក្រុមការងារ និងមន្ត្រីបច្ចេកទេសបុគ្គលិកពាក់ព័ន្ធផ្សេងទៀត។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋាន Greenfield ដែលមានផ្ទៃដីសរុប២,៦០០ហិកតា ស្ថិតនៅចម្ងាយ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយនឹងត្រូវបានអភិវឌ្ឍជា៣ដំណាក់កាល។
ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ១.៥ពាន់លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឲ្យធំ និងទំនើបជាងគេ នៅតំបន់អាស៊ី៕